អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជា-ថៃ​ យក​ឆ្នាំ​២០២៥​ បង្កើន​ទំហំពាណិជ្ជកម្ម​ឲ្យដល់ ​១៥ពាន់​លាន​ដុល្លារ

កម្ពុជា ​និងថៃ​គ្រោង​សម្រេច​ឲ្យបាន​ទំហំពាណិជ្ជកម្ម​ ១៥ពាន់​លាន​ដុល្លារ​នាឆ្នាំ២០២៥​ ខណៈថៃ​ប្រាប់​កម្ពុជា​ថា​ប្រទេស​ទាំងពីរ​ត្រូវ​ការ​កិច្ច​សហការ​បន្ថែម​ទៀត។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា ​កាលពីថ្ងៃ​ទី២៨​ ខែធ្នូ។​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ ១១​ខែ​ឆ្នាំ​២០២២​ នៅតែ​បន្ត​រក្សា​កំណើន​ និង​មាន​ទំហំ​ជាង​ ៩ពាន់​ដុល្លារ។​

ជំនួបរវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលផុតអាណត្តិ និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ
ជំនួបរវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលផុតអាណត្តិ និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ © FB
ផ្សាយពាណិជ្ជកម្ម

ទាំងឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និងលោកនាយករដ្ឋមន្ត្រីថៃសុទ្ធតែបានស្វាគមន៍ចំពោះកំណើនទំហំពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ខណៈនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា លោកពេញចិត្តនឹងបន្តកិច្ចសហការរវាងកម្ពុជា ដើម្បីសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ជាការលើកឡើងនៅក្នុងជំនួបរវាងលោក អ៊ូក សោភ័ណ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដែលផុតអាណត្តិ និងលោក ប្រាយុទ្ធ ​ចាន់អូចា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៨ ខែធ្នូ។

កម្ពុជាគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី១៧របស់ថៃ ហើយក្នុងរយៈពេល១១ខែ ពោលគឺចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសទាំងមានទំហំពាណិជ្ជកម្មសរុបចំនួន ៩.១៧ពាន់លានដុល្លារ កើនឡើង២៥ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើតាមទិន្នន័យពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ។ ក្នុងរយៈពេល១១ខែ ប្រទេសថៃបាននាំទំនិញមកកម្ពុជា ក្នុងទំហំជាទឹកប្រាក់ ៨.១៣ពាន់លានដុល្លារ មានកំណើន២៥ភាគរយ ហើយកម្ពុជាបាននាំទំនិញទៅប្រទេសថៃក្នុងទំហំជាទឹកប្រាក់ ១.០៤ពាន់ដុល្លារ មានកំណើន២៧ភាគរយ។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៩ ខែធ្នូថា ប្រទេសទាំងពីរបានដោះដូរទំនិញស្ទើរគ្រប់វិស័យ ហើយថៃគឺជាប្រទេសមួយដែលកម្ពុជាបាននាំចេញផលិតផលកសិផលច្រើន។ លោក លឹម ហេង បង្ហាញការជឿជាក់ថា ការបង្កើនទំហំពាណិជ្ជកម្មឲ្យបាន ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ គឺអាចទៅរួច ដោយសារប្រទេសទាំងពីរស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលអនុវត្តតាំងពីឆ្នាំ២០១៥មក។

ក្នុងជំនួបចុងក្រោយនេះ ក៏មានការជជែកពីកិច្ចសហការបើកច្រកព្រំដែនអន្តរជាតិ​ស្ទឹងបត់-បាណងអៀន និងការសាងសង់ស្ថានីយរថភ្លើងនៃព្រំដែនរវាងប្រទេសទាំងពីរនៅប៉ោយប៉ែត។ លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា កាលពីប្រជុំកំពូលអាស៊ាន ភាគីទាំងពីរបានឯកភាពក្នុងការដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកព្រំដែនស្ទឹងបត់-បាណងអៀន ខណៈដែលការិល័យគយកំពុងសាងសង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងគេហទំព័ររបស់រដ្ឋាភិបាលថៃនៅថ្ងៃទី២៩ ខែធ្នូ។

ពាក់ព័ន្ធនឹងបញ្ហាឆបោកតាមទូរស័ព្ទ(ក្រុមជនខិលខូច) លោកនាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការជួយប្រជាជនថៃដែលរងគ្រោះនៅកម្ពុជា។ ជាការឆ្លើយតប លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា បញ្ជាក់ថា កម្ពុជាលើកទឹកចិត្តដល់ភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ