អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជាដករដ្ឋមន្ត្រីការពារជាតិភូមា​មិនឱ្យចូលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន  សម្រេចដករដ្ឋមន្ត្រីការពារជាតិភូមាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានដែល​កំពុង​ធ្វើ​នៅ​ខេត្ត​សៀមរាបនៅថ្ងៃនេះទេ ដោយផ្អែកលើហេតុថា ភូមាមិនបានអនុវត្តនូវគំនិតផ្តួចផ្តើមសន្តិភាពក្នុងតំបន់ឱ្យមានវឌ្ឍនភាពល្អ និងមិនបានស្វែងរកសន្តិភាពដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេស។ បើតាមភាគីកម្ពុជា ​ការដកសិទ្ធិចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមានាពេលនេះ ធ្វើឡើងក្រោយមានការសម្រេចពីបណ្តាសមាជិកអាស៊ានមួយចំនួន។​ 

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ © FB
ផ្សាយពាណិជ្ជកម្ម

នេះជាលើកទី១ ដែលលោកនាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមាត្រូវបានផាត់ចេញពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លង លោកនាយឧត្តមសេនីយ៍ យ៉ា ទុន អូ ធ្លាប់បានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បើទោះបីប្រទេសនេះនៅមិនទាន់មានវឌ្ឍនភាពល្អជុំវិញការស្តារស្ថានភាពវិបត្តិនយោបាយឱ្យស្របទៅតាមសេចក្តីសម្រេចជាឯកច្ឆ័នទាំង៥ចំណុចដែលមេដឹកនាំអាស៊ានបានដាក់ចេញកាលពីឆ្នាំ២០២១។

ពាក់ព័ន្ធនឹងការផាត់រដ្ឋមន្ត្រីការពារជាតិភូមាចេញពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលនេះ​ ត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចាត់ទុកថា នេះគឺជាកំហុសរបស់មេដឹកនាំនៃរបបសឹកភូមា ដែលមិនបានអនុលោមទៅតាមសេចក្តីសម្រេចជាឯកច្ឆ័នទាំង៥ចំណុចរបស់អាស៊ាន។

លោកបណ្ឌិត គិន ភា យល់ថា ទោះបីគ្មានវត្តមាននៃរដ្ឋមន្ត្រីការពារជាតិរបស់ភូមា ប៉ុន្តែរាល់ការសម្រេចចិត្ត និងដំណោះស្រាយជុំវិញបញ្ហាសន្តិសុខក្នុងតំបន់នៅតែអាចរកច្រកចេញបានពីបណ្តាសមាជិកទាំង៩ផ្សេងទៀត។

បើតាមអ្នកវិភាគនយោបាយរូបនេះ កម្ពុជាក៏ធ្លាប់អញ្ចើញលោក Zaw Zaw Soe ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិភូមា និងជាអគ្គនាយករងនៃនាយកដ្ឋានកិច្ចការអន្តរជាតិឱ្យចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ ដូច្នេះអាស៊ានមិនបានទុកភូមាឱ្យនៅឯកាឡើយ។ 

កាលពីថ្ងៃទី២២ ខែមិថុនា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី១៦ ដែលមានវត្តមានរបស់លោកនាយឧត្តមសេនីយ៍ យ៉ា ទុន អូ ចូលរួម។ ប៉ុន្តែក្រោមវត្តមានរបស់លោក ក្រុមសកម្មជន និងការពារសិទ្ធិមនុស្សចំនួន៦៧៧ស្ថាប័ន បានស្នើឱ្យកម្ពុជាពិចារណាលើការចូលរួមរបស់លោក ប៉ុន្តែត្រូវបានកម្ពុជាទាត់ចោលទៅវិញ​។ ក្នុងសំណើរនោះ ក្រុមសកម្មជនការពារសិទ្ធិមនុស្សបានអះអាងថា លោកនាយឧត្តមសេនីយ៍ យ៉ា ទុន អូ គឺជាមេឧកិ្រដ្ឋកម្មដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់ភូមា។  

ចំណែកការដករដ្ឋមន្ត្រីការពារជាតិភូមាពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺដោយសារតែពុំមានវឌ្ឍនភាពក្នុងការស្វែងរកសន្តិភាពដែលឈានទៅដល់ការបញ្ចប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន។

សូមជម្រាបថា កិច្ចប្រជុំដែលកំពុងធ្វើឡើងនៅក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២នេះ គឺមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត​។ ចំណែកប្រទេសដែលអញ្ចើញចូលរួមក្នុងប្រជុំជាមួយប្រទេសជាសមាជិកអាស៊ានមានចំនួន៨ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ