អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ​២,២លាន​នាក់​ក្នុង​ឆ្នាំ២០២២

រយៈពេល​មួយ​ឆ្នាំពេញ ​ពោល​គឺនៅឆ្នាំ​២០២២​នេះ ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​មក​លេង​កម្សាន្ត​នៅកម្ពុជា​ប្រមាណ ២,២លាន​នាក់។​ នេះ​បើយោង​តាម​របាយការណ៍​ប៉ាន់ស្មាន​របស់​ក្រសួង​ទេសចរណ៍​ ខណៈ​ក្នុង​នោះភ្ញៀវទេសចរ​ថៃ​ឈរ​នៅ​លំដាប់​លេខរៀងទី១​ បន្ទាប់​មក​ភ្ញៀវ​ទេសចរ​វៀត​ណាម​ឈរ​នៅលំ​ដាប់​លេខ​រៀងទី២ ​និង​ភ្ញៀវទេសចរ​អាមេរិក​ឈរនៅ​លំដាប់​លេខ​រៀង​ទី៣។​ 

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

 

ក្នុងរបាយការណ៍ប៉ាន់ស្មានរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ២,២លាននាក់នេះ ក្នុងនោះភ្ញៀវទេសចរថៃមានចំនួនជិត ១៣ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាមមានចំនួនជិត ៦ម៉ឺននាក់ និងភ្ញៀវទេសចរអាមេរិកមានចំនួន ១៥ ៧៦៧នាក់។ ក្រៅពីនេះភ្ញៀវទេសចរឡាវមានចំនួន ១៤ ៩៥៩នាក់ ចិនមានចំនួន ១៤ ៧៣៣នាក់ បារាំងមានចំនួន ៩៥៤៥នាក់ ឥណ្ឌូនេស៊ីមានចំនួន ៩០៤៥នាក់ កូរ៉េខាងតក្បូងមានចំនួន ៨ ៨៤៧នាក់ អង់គ្លេសមានចំនួន ៨០៦៩នាក់ និងម៉ាឡេស៊ីមានចំនួន ៦៤៧២នាក់។

របាយការណ៍ប៉ាន់ស្មាននេះ បើធៀបនឹងឆ្នាំ២០២១ ឃើញថា ភ្ញៀវទេសចរថៃកើនឡើងជាង៣២% បើធៀបនឹងឆ្នាំ២០២១ មានតែ ៤៤៤១នាក់។ ចំណែកភ្ញៀវទេសចរវៀតណាមកើនឡើងជាង ១៧% បើធៀបនឹងឆ្នាំ២០២១ មានតែ ៤៧៣២នាក់ និងភ្ញៀវទេសចរអាមេរិក កើនឡើងជាង ៤% បើធៀបនឹងឆ្នាំ២០២១ មានតែ ១០០៤នាក់។ ចំណែកភ្ញៀវទេសចរប្រទេសផ្សេងៗមានការកើនតិចតួចតែប៉ុណ្ណោះបើធៀបនឹងឆ្នាំ២០២១។

របាយការ​ណ៍ប៉ានស្មាននេះ មិនសូវខុសគ្នាប៉ុន្មានទៅនឹងក្ដីរំពឹងរបស់ក្រសួង​ទេសចរណ៍កាលពីកន្លងទៅនោះទេ គឺ​រំពឹង​ទុក​ថា​នៅឆ្នាំ​២០២២​នេះ កម្ពុជា​នឹង​ទទួល​​បាន​ភ្ញៀវទេសចរបរទេស​មក​កម្សាន្តក្នុង​ចន្លោះ​ពី​ ១,៥លាន​នាក់ ទៅ​២លាននាក់​។

សូមបញ្ជាក់ថា ទាក់ទិនទៅនឹងការស្ដាវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានអនុគ្រោះជាច្រើនដល់ភ្ញៀវទេសចរបរទេសដែលចូលមកកម្សាន្តនៅកម្ពុជា ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់ កម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ