អានតួអត្ថបទ
កម្ពុជា-អាស៊ាន

AIPA បញ្ចប់ដោយការរួមគ្នាជម្រុញភូមាឱ្យអនុវត្តក្រមប្រតិបត្តិ ៥ចំណុចរបស់អាស៊ាន

មហាសន្និបាត​អន្តរសភាអាស៊ាន​ ហៅកាត់ថា AIPA​ លើកទី ៤៣ ​បាន​បញ្ចប់​ហើយ ដោយ​គ្រប់​ភាគី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ បាន​លើក​ការ​ពិភាក្សា​ដោយ​ បន្ត​ជម្រុញឱ្យ​មានការ​អនុវត្ត​ក្រមប្រតិបត្តិ​ ៥ចំណុច​របស់​អាស៊ាន ​ចំពោះ​ដំណោះស្រាយ​នៅភូមា។ ​ជាមួយគ្នា​ មហាសន្និបាត​ដែល​ធ្វើឡើង​នៅទីក្រុង​ភ្នំពេញ ​ពីថ្ងៃទី ២០ ​ដល់​ថ្ងៃទី ២៥ខែ​វិច្ឆិកា​នេះ ​ក៏មានការ​រៀបចំ​កិច្ចប្រជុំ​សំខាន់ៗ​ ដើម្បី​បង្កើត​ការ​ទូតសភា​សន្តិភាព​ផងដែរ។​

មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី ៤៣
មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី ៤៣ © FB
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ភូមា នៅតែជាបច្ចុប្បន្ន​ដែល​គ្រប់ភាគី​ចូលរួម​ក្នុង​មហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី ៤៣ យក​មក​ពិភាក្សាគ្នា ក្រោម​មូល​បទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់​របស់អាស៊ាន»។​ ការពិភាក្សានេះ បាន​ញុំាងឲ្យ​កិច្ចប្រជុំ​បានអនុម័ត ដាក់បញ្ចូល​សេចក្តីសម្រេចចិត្ត​បន្ទាន់​ដែលស្នើដោយ​ឥណ្ឌូនេស៊ី ស្តីពីការជម្រុញឱ្យ​មាន​ការអនុវត្ត​ក្រម​ប្រតិបត្តិ ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយ​នៅភូមា ទៅក្នុងរបៀបវារៈនៃគណៈកម្មាធិការនយោបាយ ទោះបីសភាភូមា មិនបានចូលរួម​ក្នុងមហាសន្និបាតនេះក៏ដោយ​។

ក្រៅពីនេះ ក្រោយ​កិច្ចប្រជុំ ភាគីទាំងអស់​ បាន​ឯកភាពគ្នា ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម​ឡើងវិញ ឱ្យ​កាន់តែមានភាពបើកចំហ និងផ្អែក​លើ​ច្បាប់។ ហើយ​មហាសន្និបាតលើកនេះ ក៏បាន​អនុម័ត​ប្រគល់​តំណែងប្រធានអាយប៉ាលើកទី ៤៤ ដល់សភាឥណ្ឌូនេស៊ី ចាប់ពីពេលនេះ ខណៈមហាសន្និបាតលើកក្រោយ នឹងធ្វើនៅខែសីហា ឆ្នាំ ២០២៣។​

នៅក្នុង​សន្និសីទកាសែតបញ្ចប់​មហាសន្តិបាតអន្តរសភា អាយប៉ា នាថ្ងៃទី ២៤ខែវិច្ឆិកា លោក​​ សួស  យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ ឃោសនា និងព័ត៌មាននៃរដ្ឋសភាជាតិកម្ពុជា បានលើកឡើងថា ការរៀបចំមហាសន្តិបាតអន្តរសភានេះ គឺដើម្បីបង្កើតការទូតសភាសន្តិភាព ខណៈ​សន្ទុះនៃការប្រកួតប្រជែងក្នុងភូមិសាស្ត្រនយោបាយ កំពុងកើតមានខ្លាំង។ ដូច្នេះហើយ ទើប​ការទូតសភា មាន​ភាពចាំបាច់​ក្នុងទំនាក់ទំនង ជាមួយកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋ នៃប្រមុខរដ្ឋាភិបាលប្រទេស​អាស៊ាន ដើម្បីបំពេញគ្នាទៅវិញ ទៅមក។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា លើកទី ៤៣មាន​តែប្រទេសអាស៊ានចំនួន ៨ក្នុងចំណោម ១០ប៉ុណ្ណោះចូលរួម។ ភាគីអវត្តមាន គឺម៉ាឡេស៊ី និងភូមា ដោយ​ហេតុផល​គឺភូមា មិនមាន​នីតិ​សម្បទា សម្រាប់ការចូលរួម​ក្នុងមហាសន្និបាត ខណៈសភាម៉ាឡេស៊ី កំពុងស្ថិតក្នុងដំណើរការបោះឆ្នោតរៀបចំសភាអណត្តិថ្មី។ ​ប៉ុន្តែក្រៅពីអាស៊ាន មហាសន្និបាតក៏មានការ​ចូលរួម​ពីសភាសង្កេតការណ៍របស់សភា ៤ប្រទេស ព្រមទាំងបណ្តាសភាមិនចូលបក្សសម្ព័ន្ធ និងសភាសហគមន៍អឺរុប ដែលជាសរុប​មាន​ប្រតិភូប្រមាណជាង ៤០០នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ