អានតួអត្ថបទ
កម្ពុជា-សង្គម

សហភាព​អឺរ៉ុប​ឲ្យ​កញ្ចប់​លុយ​២លាន​អឺរ៉ូ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​ចំណេះដឹង​ពលរដ្ឋ​ មុន​ការ​បោះឆ្នោត​២០២៣

សហភាព​អឺរ៉ុប​បាន​សម្រេច​ផ្តល់​កញ្ចប់​ជំនួយ​ជាទឹក​ប្រាក់​ចំនួន​២លាន​អឺរ៉ូ​ដល់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ពាក់ព័ន្ធ​លើផ្នែក​សិទ្ធិមនុស្ស ​និង​នយោបាយ​នៅកម្ពុជា។​ ជា​កញ្ចប់​ទឹក​ប្រាក់​ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យដើម្បី​លើក​កម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​ឆ្នាំ​២០២៣ ​នៅឆ្នាំក្រោយ។​

មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ទម្លាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល
មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ទម្លាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ជំនួយ២លានអឺរ៉ូរបស់សហភាពអឺរ៉ុបពេលនេះ នឹងត្រូវបែងចែកជាពីរផ្នែក។ ដោយមួយផ្នែក គឺសហភាពអឺរ៉ុបនឹងផ្តល់ជំនួយជាទឹកប្រាក់១លានអឺរ៉ូដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងការរួមចំណែកពង្រឹងសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី០៧វិច្ឆិកា។

ដោយឡែក ទឹកប្រាក់១លានអឺរ៉ូផ្សេងទៀត គឺសហភាពអឺរ៉ុបនឹងផ្តល់ឲ្យអង្គការខុមហ្វ្រែល និងអង្គការអភិវឌ្ឍធនធានយុវជន។ បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ជំនួយនេះគឺដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន និងស្ត្រី នៅក្នុងផ្នែកនយោបាយ ដើម្បីការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។

ជាការកត់សម្គាល់ កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបពេលនេះ ធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំនូវការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍មានការឃ្លាំមើលពីបណ្តាអង្គការ និងសហគមន៍អន្តរជាតិ ទៅលើដំណើរការប្រព្រឹត្តិទៅនៃការបោះឆ្នោតនៅកម្ពុជា ដែលរៀបចំឡើងតាំងពីឆ្នាំ១៩៩៣មក។ បើតាមសេចក្តីប្រកាស គឺជំនួយដល់អង្គការដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត និងនយោបាយ នឹងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សំឡេងឆ្នោតអំពីការដំណើរការនៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno បានអះអាងថា សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការចូលរួមក្នុងដំណើរការបោះឆ្នោត គឺជាទិដ្ឋភាពសំខាន់ទាំងអស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ សម្រាប់លោកស្រី Carmen Moreno កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា អំពីសារសំខាន់នៃតួនាទី និងសិទ្ធិក្នុងការប្រកួតប្រជែងនៅការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌។

បើតាមសហភាពអឺរ៉ុប ឆ្នាំ២០២៣ ជាឆ្នាំដែលនឹងត្រូវប្រារព្ធខួបលើកទី៧៥នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងជាឆ្នាំដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ហើយកញ្ចប់ជំនួយទាំងនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា សហភាពអឺរ៉ុបមានការប្តេជ្ញាខ្ពស់ ចំពោះបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបធ្លាប់បានព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ២០% ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងក្រោយពេលដែលអតីតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយនៅឆ្នាំ២០១៧។ ដោយឡែកនៅឆ្នាំ២០២២ នៃការបោះឆ្នោតឃុំ-សង្កាត់ សហភាពអឺរ៉ុបកាលពីខែឧសភា ក៏ធ្លាប់បានព្រមានជាថ្មី អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង ប្រសិនបើការបោះឆ្នោតឃុំ-សង្កាត់ មិនមានភាពសេរី និងយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ