អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

AFD ផ្ដល់​ជំនួយ​ឥតសំណង​ប្រមាណ ​២លានដុល្លារ​ សម្រាប់​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ទេសចរណ៍

ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍(AFD)​ បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ ២លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​ក្នុង​វិស័យទេសចរណ៍។ ​AFD ​ក៏បាន​ផ្ដល់​កម្ចី​ហិរញ្ញប្បទាន​ ប្រមាណ១២​ លាន​ដុល្លារ​ ដល់គម្រោង​សាងសង់​សាលាវិជ្ជាជីវៈ​ទេសចរណ៍​គឺ​នៅភ្នំពេញ​ និង​ខេត្តព្រះសីហនុ។​ នេះបើតាម​ក្រសួង​ទេសចរណ៍​នៅក្រោយ​ជំនួបជាមួយ​ AFD​ កាលពីថ្ងៃ​ទី១៧ វិច្ឆិកា។​

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍។
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍។ © FB/MOT
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ឬស្មើនឹងប្រមាណ ២លានដុល្លារអាមេរិក ដែលមានគោលដៅពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ បន្ទាប់ពីកម្ពុជាទទួលផលប៉ះពាល់ក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ AFD ក៏បានផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន ១១លានអឺរ៉ូ ឬប្រហែល ១២លានដុល្លាអាមេរិក ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួនពីរ នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ។ 

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅក្នុងជំនួបជាមួយ AFD ថា ការវិនិយោគលើការបង្កើតសាលាជាតិវិជ្ជាជីវៈទាំង២នេះ ចំណាយថវិកាសរុបប្រមាណ២៦,៥លានដុល្លាអាមេរិក។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ថវិកានេះប្រមាណ១២លានដុល្លារអាមេរិក បានពីកម្ចីហិរញ្ញប្បទានឥណទានរបស់ AFD និងប្រមាណជាង ១៤លានដុល្លារទៀតជាថវិកាជាតិរបស់កម្ពុជា។

បើតាមក្រសួងទេសចរណ៍ ការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍គ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះ លោកស្រី Boucher Sandrine នាយិកាAFD ជឿជាក់ថាវិស័យទេសចរណ៍កម្ពុជានឹងងើបឡើងយ៉ាងឆាប់រហ័ស ដោយលោកស្រីមើលឃើញពីសក្តានុពលសម្រាប់ការអភិវឌ្ឍន៍។ នាយិកាAFD ដែលទើបត្រូវបានតែងតាំងថ្មីរូបនេះបានកោតសរសើរកម្ពុជាថា មានទាំងធនធានវប្បធម៌ បេតិកភ័ណ្ឌពិភពលោកទាំងរូបី អរូបីទាក់ទាញ ធនធានធម្មជាតិសម្បូរបែប ហើយប្រជាជនមានភាពរស់រាយរាក់ទាក់ និងមានបដិសណ្ឋារកិច្ចល្អ។

លោកស្រីនាយិការបន្ដថា AFD នឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដូចជាការបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ។ លោកស្រីក៏បានឱ្យដឹងថា AFD អាចនឹងបន្តជួយក្នុងការបង្កើតសាលាជាតិបន្ថែមនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀតនៅកម្ពុជា។

គួរជម្រាបជូនថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន២០ម៉ឺននាក់ កើនឡើង៨៦១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ