អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម រង្ស៊ី​ ថា​រដ្ឋាភិបាល​ឡុងចុង​(Bankruptcy)​ ដោយសារ​ពលរដ្ឋ​ជាច្រើន​ជំពាក់​ធនាគារ

លោក សម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​នៅក្នុង​កាសែត ​The Deplomat​ ហើយ​យក​សង្ខេប​មក​ផុស​នៅលើហ្វេសប៊ុក​របស់​លោក ​កាលពីថ្ងៃទី១៥​ ខែធ្នូ ​ម្សិលមិញ​ថាប្រជាពលរដ្ឋ​ខ្មែរស្ទើរ​តែ​គ្រប់​គ្រួសារ​សាមញ្ញ​ទាំងអស់​ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក​រក​ច្រក​ចេញ​មិន​ឃើញ ​ដោយ​បញ្ហានេះ​លោក​បន្ទោស​ទៅលើការ​ទទួល​ខុស​ត្រូវ​របស់​ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន។ ​ក៏ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលថា​ ការ​លើក​ឡើង​របស់​លោក ​សម រង្ស៊ី​ មិន​មាន​មូល​ដ្ឋាន​នោះទេ។​

ប្រជាជនជំពាក់លុយធនាគារ (រូបតំណាង)
ប្រជាជនជំពាក់លុយធនាគារ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានហៅស្ថានការណ៍ដែលប្រជាជនភាគច្រើនជំពាក់លុយធនាគារវ័ណ្ឌករថា បានឆ្លុះបញ្ចាំងពីភាពឡុងចុង(Bankruptcy)របស់រដ្ឋ ដែលគ្មានសមត្ថភាព និងគ្មានលទ្ធភាពបំពេញតួនាទីរបស់ខ្លួន ក្នុងការមើលខុសត្រូវចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រប់វិស័យ ដូចជាកសិកម្ម សុខាភិបាល និងសង្គមកិច្ច។

លោក សម រង្ស៊ី បន្ទោសថាដោយសារតែការបោះបង់ចោល ឬការព្រលែងចោលពីសំណាក់រដ្ឋាភិបាលពុករលួយ និងគ្មានការទទួលខុសត្រូវចំពោះប្រជាជនខ្លួនឯង ទើបពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីទៅខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញចវត្ថុនានាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំដើម្បីបន្តការរស់នៅ។

ក៏ប៉ុន្តែលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការនិយាយមិនមានមូលដ្ឋានត្រឹមត្រូវពីព័ត៌មានពិតរបស់រដ្ឋាភិបាល និងចង់បំផ្លាញទីផ្សារមីក្រូហិរញ្ញវត្ថុ និងធនាគារកម្ពុជា។ តាមលោក ផៃ ស៊ីផាន កម្ពុជាដែលប្រកាន់យករបបទីផ្សារសេរីមូលធននិយម មិនមានសមត្ថកិច្ចអ្វីទៅបង្គាប់បញ្ជាលើស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ប្រាក់កំចីនោះទេ ក៏ប៉ុន្តែលោកថារដ្ឋាភិបាលតាមរយៈធនាគារកណ្តាលរបស់ខ្លួនបានជួយសម្របសម្រួលច្រើនរវាងស្ថាប័នផ្តល់ប្រាក់កំចី និងប្រជាពលរដ្ឋដែលជាអ្នកខ្ចីបុល។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ដែរថារដ្ឋបានសម្របសម្រួលជាមួយវិស័យឯកជនខាងកំចីហិរញ្ញវត្ថុ ដោយមិនអនុញ្ញាតឲ្យមានការរឹបអូសផ្ទះសម្បែង និងរៀបចំឥណទានឡើងវិញ ជាពិសេសនៅអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ និងវិបត្តិសកលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងប្រាកដថាមានពលរដ្ឋប៉ុន្មានគ្រួសារកំពុងជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ ក៏ប៉ុន្តែកាលពីខែកញ្ញាកន្លងទៅ ក្រសួង​​សហ​ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​)​ បានចេញរបាយការណ៍សិក្សាមួយថា ពលរដ្ឋកម្ពុជា ១៦៧ ០០០នាក់ បាន និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា គិតជា មធ្យមរយៈពេល១៦នាទីម្តងមានពលរដ្ឋខ្មែរ១គ្រួសារលក់ដីសងបំណុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ