អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិល​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​ឯកជន​មួយ​ ពីបទ​ធ្វើ​ឲ្យពលរដ្ឋ​ខ្មែរ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ​ដែល​ជា​បញ្ហា​សិទ្ធិមនុស្ស

អង្គការ​សង្គមស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​៣ស្ថាប័ន​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅរដ្ឋាភិបាល​ហូឡង់​ ដើម្បី​ឲ្យក្រុមហ៊ុន​ អយកូក្រេឌីត​ ទទួលខុស​ត្រូវ​ចំពោះការ​ផ្តល់ទុន​វិនិយោគ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា។​ បើតាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ រកឃើញថា ​ការផ្តល់ទុន​វិនិយោគ​កន្លងមក​ បាន​ធ្វើឲ្យប៉ះពាល់​ដល់​បញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា​ តាមរយៈ​ការ​បង្ខំ​ឲ្យប្រជាពលរដ្ឋ​លក់ដីធ្លី​ ដើម្បី​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។​

កសិករ​ម្នាក់​ដឹក​ដើម​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​នៅ​ភូមិ​ស្វាយ​បត់​ក្រៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។
កសិករ​ម្នាក់​ដឹក​ដើម​ស្រូវ​ក្នុង​រដូវ​ច្រូតកាត់​នៅ​ភូមិ​ស្វាយ​បត់​ក្រៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិខិតចំនួន២ទំព័រ ដែលចេញផ្សាយនៅលើគេហទំព័រអង្គការលីកាដូ នៅថ្ងៃចន្ទនេះ គឺបង្ហាញថា ការផ្តល់ទុនវិនិយោគជាហូរហែរបស់ក្រុមហ៊ុន អយកូក្រេឌីត ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ មកដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានធ្វើឡើងដោយគ្មានតម្លាភាពក្នុងការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងបានធ្វើឲ្យមានផលអវិជ្ជមាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាំងពីឆ្នាំ២០១៧។

រយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន អយកូក្រេឌីត បានបង្កើនទុនវិនិយោគមកដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កើនឡើងពី៥០លានអឺរ៉ូនៅឆ្នាំ២០១៧ ទៅដល់ជាង៦៧លានអឺរ៉ូនៅឆ្នាំ២០២២។ បើតាមលិខិត ទុនវិនិយោគនេះ បានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទទួលបានទុនវិនិយោគធំទីពីរ របស់ក្រុមហ៊ុន អយកូក្រេឌីត។

អង្គការដែលធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានអះអាងថា ទុនវិនិយោគរបស់ក្រុមហ៊ុន​ អយកូក្រេឌីត បានរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាធ្លាក់ក្នុងវិបត្តិបំណុល ដែលជាផ្នែកប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្ស។ បើតាមរបាយការណ៍កន្លងមករបស់អង្គការលីកាដូ គឺមានប្រជាពលរដ្ឋត្រូវលក់ដីដោយបង្ខំ និងរងនូវការបំភិតបំភ័យ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

បន្ថែមពីនេះ ការសិក្សារបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព (INEF) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ចំនួន ១៦០ ០០០នាក់ បានលក់ដីដោយបង្ខំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីសងបំណុល។ នេះបើតាមលិខិតដដែល។

ក្រៅពីក្រុមហ៊ុន អយកូក្រេឌីត នៅមានក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍មួយចំនួន ដែលបានផ្តល់ទុនវិយោគលើវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយគ្មានការចាត់វិធានការឲ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ បើតាមលិខិត ក៏មានអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ដែលផ្តល់ទុនវិនិយោគដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២នេះផងដែរ។

គួរជម្រាបថា ការដាក់ពាក្យបណ្តឹងរបស់អង្គការសង្គមស៊ីវិល ចំនួន៣ ដែលមាន អង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN របស់អាល្លឺម៉ង់ ទៅតុលាការហូឡង់ពេលនេះ ធ្វើឡើងបន្ទាប់ពី អង្គការលីកាដូ កាលពីឆ្នាំ២០១៩មក បានរកឃើញនូវការរំលោភបំពាន ការប្រមូលឥណទានបែបកេងប្រវ័ញ្ច និងការបំភិតបំភ័យជាញឹកញាប់ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុក​ម្ពុជា។ ការបំភិតបំភ័យទាំងនោះ បានធ្វើឲ្យប៉ះពាល់ដល់ បញ្ហាសន្តិសុខស្បៀង ពលកម្មកុមារ ការធ្វើចំណាកស្រុក ដែលជាមូលដ្ឋានឈានទៅបំពានដល់វិស័យសិទ្ធិមនុស្សនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ