អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ្នក​វិភាគថា​ ប្រេសិត​ពិសេស​អាស៊ាន​ទំនង​ជាមិន​ទៅភូមាទៀតទេ​ ក្រោយ​ស្ថានភាព​វិវត្តន៍​កាន់​តែ​ធ្ងន់​ជាងមុន

គម្រោង​ទស្សនកិច្ច​ជាលើកទី៣​របស់​ប្រេសិត​ពិសេស​អាស៊ាន​ទៅកាន់​ភូមា​នាចុង​ឆ្នាំនេះ ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ និង​មិនទាន់​ច្បាស់ការ​។​ ក្នុង​នោះ ​អ្នកវិភាគ​ផ្នែក​នយោបាយ​មក​ពីរាជ​បណ្ឌិត​សភា​កម្ពុជា​ក៏មិន​រំពឹងថា ​កម្ពុជា​នឹង​បញ្ចូន​ប្រេសិត​ពិសេស​ទៅ ​ភូមា​នាចុង​ខែធ្នូ​នេះដែរ​ ក៏ព្រោះ​មើល​ឃើញ​ថា ​ស្ថានភាព​វិបត្តិ​នយោបាយ​នៅប្រទេស​ដែល​ដឹក​នាំ​ដោយ​របប​សឹក​មួយ​នេះ​មិន​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ដែល​អាស៊ាន​បាន​ខិតខំ​ដោះស្រាយ​តាម​កិច្ច​ព្រម​ព្រៀង​ជាឯកច្ឆន្ទ​ទាំង​៥​ចំណុច។​

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ © FB
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលជិតផុតអាណត្តិទំនងជាមិនបញ្ចូលលោក ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ានទៅកាន់ប្រទេសភូមានាចុងឆ្នាំនេះទេ ព្រោះដោយហេតុថា វិបត្តិនយោបាយដ៏រុំាំរ៉ៃនៅក្នុងប្រទេសមួយនេះរឹតតែធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរជាងមុន ហើយកម្ពុជាក៏មិនឃើញមានការវិវត្តន៍ឱ្យល្អប្រសើរស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងបណ្តាសមាជិកផ្សេងទៀត។​

លោកបណ្ឌិតបន្តលើកឡើងហេតុផលមួយទៀតដែលប្រេសិតពិសេសអាស៊ានអាចនឹងមិនធ្វើដំណើរទស្សនកិច្ចទៅភូមា នោះគឺការកាត់ទោសប្រហារជីវិតដល់និសិត្សចំនួន៧នាក់នាពេលថ្មីនេះ​ ហើយនេះអាចជាហេតុផលចម្បងដែលបង្អាក់ការសម្រេចចិត្តរបស់ប្រធានអាស៊ាន។

តែយ៉ាងណា អ្នកវិភាគភូមិសាស្ត្រនយោបាយរូបនេះ​យល់ថា ការមិនទៅភូមាជាលើកចុងក្រោយរបស់ប្រេសិតពិសេសអាស៊ាន មិនមែនឆ្លុះបញ្ចាំងថា កម្ពុជាបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ ផ្ទុយទៅវិញ កម្ពុជានឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងការជួយភូមាឱ្យស្វែងរកពន្លឺនៃការចរចារគ្នា ហើយកម្ពុជានៅតែគោរពតាមគោលការណ៍និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ានដដែល។ ហើយបើទោះបីប្រេសិតពិសេសអាស៊ានអញ្ជើញទៅមែនពិត ក៏លោកអ្នកវិភាគរូបនេះមិនរំពឹងថា ប្រេសិតពិសេសអាចជួបជាមួយលោកស្រី អ៊ុង សានស៊ូជី និងអ្នកទោសនយោបាយផ្សេងៗទៀតដែរ។ 

កាលពីថ្ងៃទី១៧ វិច្ឆិកា ប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍អបអរដល់ការដោះលែងអ្នកទោសទ្រង់ទាយធំដោយក្រុមប្រឹក្សារដ្ឋបាលនៃប្រទេសភូមា។ ក្នុងសេចក្តីថ្លែងការណ៍នោះ ប្រធានអាស៊ានបានបញ្ជាក់ថា ប្រេសិតពិសេសអាស៊ាននឹងធ្វើដំណើរទស្សនកិច្ចជាលើកទី៣ទៅកាន់ភូមាដូចដែលបានគ្រោងទុក ដើម្បីធ្វើយ៉ាងណាជួយឱ្យភូមាវិលទៅរកភាពប្រក្រតី និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែជាថ្មីម្តងទៀត គិតមកទល់ពេលនេះប្រធានអាស៊ាននៅមិនទាន់បានបញ្ជាក់ជាផ្លូវការថា នឹងបញ្ចូលប្រេសិតពិសេសអាស៊ានទៅជួបជាមួយមេដឹកនាំរបបសឹកនាពេលណាជាក់លាក់នោះទេ ខណៈអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជាគៀកដល់កំណត់ដែលត្រូវផ្លាស់ប្តូរទៅហើយ។

ទោះយ៉ាងណាក៏ដោយ សម្រាប់អាស៊ាន ប្រសិនបើរបបសឹកមិនអនុវត្តអ្វីបានផ្លែផ្កានោះទេ នោះភូមាក៏នឹងត្រូវផាត់ចេញពីកិច្ចប្រជុំកំពូលនានា ហើយអាស៊ាននឹងបន្តរក្សាទម្រង់បែបនេះ រហូតដល់របបសឹកអនុវត្តតាមកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុច៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ