អានតួអត្ថបទ
កម្ពុជា-សង្គម

បញ្ហា​សិទ្ធិមនុស្ស៖​ អាស៊ាន-អឺរ៉ុប​ប្តេជ្ញា​ការពារ​ នៅ​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះនៅ​កម្ពុជា

អាស៊ាន​និងអឺរ៉ុប​ បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការ​លើកកម្ពស់ ​និង​ការពារ​បញ្ហា​សិទ្ធិមនុស្ស​ជារួម។ ​នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃកិច្ច​ប្រជុំ​កំពូល​រំលឹក​ខួបអឺរ៉ុប​-អាស៊ាន ​នៅថ្ងៃទី១៤ធ្នូ។​ យ៉ាង​ណាមិញ​ ការ​ប្តេជ្ញានេះ​ ធ្វើ​ឡើង​នៅអំឡុង​ពេលនេះ ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុងនាម​ជាប្រធាន​អាស៊ាន​ឆ្នាំនេះ ​បាន​រង​នូវការរិះគន់​ និង​បាតុកម្ម​ប្រឆាំង​ពីសំណាក់​ពលរដ្ឋខ្មែរ​មួយចំនួន​ នៅចំពោះមុខ​នៃការ​ធ្វើឲ្យបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​ធ្លាក់ចុះ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអឺរ៉ុប-អាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអឺរ៉ុប-អាស៊ាន © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍រួមចំនួន១៦ទំព័រ មេដឹកនាំអាស៊ាននិងអឺរ៉ុប បានធ្វើការប្តេជ្ញាចិត្តរួមគ្នាជាដៃគូយុទ្ធសាស្ត្រនៃផលប្រយោជន៍រវាងគ្នា នៃសន្តិភាព ស្ថេរភាពក្នុងតំបន់ និងអន្តរជាតិ ដោយគោរពទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។ អាស៊ាន និងអឺរ៉ុប បានសន្យាជាមួយគ្នាក្នុងការគាំទ្រ និងការពារដល់បញ្ហាសិទ្ធិមនុស្ស ដែលរួមមាន សមភាពយេនឌ័រ និងសេរីភាពជាមូលដ្ឋាន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អាស៊ាននិងអឺរ៉ុបបានជជែកគ្នា ទៅលើបញ្ហាអន្តរជាតិមួយចំនួន ផងដែរ ដែលជាក្តីកង្វល់រួមចំពោះបញ្ហាសន្តិសុខពិភពលោក។ បញ្ហាអន្តរជាតិ ដែលមានជាអាទិ៍ សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងវិបត្តិភូមាជាដើម។ សម្រាប់វិបត្តិភូមា អាស៊ាននិងអឺរ៉ុប បញ្ជាក់ថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ចំពោះដំណោះស្រាយដោយសន្តិវិធី ដែលជាការប្តេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

យ៉ាងណាក៏ដោយ ការជជែកអំពីបញ្ហាសិទ្ធិមនុស្សជារួម ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសហប្រធាននៃកិច្ចប្រជុំ ធ្វើឡើងនៅក្រោមរូបភាពនៃការរិះគន់ពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅអឺរ៉ុប នៅចំពោះមុខនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែធ្លាក់ចុះ។ បណ្តាប្រជាពលរដ្ឋខ្មែរមួយចំនួននៃបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាជួបជុំគ្នា នៅមុខការិយាល័យគណកម្មការសហភាពអឺរ៉ុប ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ធ្នូ ដោយលើកបដាប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទាមទារឲ្យមានការស្តារឡើងវិញនូវប្រព័ន្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

សម្រាប់ក្រុមប្រជាពលរដ្ឋខ្មែរមួយចំនួន គឺលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យខូចខាត និងការគោរពសិទ្ធិមនុស្សមានការធ្លាក់ចុះ នៅក្រោយពេលដែលអតីតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានតុលាការកំពូលរំលាយ កាលពីឆ្នាំ២០១៧។

បន្ថែមពីនេះ សមាជិកសភាអឺរ៉ុប មកពីបណ្តាប្រទេសមួយចំនួន ក៏បានដាក់ញត្តិទៅប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយបង្ហាញក្តីបារម្ភចំពោះការដើរថយក្រោយនៃបញ្ហាសិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ន។ ញត្តិរបស់សមាជិកសភាអឺរ៉ុបមួយចំនួន ដែលដាក់មកមុនកិច្ចប្រជុំអាស៊ាន-អឺរ៉ុប លើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបានដើរដល់ចំណុចមួយនៃវិបត្តិ ដ្បិតអ្នកនយោបាយបក្សប្រឆាំង អង្គការសង្គមស៊ីវិល បានរងការបង្រ្កាបជាហូរហែពីសំណាក់រដ្ឋាភិបាល។

សម្រាប់សមាជិកសភាអឺរ៉ុបទាំងនោះ ទាំងនេះគឺជាក្តីកង្វល់ដែលត្រូវទាមទារឲ្យគណកម្មាការអឺរ៉ុបពិនិត្យឡើងវិញ អំពីការដាក់សម្ពាធទណ្ឌកម្ម ដើម្បីឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះបញ្ហាសិទ្ធិមនុស្សដែលរងការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ។ ការធ្វើបែបនេះ គឺព្រោះថាឆ្នាំ២០២៣ខាងមុខ ជាឆ្នាំនៃការរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលជាការបោះឆ្នោត ដើម្បីឆ្លុះបញ្ចាំងថា កម្ពុជាបានត្រលប់មកតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ឬយ៉ាងណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ