អានតួអត្ថបទ

ប្រេសិតពិសេសអាស៊ានថា ភាពជឿនលឿនតិចតួចនៃវិបត្តិភូមា មិនមែនជាកំហុសរបស់កម្ពុជាឡើយ

ភាពជឿនលឿនបន្តិចបន្តួចនៃវិបត្តិនយោបាយភូមា មិនមែនជាកំហុសរបស់អាស៊ាន ឬកម្ពុជានោះឡើយ។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាន នៅក្នុងរបាយការណ៍របស់ខ្លួន អំពីតួនាទីរបស់ខ្លួន នាអំឡុងពេលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។ ជារបាយការណ៍ដែលធ្វើឡើងបន្ទាប់ពីកម្ពុជាទើបតែបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីសប្តាហ៍កន្លងទៅ និងផ្លាស់វេនបន្តឲ្យឥណ្ឌូនេស៊ី ដើម្បីដោះស្រាយបញ្ហាភូមា។ 

ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ឧត្តមសេនីយ Min Aung Hlaing ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងបេសកជនពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ។
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ឧត្តមសេនីយ Min Aung Hlaing ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងបេសកជនពិសេសអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ។ AP
ផ្សាយពាណិជ្ជកម្ម

ភាពយុត្តិធម៌ និងអព្យាក្រឹតនៃការវាយតម្លៃតួនាទីប្រេសិតពិសេសអាស៊ាន គឺមិនអាចប្រកែកបានដែលលោក ប្រាក់ សុខុន បានសម្រេចនូវលទ្ធផលសំខាន់ៗក្នុងវិបត្តិភូមា ដោយផ្អែកលើកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច។ យ៉ាងណាមិញ លោក ប្រាក់ សុខុន ទទួលស្គាល់ថា ភាពវិជ្ជមាននៃកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមានភាពមិនស្មើគ្នាឡើយ តែទោះជាយ៉ាងណា ក៏មិនបានបង្ហាញថា អាស៊ាន ឬជាពិសេសកម្ពុជាក្នុងនាមជាប្រធាន មិនបានខិតខំក្នុងការដោះស្រាយបញ្ហាភូមានោះដែរ។ នេះបើតាមរបាយការណ៍ចំនួន២០ទំព័រ អំពីការងាររបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសអាស៊ាន ចេញផ្សាយនៅថ្ងៃទី១៧វិច្ឆិកា។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមាចំនួន២លើក លោក ប្រាក់ សុខុន អះអាង តួនាទីជាប្រេសិតពិសេសអាស៊ាន លោកបានចំណាយកម្លាំង ពេលវេលា សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការស្វែងរកសន្តិភាពដែលឈានទៅបញ្ចប់វិបត្តិភូមានាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែឧបសគ្គចម្បងបំផុតក្នុងការបញ្ឈប់អំពើហិង្សា គឺមានតែភាគីភូមាខ្លួនឯងប៉ុណ្ណោះ ដែលរួមទាំងភាគីយោធាផង ដែលអាចចូលតុផ្សះផ្សា រកចំណុចរួមដែលអាចទទួលយកបាន។ តែយ៉ាងណា បើតាមលោក ប្រាក់ សុខុន គឺភាគីទាំងអស់ នៅតែមានជំហរៀងៗខ្លួនដដែល។

ក្នុងតួនាទីជាប្រេសិតពិសេសអាស៊ាន សម្របសម្រួលវិបត្តិភូមា លោក ប្រាក់ សុខុន អះអាងថា​ តួនាទីរបស់លោកបានសម្រេចការងារជាច្រើន ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភូមា និងការជួបតួអង្គនយោបាយនានា លើកលែងតែលោកស្រី អ៊ុងសាន ស៊ូជី។ ក៏ប៉ុន្តែការដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច ហាក់មានភាពទូលាយ ដែលពិបាកដល់ការប្រតិបត្តិការងារ។ បើតាម លោក ប្រាក់ សុខុន គឺរដ្ឋអាស៊ានទាំងអស់ត្រូវតែគាំទ្រគ្នាជាឯកច្ឆ័ន ទើបប្រធានអាស៊ាន និងប្រេសិតពិសេសអាចមានឥទ្ធិពលជួយវិបត្តិភូមា។

នៅចំពោះមុខនៃការបញ្ចប់តួនាទីរបស់ខ្លួន លោក ប្រាក់ សុខុន ថា អាស៊ានត្រូវធ្វើការមួយចំនួនធំបន្តទៀត ដោយត្រូវដាក់ចេញនៅគម្រោងសកម្មភាពជាក់ស្តែង និងពេលវេលាជាក់លាក់ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច។ សម្រាប់លោក ប្រាក់ សុខុន ការធ្វើដូចនេះ គឺដើម្បីឲ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ អាចវាស់វែងពីការវិវត្តន៍នៅក្នុងប្រទេសភូមា។ ហើយម្យ៉ាងវិញទៀត តួនាទីរបស់ប្រេសិតពិសេសអាស៊ាន ក៏គួរតែត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់បន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងទាំង៥ចំណុច។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាន បានធ្វើដំណើរទស្សនកិច្ចរបស់ខ្លួនចំនួន២លើកទៅកាន់ភូមា នាអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ យ៉ាងណាសម្រាប់ដំណើរទស្សនកិច្ចជាលើកទី៣ គឺភាគីកម្ពុជា តាមរយៈលោក ហ៊ុន សែន ក្នុងនាមជាប្រធាននៅឆ្នាំនេះ លើកឡើងថា ត្រូវរង់ចាំមើលប្រតិកម្មរបស់ភាគីភូមា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញទើបតែបញ្ចប់ ហើយផ្លាស់វេនបន្តទៅឲ្យឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ