អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គម​ស៊ីវិល​និង​បក្ស​នយោបាយ​នឹង​លើក​យក​បញ្ហា​ចាស់​ទៅ​ជជែក​ជាថ្មី​ជាមួយ​គ.ជ.ប​នៅ​ថ្ងៃ​ទី​១៦

គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ត្រៀមខ្លួន​និង​របៀបវារៈ​រួច​ជាស្រេច​ ដើម្បី​ជួប​ជាមួយ​គណៈកម្មាការ​ជាតិ​រៀបចំការ​បោះឆ្នោត​ គ.ជ.ប​ នៅថ្ងៃទី១៦​ធ្នូ​ឆ្នាំ​២០២២ ​ដែល​ជួប​នោះនឹង​ពិនិត្យ​ទៅលើ​​ការ​​​ផ្តល់​យោ​​ប​ល់​មួយចំនួន​អំពីបទ​​បញ្ជា ​និង​នីតិវិធី​ បម្រើ​ឱ្យការ​បោះឆ្នោត​ជាតិ​ ឆ្នាំ២០២៣។​ សេចក្តី​ព្រាងបទ​បញ្ជា ​និង​នីតិវិធី​ សម្រាប់​ការបោះឆ្នោត​នេះ ​មាន​កម្រាស់​ ៣៣៧ទំព័រ​ ដែល​មាន​១០ជំពូក។​ បើតាម​សង្គម​ស៊ីវិល​និង​បក្សនយោបាយ​មួយ​ចំនួន​ គេ​នឹង​លើក​យក​បញ្ហា​ចាស់​ទៅ​ជជែក​ជាថ្មី​ជាមួយ​គ.ជ.ប​ នៅថ្ងៃ​នោះ។​

គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ២០២៣
គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ © FB
ផ្សាយពាណិជ្ជកម្ម

មុនជំនួបផ្លូវការមកដល់នៅថ្ងៃទី១៦ខែធ្នូខាងមុខ គណៈប្រតិភូគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹក ប៊ុន ឆៃ ជាប្រធាននិងលោក យ៉ែម ប៉ុញ្ញារិទ្ធ អនុប្រធានបានស្កាត់ជួបភាគីគ.ជ.ប នៅថ្ងៃទី១៣ធ្នូមុនគេ។ លោកយ៉ែម ប៉ុញ្ញារិទ្ធ បានប្រាប់វិទ្យុបារាំងអន្តរជាតិតាមប្រព័ន្ធតេឡេក្រាមថា នៅក្នុងជំនួបទ្វេភាគីនោះ គណបក្សខ្មែររួបរួមជាតិបានដាក់សំណើសំខាន់បីចំណុចចូល ក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា។

បើតាមលោក យ៉ែម ប៉ុញ្ញារិទ្ធ សំណើសំខាន់បីចំណុចគឺ ការិយាល័យបោះឆ្នោតឬមណ្ឌលបោះឆ្នោត វត្តមានភ្នាក់ងារសង្កេតការណ៍ជាតិមិនគួរពាក់ឯកសណ្ឋាន ឬនិមិត្តសញ្ញាបង្ហាញពីអង្គភាពរបស់ខ្លួននោះទេ តែគួរពាក់ឯកសណ្ឋាន ឬកាតសម្គាល់ខ្លួនចេញដោយគ.ជ.បតែមួយប៉ុណ្ណោះ។ គណបក្សក៏ចង់បានដែរ ការចែកទម្រង់១១០២ ដល់ភ្នាក់ងារសង្កេតការណ៍ដែលមានវត្តមានក្នុងការិយាល័យបោះឆ្នោតដូចការបោះឆ្នោតមុនៗ។ បើអាចប្រជាពលរដ្ឋនៅក្រៅប្រទេសអាចចុះបោះឆ្នោត និងចូលរួមបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចព្រោះបច្ចុប្បន្នគ.ជ.ប.កំពុងធ្វើប្រាស់មធ្យោបាយទាំងនេះក្នុងការបំពេញការងារស្រាប់។

បើទោះជាចំណុចនេះត្រូវបានលើកឡើងទៅហើយក្ដី ក៏នឹងត្រៀមសម្រាប់យកជជែកជាថ្មី ក្នុងជំនួបថ្ងៃទី១៦​ធ្នូឆ្នាំ២០២២ខាងមុខដែរ។ នេះបើតាមលោកយ៉ែម ប៉ុញ្ញារិទ្ធ ។

លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែលដែលដឹកនាំក្រុមការងារចូលរួមជំនួបថ្ងៃទី១៦ធ្នូថ្លែងថា លោកនឹងលើកយកភាពមិនប្រក្រីមួចំនួនដែលកើតមានអំឡុងពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២មកជជែកជាថ្មី។ មិនខុសពីគណបក្សខ្មែររួបរួមជាតិដែរបញ្ហាទម្រង់១១០២ក៏ជាអ្វីដែល​ លោក កន សាវាង្ស ចង់និយាយនៅពេលខាងមុខដែរ ហើយនឹងនិយាយផងដែរទិដ្ឋភាពបិទធ្លាឬបិទបង្អួចអំឡុងពេលរាប់សន្លឹកឆ្នោតនិងបញ្ហាអាជ្ញាធរមូលដ្ឋានអង្គុយកត់ឈ្មោះពលរដ្ឋអំឡុងពេលបោះឆ្នោតជាដើម។

លោក សោម សូរី  អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យគ.ជ.បថ្លែងថា វត្តមានតួអង្គពាក់ព័ន្ធសម្រាប់ការជួបជុំនៅថ្ងៃទី១៦ធ្នូ ជារឿងសំខាន់និងចាំបាច់ក្នុងការប្រមូលធាតុចូលដាក់បន្ថែម នៅក្នុងសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។ មន្ត្រីគ.ជ.ប រូបនេះសង្ឃឹម​ទទួលបានមតិយោបល់ និងអនុសាសន៍ថ្មីបន្ថែមទៀត ពីគណបក្សនយោបាយដែលត្រៀមចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣។ ប៉ុន្តែយ៉ាងណាអនុសាសន៍ទាំងនោះត្រូវឲ្យស្របនឹងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គួរជម្រាបជូនថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប. បានចេញសេចក្តីជូនដំណឹង ដោយទុកពេលឱ្យ​​ភាគី​​ពា​ក់​​ព័ន្ធ មានពេលត្រួតពិនិត្យ និងផ្តល់​​យោបល់​​ត្រលប់មកវិញ អំពីបទបញ្ជា និងនីតិវិធី បម្រើ​​ឱ្យកា​​រ​​បោះ​​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ​កា​​។ សេចក្តី​​ព្រា​​ង​​​​បទ​​ប​ញ្ជា និង​​នី​​តិ​​វិធី សម្រាប់​​កា​​របោះឆ្នោតនេះ មានកម្រាស់​​ ៣​​​៣៧ទំព័រ ដែល​​មាន​​១០​​​ជំ​​​​​ពូក និងឧបសម្ពន្ធ​​រួម​​ប​​ញ្ចូ​​​​​​ល​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ