អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រោយជាប់គាំងថៃអញ្ជើញកម្ពុជាដែលជាប្រធានអាស៊ានទៅពិគ្រោះរឿងភូមា

តបតាម​ការ​អញ្ជើញ​របស់​រដ្ឋមន្រ្តីការបរទេស​ថៃ ​ប្រេសិត​ពិសេសនៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហាភូមា​ លោក ប្រាក់ សុខុន​ ដែល​ជារដ្ឋមន្រ្តីការ​បរទេស​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​ទៅចូល​រួម​ក្នុង​កិច្ចពិគ្រោះយោបល់​ក្រៅផ្លូវការ​ ស្ដី​ពី​បញ្ហា​ប្រទេសភូមា ​នៅទីក្រុង​បាងកក​ ប្រទេសថៃ។ ​កិច្ច​ពិគ្រោះយោ​បល់​ក្រៅផ្លូវការ​នេះ ​ប្រព្រឹត្ត​ធ្វើនៅថ្ងៃទី២២ធ្នូនេះ ​ហើយ​អ្នក​ចូល​រួម​រំពឹងថា​ នឹង​មាន​ការ​ពិភាក្សា​ត្រង់​ទៅត្រង់មក​ ដើម្បី​ពន្លឿន​វឌ្ឍនភាព​ក្នុង​ការ​អនុវត្តការ​ព្រម​ព្រៀង​ជាឯកឆ្ឆន្ទ​ ៥ចំណុច​ស្ដី​ពី​មីយ៉ាន់ម៉ា។​

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្ដីពីបញ្ហាប្រទេសភូមា នៅទីក្រុងបាងកក ប្រទេសថៃ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្ដីពីបញ្ហាប្រទេសភូមា នៅទីក្រុងបាងកក ប្រទេសថៃ។ © FB/MFA
ផ្សាយពាណិជ្ជកម្ម

ភាគីកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាភូមា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលរៀបចំដោយប្រទេសថៃ។ បើតាមក្រសួងការបរទេសកម្ពុជា កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថា នឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោ​បាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកឆ្ឆន្ទ៥ចំណុចស្ដីពីមីយ៉ាន់ម៉ា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២១ធ្នូ។

ប្រទេសថៃ​បាន​រៀបចំ​កិច្ច​ប្រជុំក្រៅ​ក្របខណ្ឌ​អាស៊ាន ​ដើម្បី​ពិគ្រោះ​យោបល់​ដោយ​បើកចំហរ​ អំពី​បញ្ហា​ប្រទេស​ភូមា។ កិច្ចប្រជុំក្រៅផ្លូវការដែលផ្តួចផ្តើមដោយប្រទេសថៃនេះ បើតាមការឲ្យដឹង ក៏មានការចូលរួមផងដែរពីរដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមាលោក Wunna Maung Lwin រួមនឹងប្រទេសមួយចំនួននៅជុំវិញថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីវិបត្តិភូមា។ នេះបើតាមការចេញផ្សាយរបស់កាសែតថៃ PBS កាលពីថ្ងៃ១៨ធ្នូ។

សម្រាប់លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ថា កិច្ចពិគ្រោះយោ​បល់ក្រៅផ្លូវការស្ដីពីបញ្ហាភូមា ដែលរៀបចំដោយប្រទេសថៃ ហើយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជានេះ គឺជារឿងល្អ។ បើតាមលោកបណ្ឌិត ប៉ា ចន្ទរឿន មិនថាប្រទេសណា ឬអង្គការណានោះទេ ឲ្យតែដោះស្រាយបញ្ហាភូមាបាន គឺជារឿងល្អសម្រាប់ប្រជាជនភូមា ដែលកំពុងរងនូវអំពើហិង្សា និងរំលោភសិទ្ធិមនុស្ស។

ទាក់ទិននឹងបញ្ហាប្រទេសមីយ៉ាន់ម៉ានេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២១ខែធ្នូ បានអនុម័តដំណោះស្រាយលើកដំបូងរបស់ខ្លួនលើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ៧៤ឆ្នាំ ដើម្បីទាមទារឲ្យបញ្ចប់អំពើហិង្សា និងជំរុញឲ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រី Aung San Suu Kyi។

គួររំលឹកថា បញ្ហាមីយ៉ាន់ម៉ានេះ ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហាភូមា លោក ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសភូមា​ជា​លើក​​ទី​៣​។ ការលុបចោលទស្សនកិច្ចលើកទី៣នៅមីយ៉ាន់ម៉ានេះ គឺដោយ​សារ​តែ​លោក ប្រាក់ សុខុន ត្រូវចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន ​និង​សហភាព​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ខណៈដែលមិន​មាន​ការ​រំពឹង​ថានឹង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ដុំ​កំភួនជុំវិញបញ្ហាភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ