អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ADB​ ផ្តល់​ហិរញ្ញប្បទាន​ជិត​ ៦៣​លាន​ដុល្លារ​ គាំទ្រ​វិស័យ​បសុសត្វ​កម្ពុជា ​និង​ពង្រឹង​សុវត្ថិភាព​អាហារ

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ៦២,៩លាន​ដុល្លារ​ លើក​កម្ពស់​សន្តិសុខ​ស្បៀង ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដោយការ​កែ​លម្អ​សុខភាព​ និង​ខ្សែ​សង្វាក់​តម្លៃ ​ក៏ដូច​ជាការ​ធ្វើពាណិជ្ជកម្ម​ផ្លូវការ​ និង​ផលិតផល​បសុសត្វ។​ នេះបើតាម​ ADB​ នៅថ្ងៃទី១៣ ​ធ្នូ ​ដោយ​បញ្ជាក់​ថាហិរញ្ញប្បទាន​ខាង​លើក៏នឹង​រួម​ចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​ផលិតកម្មសត្វ។​

សត្វជ្រូក (រូបតំណាង)
សត្វជ្រូក (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ(GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ ៤ម៉ឺន ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប តាកែវ ខេត្តកណ្តាល កំពង់ធំ និងពោធិសាត់។ នេះបើតាម ADB។ គម្រោងនេះនឹងលើកកម្ពស់ផលិតភាព និងភាពធន់អនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំ សំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវាធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ។

ADBបញ្ជាក់ថាជំនួយនេះក៏នឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាព តាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់ការស្តាឡើងវិញក្រោយកូវីដ១៩។

អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានបញ្ជាក់ថា “អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ចំពោះជីវភាព តាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅកម្ពុជា ហើយវាផ្តល់ឱកាស ជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុក ឱកាសពាណិជ្ជកម្ម និងភាពប្រសើរនៃការគ្រប់គ្រងជំងឺជាដើម។»

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ ខែធ្នូនេះថា ការចិញ្ចឹមសត្វយកសាច់លក់នៅកម្ពុជាកំពុងតែមានបញ្ហាប្រឈម ជាពិសេសគឺបញ្ហាតម្លៃលក់ចេញ ទាបជាងតម្លៃដើមផលិត។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះបានបញ្ជាក់ទៀតថា​ ទាក់ទងនឹងការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបសម្រាប់អ្នកចិញ្ចឹមសត្វក្នុងស្រុកគឺបានអនុវត្តមួយចំនួនរូចហើយ ប៉ុន្តែការអនុវត្តនេះគឺបានទទួលអត្ថប្រយោជន៍តែក្រុមហ៊ុនធំៗប៉ុណ្ណោះ។ បើតាមលោក ស្រ៊ុន ពៅ នេះក៏ដោយសារថា កម្ចីខាងលើនេះ គឺតម្រូវឲ្យមានទ្រព្យបញ្ចាំ ឬកសិដ្ឋាន ជាដើម ដូច្នេះកសិករតូចតាចមិនទទួលបានការអនុគ្រោះនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ