អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ជំនួប​នៅបាងកក៖​ កម្ពុជា​ថា​ជាការ​ស្វែងរក​ច្រក​ចេញ​ឲ្យភូមា ​ប្រកប​ទៅដោយ​អត្ថន័យ

កម្ពុជា​និង​សមាជិក​អាស៊ាន​មួយចំនួន​ បាន​ជួប​ជជែកគ្នា​ក្រៅផ្លូវការ​ ដើម្បី​រក​មើល​ច្រកចេញ​ឲ្យភូមា ​ដែល​កំពុង​ស្ថិត​ក្រោម​កាន់កាប់​របស់​របប​យោធា។​ ជាកិច្ច​ប្រជុំ​នៅឯទី​ក្រុង​បាងកក​ សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​អះអាងថា ​នេះជាការ​ជជែក​ដោយ​ចំហ ​ស្មោះត្រង់ ​និង​មាន​អត្ថន័យ​ដើម្បី​ទទួល​ព័ត៌មាន​ពីភាគីភូមា។​

កម្ពុជានិងសមាជិកអាស៊ានមួយចំនួន បានជួបជជែកគ្នាក្រៅផ្លូវការ ដើម្បីរកមើលច្រកចេញឲ្យភូមា នៅប្រទេសថៃ
កម្ពុជានិងសមាជិកអាស៊ានមួយចំនួន បានជួបជជែកគ្នាក្រៅផ្លូវការ ដើម្បីរកមើលច្រកចេញឲ្យភូមា នៅប្រទេសថៃ © FB/MFAIC
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃ២៣ធ្នូនេះ បានបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការនៅប្រទេសថៃ បានផ្តល់ឱកាសឲ្យរដ្ឋមន្ត្រី និងតំណាងភាគីទាំងអស់បានចូលរួម ដើម្បីទទួលព័ត៌មានពីភូមា ដោយភាពបើកចំហ ស្មោះត្រង់ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច ដែលដាក់ចេញតាំងពីឆ្នាំទៅ។ សម្រាប់កម្ពុជា នេះគឺការជជែកដើម្បីឈានទៅរកការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច និងស្វែងរកនូវច្រកចេញឲ្យភូមាវិលរកភាពប្រក្រតីឡើងវិញ ក្រោយការធ្វើរដ្ឋប្រហាររបស់របបសឹក។

បើតាមក្រសួងការបរទេស ការជជែកក្រៅផ្លូវការនេះ ធ្វើឡើងទៅតាមចំណុចទី១៤របស់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិនិត្យមើលអំពីការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុចពីសំណាក់របបសឹកភូមា។ នេះគឺជាការជជែក ដើម្បីជួយភូមារកបាននូវដំណោះស្រាយដោយសន្តិវិធី។ នេះបើតាមក្រសួងការបរទេសកម្ពុជា។

ការជជែកគ្នាក្រៅផ្លូវការទៅលើវិបត្តិភូមា ដែលជាការផ្ចុងផ្តើមដោយភាគីថៃ ពេលនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីរបបសឹក រហូតដល់៣រូប ដែលរួមមាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិនិងវិនិយោគ និងរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចបរទេស។ រីឯសមាជិកអាស៊ានវិញ មានកម្ពុជាក្នុងនាមជាប្រធាននៅឆ្នាំនេះ ថៃដែលជាម្ចាស់ផ្ទះ ឡាវ និងវៀតណាម។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺបណ្តាបងធំអាស៊ាន ជាអាទិ៍ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ មិនមានវត្តមានឡើយនៅចំពោះការជជែកក្រៅផ្លូវការ ដែលមានភាគីរដ្ឋមន្ត្រីរបបសឹកចូលរួមពេលនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងបាងកក នាថ្ងៃទី២២ធ្នូ ស្តីពីវិបត្តិភូមា ធ្វើឡើងដោយមានការផ្តួចផ្តើមពីរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ដោយហេតុថា ថៃបានរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីវិបត្តិភូមា គិតចាប់តាំងពីការណ៍ដែលរបបសឹកធ្វើរដ្ឋប្រហារ នៅថ្ងៃទី០១កុម្ភៈ២០២១។ ការផ្ចុងផ្តើមឲ្យមានការជជែកក្រៅផ្លូវការនេះ​ ត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ជារឿងល្អដើម្បីរកដំណោះស្រាយឲ្យភូមាបានឆាប់រហ័ស។ ក៏ប៉ុន្តែ បើតាមអ្នកវិភាគ នេះក៏អាចជាភាពអាម៉ាសមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលមិនអាចរកដំណោះស្រាយឲ្យភូមាបាន និងត្រូវឲ្យសមាជិកអាស៊ានផ្សេងទៀតចូលលូកដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ