អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហភាពអឺរ៉ុប ដាក់លក្ខខណ្ឌមកកម្ពុជាឱ្យបើកលំហរនយោបាយមុនការបោះឆ្នោត ជាថ្នូរនឹងEBA

តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​បាន​ក្រើន​រំលឹក​មក​កម្ពុជា​ថា ​ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ដែល​បាត់​បង់​មួយ​ផ្នែក​ឡើង​វិញ​ លុះត្រា​តែ​កម្ពុជា​បើក​លំហរ​សេរីភាព​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣​ឱ្យ​បាន​ពេញ​លេញ​សិន។​ ជំហរ​ដ៏​មុតមាំ​របស់​សហភាព​អឺរ៉ុប​នេះ ​ធ្វើឡើង​ក្នុង​ជំនួប​ផ្ទាល់​មុខ​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន​ នា​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​កាល​ពី​ថ្ងៃទី១៥ធ្នូ។​ តែ​សម្រាប់​កម្ពុជា​ លំហរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។​  

ប្រព័ន្ធអនុគ្រោះពន្ធEBA-កម្ពុជា
ប្រព័ន្ធអនុគ្រោះពន្ធEBA-កម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោក ចូសេប​ ប៉ូរេល ហ្វុនតេឡេស (Josep Borell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខគោលនយោបាយបានប្រាប់មកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថា អឺរ៉ុបនឹងតាមដាននូវលំហរសេរីភាពនយោបាយមុនការបោះឆ្នោតឆ្នាំ២០២៣ថាតើ នឹងមានភាពល្អប្រសើរដែរឬទេ មុននឹងសម្រេចចិត្តផ្តល់ឱ្យនូវប្រព័ន្ធអនុគ្រោះពន្ធEBA ដែលអឺរ៉ុបបានកាត់ផ្តាច់អស់២០%កាលពីខែអំឡុងខែសីហាឆ្នាំ២០២០។  

តាមប្រព័ន្ធទំនាក់ទំនងTwitter លោក ចូសេប ប៉ូរេល បានលើកឡើងថា ប្រសិនបើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះរបបពាណិជ្ជកម្មEBA ក៏មិនអាចផ្តល់ជូនមកឱ្យកម្ពុជាវិញដែរ។

តែយ៉ាងណា ភាគីកម្ពុជាមិនបានបញ្ជាក់នូវជំហររបស់ខ្លួនយ៉ាងណានោះទេ ចំពោះការលើកឡើងរបស់សហភាពអឺរ៉ុបជុំវិញប្រព័ន្ធអនុគ្រោះពន្ធEBA​។ ប៉ុន្តែកាលពីថ្ងៃទី១៦ ធ្នូកន្លងទៅ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ប្រព័ន្ធលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរ ហើយបើតាមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនាឆ្នាំនេះវិញ គឺប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ជាមួយអត្រាអ្នកទៅបោះឆ្នោតប្រមាណ៨០% ព្រមទាំងមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន១៧ផង។ ហើយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣វិញ កម្ពុជាក៏បានអញ្ចើញសហភាពអឺរ៉ុបចូលរួម និងបញ្ចូនអ្នកសង្កេតការណ៍មកតាមដានការបោះឆ្នោតនៅកម្ពុជាដូចគ្នា។

គួរឱ្យកត់សម្គាល់ដែរថា ការជួបជជែកគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ដើម្បីពិភាក្សារឿងប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ធ្វើឡើងក្រោយពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បញ្ចេញថ្វីមាត់ក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅក្នុងតំបន់អឺរ៉ុបកាលពីថ្ងៃទី១២ ខែធ្នូ។ នាពេលនោះ លោកនាយករដ្ឋមន្ត្រីអះអាងថា លោកមិនលាដៃសុំជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុបជាដាច់ខាត ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ ព្រោះលោកមិនយកឯករាជ្យភាព អធិបតេយ្យភាព ជាថ្នូរនឹងជំនួយណាមួយឡើយ។

ដោយឡែកកាលពីថ្ងៃទី១៤ ខែធ្នូ មេដឹកនាំបក្សប្រឆាំងកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ដែលស្វះស្វែងរកកិច្ចអន្តរាគមន៍ទៅកាន់សភាពអឺរ៉ុបបាន​ផ្សព្វផ្សាយលិខិតរបស់សមាជិកសភាអឺរ៉ុប ដែលបញ្ចូនទៅកាន់ប្រធានក្រុមប្រឹក្សាសហភាអឺរ៉ុប ក៏ដូចជាប្រធាន​គណៈកម្មាធិការអឺរ៉ុប និង​អនុប្រធានសហភាពអឺរ៉ុបឱ្យជួយអន្តរាគមន៍លើបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា និងគាប់ជួនពេលលោកនាយករដ្ឋ​​​មន្ត្រីហ៊ុន សែន​កំពុងមានវត្តមាននៅតំបន់អឺរ៉ុបស្រាប់។

ក្នុងលិខិតនោះ មានការរំឭកឡើងវិញថារដ្ឋាភិបាលកម្ពុជាបានបង្ក្រាបសំឡេងអ្នកប្រឆាំង អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ ក្រោមវិធានការកូវីដ-១៩។ ហើយសមាជិកសភាអឺរ៉ុបបានទទួចឱ្យសហភាពអឺរ៉ុបពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអនុវត្តបានពេញលេញនូវលំហរសេរីភាពនយោបាយ និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

សូមជម្រាបថា សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០%ពីកម្ពុជាចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០មកម្ល៉េះ។ ហើយកាលពីដើមខែឧសភា ពោលគឺមុនការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ សហភាពអឺរ៉ុបក៏ចេញមកព្រមានកម្ពុជាម្តងទៀតថា ខ្លួននឹងពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ទាំងស្រុងពីកម្ពុជាប្រសិនបើការបោះឆ្នោតនៅឆ្នាំ២០២៣ មិនធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ