អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជាដាក់ផែនការនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ និង ១លានតោននៅឆ្នាំ២០២៥

សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ដាក់​ផែនការ​នាំចេញ​អង្ករ​ឱ្យ​បាន​ ៧៥ម៉ឺន​តោន​នៅ​ឆ្នាំ២០២៣​ និង១លាន​តោន​នៅ​ឆ្នាំ២០២៥។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ ក្រោយ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ២០២២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២៣​ កាល​ពី​ថ្ងៃទី២៣​ វិច្ឆិកា។​ សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​មើល​ឃើញ​ថា ​ផែនការ​នេះ​អាច​សម្រច​ទៅ​បាន​លុះត្រា​តែ​មាន​ការ​ចូល​រួម​អនុវត្ត​ពី​កសិករ។​

កម្មវិធីបិទពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤
កម្មវិធីបិទពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤ © FB
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវផែនការគោលសម្រាប់ឆ្នាំ២០២៣-២០២៥ ជំរុញការនាំចេញដោយរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារគោលដៅស្របតាមប្រភេទពូជស្រូវ និង អង្ករ។  ក្នុងផែនការនាំចេញនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់បរិមាណនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅឆ្នាំ២០២៣ និង១លានតោនៅឆ្នាំ២០២៥។  ក្នុងផែនការបានកំណត់ឱ្យការនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONS ORIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា(CCFC) បានលើកឡើងថា ផែនការនាំចេញអង្ករនេះអាចសម្រេចទៅបាន លុះត្រាតែមានការជជែកពិភាក្សា និងរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ និងមានការចូលរួមពីកសិករនិងប្រជាពលរដ្ឋ។ លោកបន្ដថា ផែនការនេះអាចនឹងបរាជ័យ ប្រសិនបើប្រជាពលរដ្ឋមិនបានយល់ដឹងពីយុទ្ធសាស្ត្រនៃនាំចេញឱ្យបានច្បាស់លាស់។

យ៉ាងណាមិញ ក្នុងផែនការគោលសម្រាប់ឆ្នាំ២០២៣-២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បាន ដាក់ផែនការពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏មានផែនការជំរុញផលិតកម្មពូជស្រូវ ដោយបន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម ដើម្បីជំរុញការផលិត និងចែកចាយពូជស្រូវដល់កសិករ និងធ្វើកិច្ចសន្យាកសិកម្មសម្រាប់ធានាបាននូវតម្លៃស្រូវផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មានដដែល សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ផែនការការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយរៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែម សម្រាប់ស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ទីផ្សារ និងទិន្នផល។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់ឥណទានចំនួន ១៦១លានដុល្លារសហរដ្ឋអាមរិក សម្រាប់ការសាងសង់ឃ្លាំង ឡសម្ងួតស្រូវ និងឥណទានជាទុនបង្វិលក្នុងការទិញស្រូវ។ ហើយថ្មីៗនេះ រដ្ឋាភិបាលក៏បានបន្ថែមថវិកាចំនួន ១០លានដុល្លារអាមេរិក សម្រាប់អន្តរាគមន៍ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃសមស្រប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ