អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក​ ហ៊ុន សែន៖​បញ្ហាដែល​លំបាក​បច្ចុប្បន្ននេះ​គឺផលិត​បានហើយគ្មានទីផ្សារ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទទួលស្គាល់​ពីការ​ត្អូញ​ត្អែរថា ផលិត​ផល​កសិកម្ម​ ឬ​ផលិត​ផល​ផ្សេង​ៗទៀត​មួយចំនួន ដែល​ផលិត​បានហើយ​បែរជាគ្មានទីផ្សារ​ទៅវិញ។ ប៉ុន្តែ​ជាមួយនឹង​ការ​ទទួល​ស្គាល់​នេះ លោក ហ៊ុន សែន បានចំអកទៅកាន់គណបក្សប្រឆាំង​ថា «ធ្វើ​នយោបាយ​ប្រជាភិថុតិ ដោយសន្យាធ្វើ​ឲ្យ​ស្រូវ​ឡើង​ថ្លៃ និងធ្វើឲ្យ​អង្ករ​ចុះថោក»។ បើតាមលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គឺមិនងាយ​ស្រួលឡើយ ហើយ​សូមការ​យោគយល់ពីប្រជាពលរដ្ឋ ខណៈលោក​នៅបន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោតឲ្យបក្សរបស់លោក​។ 

អង្ករកម្ពុជា (រូបតំណាង)
អង្ករកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលេខ​៤១​ ដែលជាកម្ចី​របស់ចិន ពីខេត្តកំពង់​ស្ពឺ​ទៅ​កាន់​ខេត្ត​កំពត​នៅ​ព្រឹកថ្ងៃ​ទី​២៦​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​​កម្ពុជា និង​ចិន គឺជាជោគជ័យមួយ​ក្នុង​ការ​ជំរុញឲ្យមានការនាំចេញទំនិញជាច្រើន​ពីកម្ពុជា​ទៅ​ចិន ពិសេស​អង្ករ និង​ផលិត​កសិកម្ម​ផ្សេងទៀត។ ប៉ុន្តែ​ជាមួយគ្នានេះ ​លោកប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ទទួលស្គាល់ថា ​ផលិត​ផល​កសិកម្ម​ ឬ​ផលិត​ផល​ផ្សេង​ៗទៀត​មួយចំនួន ដែលកម្ពុជា​ផលិត​បានហើយ​បែរជាពិបាក​រកទីផ្សារ​ទៅវិញ។ លោក​ចាត់ទុកថា នេះជាបញ្ហាដែល​លំបាក​បច្ចុប្បន្នរបស់​រដ្ឋាភិបាល ខណៈ​លោក​ឆ្លៀត​ចំអកទៅកាន់​គណបក្ស​ប្រឆាំង​ថា ធ្វើនយោបាយ​ប្រជាភិថុតិ​កេង​ចំណេញ​លើបញ្ហានេះ តាមរយៈ​ដើរ​ប្រាប់​អ្នក​ទិញអង្ករ​តាម​ទី​ផ្សារ​ថា​នឹងធ្វើ​ឲ្យ​អង្ករ​ចុះ​ថោក ហើយបន្តទៅប្រាប់​អ្នក​ធ្វើ​ស្រែថា ​នឹងធ្វើ​ឲ្យស្រូវ​ឡើង​ថ្លៃ។

សម្រាប់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​មាន​ការ​ថ្លឺង​ថ្លែង​ចំពោះ​បញ្ហា​ដែល​កើត​មានរវាង​អ្នក​ផលិត​ដែល​ចង់លក់បានថ្លៃ និង​អ្នក​ប្រើ​ប្រាស់​ដែល​ចង់បាន​ទំនិញ​ក្នុង​តម្លៃ​ទាប។ លោក​លើកពីករណី​​​អ្នក​ចិញ្ចឹម​ជ្រូក​ដែលប្រមាណ​១ម៉ឺនគ្រួសារ​ចង់ឲ្យ​ជ្រូក​រស់ឡើង​ថ្លៃ ខណៈ​លោកអះអាងថា​អ្នក​បរិភោគ​សាច់​ជ្រូក​រាប់​លាន​នាក់ ចង់​ឲ្យ​សាច់​ជ្រូក​ចុះថោក។

នៅចំពោះមុខ​បញ្ហា​ផលិត​ផលកសិកម្ម​​របស់​កម្ពុជា​ដែល​ពិបាក​រកទី​ផ្សារនេះ​ បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺបញ្ហានេះ អាចដោះស្រាយបាន​ តាម​រយៈកម្ពុជា​ មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយចិន ជាមួយកូរ៉េ​ខាង​ត្បូង និង​កិច្ច​ព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ​(RCEP) ដែល​មានសមាជិក​១៥​ប្រទេសនោះ​បានចូល​ជាធរមាននៅចុងឆ្នាំ​២០២២នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ