អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ​យ៉ង សាំង​កុមារ​ ត្រូវ​ការ​ពេល​៥ឆ្នាំ​ដើម្បី​ជួយ​កសិករ​ជាង​១​លាន​គ្រួសារ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង

ក្រោយ​ពី​មាន​លិខិត​ប្រកាស​ចុះចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក ​យ៉ង ​សាំង​កុមារ​ អតីត​ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យមូលដ្ឋាន​ បាន​លើក​គម្រោង​ថ្មី​មួយ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​កសិករ។​ គម្រោង​ថ្មី​របស់​បណ្ឌិត​កសិកម្ម​រូបនេះ​ គឺ​ប្រើ​ពេល​៥​​ឆ្នាំ ​ដើម្បី​ជួយ​គ្រួសារ​កសិករ​ខ្មែរ​ជាង​១​លាន​គ្រួសារ​ឲ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង​។​

ដំណាំស្រូវ
ដំណាំស្រូវ © Internet
ផ្សាយពាណិជ្ជកម្ម

ដោយទទួលស្គាល់ថា កសិករខ្មែរដែលភាគច្រើនបំផុតជាកសិករអ្នកធ្វើស្រែកំពុងជួបការលំបាកដែលបញ្ហានេះនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិទាំងមូល លោកយ៉ង សាំង​កុមារ អះអាងថា បញ្ហានេះត្រូវការសហការគ្នាដើម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល។

ការ​លើកឡើងនេះ ​គឺជាការ​ប្រកាស​បញ្ជាក់ថា លោកបាន​ទៅ​ចូលរួមជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា​កំពុង​កាន់អំណាច។

អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំង​កុមារ លើកជាសំណើរចំនួន១២ ចំណុចដែលត្រូវពិភាក្សា និងទទួលឯកភាពជាផ្លូវការពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផលិតកម្ម និងទីផ្សារស្រូវអង្ករ ដែលនេះគឺជាអ្វី​ដែលលោកបញ្ជាក់ថាជាមូលហេតុ​ដែលលោកសម្រេចចិត្តចូលរួមជាមួយរដ្ឋាភិបាលធ្វើកិច្ចការនេះ។

បើតាម​បណ្ឌិត​ផ្នែក​កសិកម្ម​រូបនេះ ការអនុវត្តសំណើទាំង១២  ចំណុចនេះបានជោគជ័យគឺអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង ១លានគ្រួសារបានល្អប្រសើរ។

នៅក្រោមគម្រោង«សង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា» លោក យ៉ង សាំងកុមារ​លើកឡើងថា កសិករមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ ខណៈរោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ប៉ុន្តែ​ដើម្បីអន្តរាគមន៍លើ​គម្រោងលោក​លើកឡើងថា ត្រូវពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អ ដល់កសិករ។ បណ្ដុះបណ្ដាលដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល។ រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ។ រៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ។ រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ CRF។ ធ្វើកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ។ កំណត់ស្តង់ដារត្រួតពិនិត្យ និងបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ។ ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករជាដើម។

សូមបញ្ជាក់ថា ការ​បង្កើត​គម្រោង​នេះ​ គឺបន្ទាប់ពីលោក យ៉ង សាំងកុមារ និង​លោក ឡឹក សុធា ជាមន្ត្រីជាន់​ខ្ពស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បាន​ដាក់លិខិត​ពីរ​ដោយ​ឡែក​ពីគ្នានៅថ្ងៃទី២៣​វិច្ឆិកា សុំ​ចូលរួមជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ផ្ទាល់មាត់​កុំឲ្យ​អ្នគាំទ្រគណបក្សនេះ​មានការ​ជ្រួលប្រចល់ ដោយ​បញ្ជាក់​ថា ការ​ចាក​ចេញ​របស់មន្ត្រី​ជាន់ខ្ពស់​ទាំងនេះ គឺដើម្បី​ទៅជួយវិស័យ​កសិកម្ម​ដូចអ្វី​ដែល​គណបក្ស​បានដាក់​លិខិត​សុំ​ជួប​រដ្ឋមន្ត្រី​កសិកម្ម​ នៅថ្ងៃទី១៨​វិច្ឆិកា​២០២២នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ