អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖ បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនពិបាកស្រាវជ្រាវ បើមានមន្រ្តីពាក់ព័ន្ធ

លោក ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ថា ​បទ​ល្មើស​គ្រឿងញៀន​ បញ្ហា​ជួញដូរ​មនុស្ស​ និង​បទល្មើស​ផ្សេងៗទៀត ​បើគ្មាន​មន្រ្តី​ជាប់ពាក់ព័ន្ធទេ​ បញ្ហាទាំងនេះ​គឺងាយ​ស្រួល​ដោះស្រាយ​បំផុត​។ លោក ស ខេង​ បាន​ត្អូញត្អែរ​ថា ​ពិបាក​ស្រាវជ្រាវ​ណាស់ ​បើមាន​មន្រ្តី​ជាប់ពាក់ព័ន្ធ​ ព្រោះ​បើ​មាន​ជាប់ពាក់ព័ន្ធ​ ការ​ដោះស្រាយ ​គឺផ្អែក​តាម​អារម្មណ៍​ មិន​បាន​ផ្អែក​តាម​គោល​ការណ៍​ច្បាប់​នោះទេ។​

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១វិច្ឆិកា លោក ស ខេង បានលើកឡើងថា ឧក្រិដកម្មឆ្លងដែន និងបញ្ហាជួញដូរមនុស្ស ពួកឧក្រិដជន និងមេ​ខ្លោងបានយកកម្ពុជា ជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសទាំងនេះ។ លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាកន្លែងក្រុមឧក្រិដជនបានកាច់សំបុកនៅទីនោះ ប្រព្រឹត្តបទល្មើសជួញដូរមនុស្ស តែឥលូវត្រូវបានបង្រ្កាប ដោយមេខ្លោងខ្លះរត់ចេញពីខេត្តព្រះសីហនុ ទៅសម្ងំនៅតាមខេត្តផ្សេងៗដើម្បីប្រព្រឹត្តបទល្មើស​តទៅទៀត។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានថា នៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ក៏ជាគោលដៅនៃក្រុមពួកឧក្រិដជន ប្រព្រឹត្តបទល្មើសជួយដូរមនុស្សដែរ ដូច្នេះបើមិនបង្រ្កាបចាប់ពីឥលូវទេ នៅព្រំដែនថ្មដា ខេត្តពោធិ៍​សាត់ នឹងក្លាយជាកន្លែងរបស់ក្រុមឧក្រិដ្ឋជនកាច់សំបុក ប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ដូចខេត្ត​ព្រះសីហនុដែរ។ ជាមួយគ្នា លោក ស ខេង ក៏បានអំពាវនាវកុំឲ្យមន្រ្តីជាប់ពាក់ព័ន្ធក្នុងរឿងនេះឲ្យសោះ​។ លោកថាបើមានមន្រ្តីជាប់​ពាក់ព័ន្ធ ពិបាកស្រាវជ្រាវណាស់ តែបើមន្រ្តីមិនជាប់ពាក់ព័ន្ធទេ បញ្ហានេះនឹងងាយស្រួលដោះស្រាយជាទីបំផុត។

យ៉ាងណាក៏ដោយពាក់ព័ន្ធបញ្ហាអំពើជួញដូរមនុស្ស និងឧក្រិដកម្មឆ្លងដែន ដែលក្រុមឧក្រិដជនអាចប្រព្រឹត្តនៅកម្ពុជាបាន ត្រូវសង្គមស៊ីវិល និងអ្នកឃ្លាំមើលលើកឡើងថា ករណីនេះ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការអនុវត្តច្បាប់របស់កម្ពុជា។ ពួកគេបានផ្ដល់យោបល់ថា ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ ដូចជាការរឹតបន្តឹងតាមព្រំដែនចំពោះជនបរទេសដែលចូលមកកម្ពុជា និងមានកិច្ចសហការជាមួយបណ្ដាប្រទេសជាដៃគូជាដើម។

សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាជួញដូរមនុស្សនេះ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក បង្ហាញថា កម្ពុជាបានធ្លាក់ទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្សប្រចាំឆ្នាំ២០២២។ ក្រោយពីអាមេរិកចេញរបាយការណ៍ទម្លាក់កម្ពុជាទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្ស រដ្ឋាភិបាល​តាមរយៈក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានចេញប្រតិបត្តិការបង្រ្កាប ដោយបានចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធមួយចំនួន ហើយជួយសង្រ្គោះមនុស្សបានជាច្រើននាក់ពីការជួញដូរនេះ ខណៈប្រតិបត្តិនេះបានចាប់ផ្ដើមធ្វើនៅខេត្តព្រះសីហនុ និងខេត្តដទៃទៀតជាបន្តបន្ទាប់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ