អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ក្រុមអង្គការសង្គមស៊ីវិលស្នើក្រសួងកសិកម្មដោះស្រាយបញ្ហាព្រៃឈើ

ក្រុម​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ នៅថ្ងៃទី២៨​ ខែវិច្ឆិកា​នេះ ​បាន​ស្នើទៅក្រសួងកសិកម្មចំនួន ៦ ចំណុច ដើម្បីជំរុញឱ្យការពារព្រៃឈើ ជលផល និងគ្រប់គ្រងដីសម្បទានសេដ្ធកិច្ច។ នេះបើតាមលិខិតចំហមួយទៅកាន់ក្រសួងកសិកម្ម។ ការស្នើនេះធ្វើឡើងបន្ទាប់ពីមានមានបញ្ហាកាប់ព្រៃឈើ បញ្ហាគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ការប្រមាញ់ និងការជួញដូរសត្វព្រៃជាដើម ខណៈដែលក្រសួងកំពុងដោះស្រាយបញ្ហាកសិកម្ម។

សកម្មភាពកាប់បំផ្លាញព្រៃឈើ
សកម្មភាពកាប់បំផ្លាញព្រៃឈើ © Internet
ផ្សាយពាណិជ្ជកម្ម

សមាគមអង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន បានស្នើឱ្យក្រសួងកសិកម្មពង្រឹង ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានយុត្តិធម៌ពេញលេញ ក្នុងការទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃលិចទឹក ការនេសាទ ការប្រមាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ នេះបើតាមលិខិតចំហមួយទៅកាន់ក្រសួងកសិកម្ម។

ក្រុមសមាគមនិងអង្គការសង្គមស៊ីវិលនេះក៏បានស្នើឱ្យមានការត្រួតពិនិត្យទីផ្សារ និងភោជនីយដ្ឋានដែលពាក់ព័ន្ធនឹងការជួញដូរ ឬលក់សាច់សត្វខុសច្បាប់ ព្រមទាំងស្នើឱ្យមានការស៊ើបអង្កេតពីការរត់ពន្ធឈើខុសច្បាប់។

បើតាមលិខិតដដែល ពួកគេបានស្នើសុំឱ្យមានការត្រួតពិនិត្យ វាយតម្លៃបណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅជុំវិញតំបន់ការពារធម្មជាតិ។ ពួកគេស្នើឱ្យរដ្ឋាភិបាល ពន្លឿនការផ្ដល់ដំណោះស្រាយ ឬត្រូវធ្វើការដកកិច្ចព្រមព្រៀង និងអាជ្ញាប័ណ្ណ ក្នុងករណីរកឃើញមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចណាមួយជាប់ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញ ដឹកជញ្ជូន និងការជួញដូរឈើខុសច្បាប់ ចេញពីតំបន់ការពារធម្មជាតិទាំងនោះ។

ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ចង់ឱ្យមានការធ្វើអធិការកិច្ចលើមន្ត្រីដែលមានភារកិច្ចនៅតាមគោលដៅដែលមានបទល្មើសព្រៃឈើ នេសាទ និងការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ កន្លងមក ឱ្យទទួលខុសត្រូវ លើភាពធ្វេសប្រហែសនៃការបំពេញមុខងារសាធារណៈរបស់ខ្លួន។

បន្ថែមពីនេះ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋានត្រូវការការគាំទ្រទាំងធនធាន ហិរញ្ញវត្ថុបន្ថែម និងបច្ចេកទេស ដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ ជលផល និងសត្វព្រៃជាទៀតទាត់យ៉ាងសកម្ម។

គួរជម្រាបជូនថា ក្នុងរយៈពេល២០ឆ្នាំចុង ក្រោយនេះ កម្ពុជាបាត់បង់គម្របព្រៃឈើប្រមាណ ១១,៧៤% ខណៈមានការរកឃើញមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញ និងធ្វើអាជីវកម្មឈើខុសច្បាប់។ នេះបើតាមការលើកឡើងរបស់ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។ គម្រប់ព្រៃឈើបានធ្លាក់ចុះពី ៥៨,៦% នៅឆ្នាំ១៩៩៦ មកត្រឹមតែ ៤៦,៨៦% នៅត្រឹមឆ្នាំ ២០១៨។ ក្រសួងកសិកម្មមិនទាន់មានការធ្វើអត្ថាធិបាយយ៉ាងណានៅឡើយទេជុំវិញសំណើរនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ