អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន​ចង់​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អឺរ៉ុប​ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​លើក​នៅក្នុង​សន្និសិទ​រួម​នៃកិច្ច​ប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន-អឺរ៉ុប​ និង​អបអរសាទរ​ខួប៤៥​ឆ្នាំ​នៃដៃ​គូ​សន្ទនា​អាស៊ាន-អឺរ៉ុប​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-អឺរ៉ុប​ មិនគួរ​ដាក់​បញ្ហា​នយោបាយ​ប្រទេស​ណាមួយ​មករាំង​ខ្ទប់កិច្ច​ព្រមព្រៀង​នេះទេ។ ​អាស៊ាន​គួរ​ជាដៃ​គូស្មើភាព​ជាមួយ​អឺរ៉ុប​ និង​ជាដៃ​គូ​ពាណិជ្ជកម្ម​ដែល​បំពេញ​ឲ្យគ្នា​ទៅវិញ​ទៅមក។​ សម្រាប់​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​វិញ​ ក៏មិន​ឯកភាព​លើការ​យក​បញ្ហា​នយោបាយ​ប្រទេស​ណាធ្វើ​ឲ្យរាំងខ្ទប់​ដល់​កិច្ច​ព្រម​ព្រៀងនេះដែរ​។​ 

លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា អាស៊ានមិនត្រូវទន្ទឹងរងចាំអ្វីៗឲ្យអឺរ៉ុបជួយនោះទេ ប៉ុន្តែត្រូវឃើញនូវការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិចុ្ចតំបន់ទាំងពីរអាស៊ាន-អឺរ៉ុប។ លោក ហ៊ុន សែន បានទទួលស្គាល់ថា ពិតហើយបណ្ដាប្រទេសនៅអឺរ៉ុបមានសេដ្ឋកិច្ចជឿនលឿនជាងអាស៊ាន ប៉ុន្តែអាស៊ានមិនមែនជាកន្លែងដែលត្រូវតែរងចាំទទួលជំនួយពីអឺរ៉ុបនោះដែរ។ ត្រង់ចំណុចនេះហើយដែលលោក ហ៊ុន សែនថា អាស៊ាន-អឺរ៉ុប បានឯកភាពគ្នាបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាស៊ានពិតជាមិនចង់ឲ្យប្រជាជនរបស់ខ្លួននៅក្ររហូត ហើយរងចាំភាពអនុគ្រោះពីអឺរ៉ុបនោះដែរ អាស៊ានចង់បានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីពិតប្រាកដ។ លោកសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប មិនគួរយកបញ្ហានយោបាយបណ្ដាប្រទេសអាស៊ានណាមួយមករាំងខ្ទប់ដល់កិច្ចព្រមព្រៀងនេះទេ។ ភាពជាដៃគូរវាងអាស៊ាន និងអឺរ៉ុប គឺត្រូវតែស្មើភាពគ្នា ដោយមិនត្រូវយកបញ្ហាប្រទេសមីយ៉ាន់ម៉ា ឬប្រទេសណាមួយ ធ្វើឲ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរអាស៊ាន-អឺរ៉ុបឡើយ។

ទាក់ទងបញ្ហាសិទ្ធិមនុស្សវិញ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានចោទសួរថា តើអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសណាខ្លះនៅក្នុងអាស៊ាន ហើយសិទ្ធិមនុស្សនៅប្រទេសទាំងនោះវាយ៉ាងម៉េច? ក្រោយពីចោទសួរបែបនេះ លោក ហ៊ុន សែនថា ពិតណាស់ចំណុចខ្លះមិនមែនសុទ្ធតែត្រូវគ្នានោះទេ ប៉ុន្តែគោលដៅរួម គឺជាការតភ្ជាប់ ការផ្សារភ្ជាប់គ្នានៃតំបន់ទាំងពីរអាស៊ាន-អឺរ៉ុប និងជាសេដ្ឋកិច្ចបំពេញឲ្យគ្នា ដោយលោកសង្ឃឹមថាចំណុចនេះ នឹងដាស់តឿនឲ្យអាស៊ានត្រូវខិតខំប្រឹងប្រែងដើម្បីងើបឈរឡើងធ្វើជាដៃគូស្មើភាពនិងស្មើសិទ្ធិជាមួយនឹងអឺរ៉ុប។

សម្រាប់លោក​បណ្ឌិត​ ឆេង គឹមឡុង​ នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុវិស័យអាស៊ី ក៏បានឯកភាពថា អឺរ៉ុបមិនគួរយកបញ្ហានយោបាយបណ្ដាប្រទេសអាស៊ានណាមួយមករាំងខ្ទប់ដល់កិច្ចព្រមព្រៀងនេះដែរ។ បើតាមលោក ឆេង គឹមឡុង អឺរ៉ុបហាក់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះមានស្តង់ដាពីរ ព្រោះបណ្ដាប្រទេសអាស៊ានដែលអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិ​ជ្ជសេរីជាមួយ ពុំមានការគោរពសិទ្ធិមនុស្ស និងពុំមានការបោះឆ្នោតត្រឹមត្រូវឡើយ។

សូមបញ្ជាក់ថា ទាក់ទិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបនេះ គេកត់សម្គាល់ឃើញថា អឺរ៉ុបនៅមិនទាន់សម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អឺរ៉ុបឡើយ តែអឺរ៉ុបបែរជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសនៅក្នុងអាស៊ាន ដូចជាជាមួយប្រទេសវៀតណាម ប្រទេសសិង្ហបុរីវិញ។ មូលហេតុនេះ ដោយសារអឺរ៉ុបគិតថាបណ្ដាប្រទេសអាស៊ានខ្លះ នៅមានបញ្ហានយោបាយផ្ទៃក្នុង មានការរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ