អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ថៃ​រៀប​ចំ​កិច្ចប្រជុំ​ក្រៅ​ក្របខណ្ឌ​អាស៊ាន​ស្តីពី​ភូមា​ ក្រោយ​វិបត្តិ​ភូមា​មិន​អាច​ដោះស្រាយ​បាន​អំឡុង​កម្ពុជា​ជា​ប្រធាន​អាស៊ាន

ប្រទេសថៃ​នឹង​រៀបចំ​កិច្ច​ប្រជុំក្រៅ​ក្របខណ្ឌ​អាស៊ាន ​ដើម្បី​ពិគ្រោះ​យោបល់​ដោយ​បើកចំហរ​ អំពី​បញ្ហា​ប្រទេស​ភូមា ​នៅថ្ងៃទី២២ ​ខែធ្នូ ​ខាងមុខ។​ នេះបើ​តាម​ការឱ្យ​ដឹង​ពីកាសែតថៃ ​PBS ​ចេញ​ផ្សាយ​នៅថ្ងៃទី១៨ធ្នូ ​កន្លងទៅ។ ​ការ​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តីពី​បញ្ហា​ភូមា​ក្រៅក្រប​ខណ្ឌ​អាស៊ាន ​ដែលគ្រោង​នឹង​មាន​ការ​អញ្ជើញ​ប្រទេស​ពាក់ព័ន្ធ​ចូលរួម​ដែរ​នោះ ​ធ្វើឡើង​បន្ទាប់​ពីថៃ ​បាន​រងនូវ​ផល​ប៉ះពាល់​ដោយផ្ទាល់​ និង​ដោយ​ប្រយោល​ពីវិបត្ត​នយោបាយ​នៅភូមា។​

ក្រុម​ព្រះសង្ឃ​ភូមា ជាតិនិយម​ជ្រុល​ដូចជា​ចលនា ៩៦៩​ដឹកនាំ​ប្រជាជន​ភូមា​ធ្វើ​បាតុកម្មតប​នឹង​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា
ក្រុម​ព្រះសង្ឃ​ភូមា ជាតិនិយម​ជ្រុល​ដូចជា​ចលនា ៩៦៩​ដឹកនាំ​ប្រជាជន​ភូមា​ធ្វើ​បាតុកម្មតប​នឹង​ការរិះគន់​របស់​បរទេស ក្នុង​រឿង​គ្រប់គ្រង​ជនជាតិ​រ៉ូហ៊ីងយ៉ា ®REUTERS/Aubrey Belford
ផ្សាយពាណិជ្ជកម្ម

ប្រភពមិនបញ្ចេញឈ្មោះនៅក្នុងជួររដ្ឋាភិបាលថៃ ឱ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវការ ដែលផ្តួចផ្តើមដោយប្រទេសថៃនេះ មានការចូលរួមផងដែរពីរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាលោក Wunna Maung Lwin រួមនឹងប្រទេសមួយចំនួននៅជុំវិញថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីវិបត្តិភូមា។ នេះបើតាមការចេញផ្សាយរបស់កាសែតថៃ PBS កាលពីថ្ងៃអាទិត្យ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស មិនទាន់មានការបញ្ជាក់ពីការចូលរួមយ៉ាងណានៅឡើយទេ។ ក៏ប៉ុន្តែលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថាការផ្តើមរៀបចំរបស់ថៃអាចជាការល្អ នៅក្នុងដំណោះស្រាយវិបត្តិភូមានេះ ក៏ប៉ុន្តែក៏ត្រូវមានការឯកភាពពីប្រទេសជាសមាជិកអាស៊ាន៩ផ្សេងទៀតដែរ។

តាមលោក ឯម សុវណ្ណារ៉ា បើកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រៅក្របខណ្ឌអាស៊ាន ដោយមិនមានការឯកភាពពីបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត វាអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាដែរ ខណៈបញ្ហាភូមានេះមិនត្រូវបានដោះស្រាយឲ្យប្រសើរឡើងនៅក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហាភូមា លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសភូមា​ជា​លើក​ទី​៣​។ ការលុបចោលទស្សនកិច្ចលើកទី៣នៅភូមានេះ គឺដោយ​សារ​តែ​លោក ប្រាក់ សុខុន ត្រូវចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន ​និង​សហភាព​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ខណៈដែលមិន​មាន​ការ​រំពឹង​ថានឹង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ដុំ​កំភួនជុំវិញបញ្ហាភូមា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ