អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រយៈ​ពេល១១​ខែកម្ពុជា​នាំចេញ​អង្ករ​ទៅអឺរ៉ុប​កើន​ឡើង ​តែនាំ​ចេញ​ទៅ​ចិន​ធ្លាក់​ចុះ​បន្តិច

រយៈពេល​១១ខែ​ឆ្នាំ២០២២​នេះ ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅលក់​លើទីផ្សារ​អន្តរជាតិ​បាន​ជិត​ ៥៦ម៉ឺនតោន​ កើន​ឡើង​ជាង ​៥% ​បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំមុន។​ ក្នុង​នោះ​អង្ករ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ់ុប​ និង​តំបន់​អាស៊ាន​មាន​កើន​ឡើង​ ខណៈ​ការ​នាំចេញ​ទៅ​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះបន្តិច​ បើធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ២០២១។​

អង្ករកម្ពុជា
អង្ករកម្ពុជា REUTERS - SAMRANG PRING
ផ្សាយពាណិជ្ជកម្ម

ចំណែកការនាំចេញទៅចិនមានធ្លាក់ចុះ ត្រូវបានឧកញ៉ា ចាន់ សុឃាំង ពន្យល់ថា ដោយសារប្រទេសចិន មាន​ការបញ្ជាទិញអង្ករកម្ពុជាមានការយ៉ឺតយ៉ាវបន្តិចនៅក្នុងខែ១១នេះ និងដោយសារអាត្រាប្ដូរប្រាក់នៅប្រទេសចិនមានការធ្លាក់ចុះ ក៏ដូចជាប្រទេសចិនមានការរៀបចំប្រទេសឡើងវិញក្រោយវិបត្តិកូវីដ១៩ជាដើម ដែលជាមូលហេតុធ្វើឲ្យការនាំចេញអង្ករទៅប្រទេសចិនមានការធ្លាក់ចុះ។

បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករថ្មីរូបនេះ ទោះបីជាការនាំចេញទៅចិនមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសរុបបានចំនួន ៥៦ម៉ឺនតោន កើនឡើងជិត ៣ម៉ឺនតោន ស្មើ ៥,០៦​%ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយទឹកប្រាក់សរុបបានមកពីការលក់អង្កររយៈពេល១១ខែឆ្នាំ២០២២នេះ គឺប្រហែល ៣៦០លានដុល្លារ។

គួររំលឹកថា ថ្មីៗនេះកម្ពុជា​បាន​ឈ្នះក្តី​លើ​បណ្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ដកហូត​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចូល​អង្ករ​គ្រាប់​វែង (Indica Rice) ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​។ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​កាលពីថ្ងៃទី៣០​ ខែវិច្ឆិកា​ បានប្រកាស​ថា កម្ពុជា​ឈ្នះក្តី​នៅតុលាការ​ដំបូង​អឺរ៉ុប​លើ​សំណុំរឿង​នាំ​អង្ករ​គ្រាប់​វែង​កម្ពុជា ​(Indica Rice) ​ចូល​ទៅទីផ្សារ​អឺរ៉ុប។​ បញ្ហានេះ ក៏ជាហេតុផលមួយ​​ដែលធ្វើឲ្យការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងដែរ។

សូមបញ្ជាក់ដែរថា រយៈពេល៣ឆ្នាំនៃទណ្ឌកម្មអឺរ៉ុបកន្លងទៅ ការនាំអង្ករកម្ពុជាទៅកាន់ទីផ្សាយអឺរ៉ុបមានការធ្លាក់ចុះពី២០ ទៅ៣០% ហើយអង្ករគ្រាប់វែងកម្ពុជាបាត់ទីផ្សារអឺរ៉ុបទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ