អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖​ ការ​បង្រ្កាប​ជួញដូរ​មនុស្ស​មិនមែន​ជួយ​តែជន​រង​គ្រោះទេ ​តែត្រូវ​ចាប់​អ្នក​ដែល​ពាក់ព័ន្ធដែរ

លោក ស ខេង ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ​បាន​សង្កត់​ធ្ងន់​ថា ​ការ​បញ្ចប់​ការជួញដូរ​មនុស្ស​ជោគជ័យ​ មិនមែន​គ្រាន់​តែ​ជួយ​សង្គ្រោះជន​រង​គ្រោះ​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​ធ្វើការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ និង​អ្នក​ដែលជាប់​ពាក់ព័ន្ធ​យក​មក​កាត់ទោស​ផងដែរ។​ ការ​លើកឡើង​បែបនេះ ​ក្នុង​ពិធីអប​​អរទិវាជាតិ១២​ធ្នូ​ប្រឆាំងការជួញ​ដូរមនុស្ស ​ឆ្នាំ២០២២ ​ក្រោមប្រធានបទ ​«រួមគ្នា​លុបបំបាត់​អំពើជួញ​ដូរ​មនុស្ស​ ឆ្ពោះទៅសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព»។​

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ © FB/Samdech Krolahom Sar Kheng
ផ្សាយពាណិជ្ជកម្ម

លោក ស ខេង ថាចរន្តនៃការវិលត្រឡប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជា ពីប្រទេសគោលដៅក្នុងអំឡុងកូវីដ-១៩ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១ ដែលបញ្ហានេះធ្វើឲ្យការគ្រប់គ្រងព្រំដែនមានភាពប្រឈម ស្មុគស្មាញ ដោយចំនួននៃពលករវិលត្រឡប់កើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ ធ្វើឲ្យជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើន មានឱកាសបន្លំខ្លួនចូលមកកម្ពុជាដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួន ធ្វើការងារជាមួយនិយោជកទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអាណាធិបតេយ្យលើទឹកដីកម្ពុជា។

សម្រាប់លោក ស ខេង ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតយ៉ាងសកម្ម តាមវិធានការច្បាប់រហូតធ្វើឲ្យកម្ពុជាវិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលនៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រឹដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ការបញ្ចប់ការជួញដូរមនុស្សជោគជ័យ មិនមែនគ្រាន់តែជួយសង្គ្រោះជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការចាប់ខ្លួនឧក្រិដ្ឋជន និងអ្នកដែលជាប់ពាក់ព័ន្ធយកមកកាត់ទោសផងដែរ។ ការលើកឡើងបែបនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ចាប់អារម្មណ៍ និងដកស្រង់សម្ដីលោក ស ខេង យកទៅផុសលើបណ្ដាញសង្គម Twiter ផងដែរ។

បើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតចាប់ពីថ្ងៃទី១៨ខែសីហា មកដល់ខែវិច្ឆិកា មានជនរងគ្រោះសុំឲ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្ស​​​ចំនួន ១១២២នាក់ ស្រី ១២១នាក់ ក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ជាតិ។ ក្រៅពីនេះបានបដិសេធថា ខ្លួនមិនបានទទួលភាពរងគ្រោះទេ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៩ខែតុលា ជនសង្ស័យ២២នាក់ មានបីសញ្ជាតិដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ២២នាក់ និងជនសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ០៤នាក់ ០១សញ្ជាតិ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កម្ពុជា។ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន៥ ត្រូវបានបិទជាស្ថាពរ និង៤ទីតាំងបិទបណ្តោះអាសន្នដើម្បីស្រាវ​ជ្រាវរកបទល្មើស។

គួររំលឹកថា ពាក់ព័ន្ធករណីជួញដូរមនុស្សនេះដែរ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ កម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សមិនទាន់មានប្រសិទ្ធិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ