អានតួអត្ថបទ
កម្ពុជា-សង្គម

នាយករដ្ឋមន្រ្តីហៅទេសចរចិនមកទស្សនាកម្ពុជាខណៈប្រទេសអឺរ៉ុបខ្លះ​រឹតបន្តឹង​​លើ​អ្នក​ដំណើរ​មកពី​ចិន

ផ្ទុយពីប្រទេសអឺរ៉ុបខ្លះដែលមានលក្ខខណ្ឌតឹងតែងសម្រាប់អ្នកដំណើរមកពីចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០២ខែមករានេះ​បានប្រកាសស្វាគមន៍ ទេសចរចិន ប្រជាជនចិន ធ្វើទេសចរណ៍មកកាន់ ប្រទេសកម្ពុជា។  ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ បន្ទាប់ពីការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនអំពីការបើកប្រទេសចិនឡើងវិញ ជាមួយក្ដីរំពឹងលំហូរទេសចរណ៍មកកាន់កម្ពុជា។  បើតាមលោក ហ៊ុន សែន កម្ពុជានឹងចំណេញផ្នែកសេដ្ឋកិច្ចពីវិធានការរឹតបន្តឹងលើអ្នកដំណើរមកពីចិន។

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

 

នៅចំពោមុខឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធៀន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវភ្ជាប់ក្រោមជំនួយសម្បទានពីរដ្ឋាភិបាលចិន ថ្ងៃទី២ ខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កម្ពុជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរចិនខណៈដែលចិនត្រៀមបើកប្រទេសឡើងវិញដោយលំហូរប្រជាជនរាប់រយលាននាក់នឹងធ្វើដំណើរកំសាន្តនៅលើពិភពលោក។

ជាមួយនឹងការផ្ដល់ទំនុកចិត្តលើប្រជាជនចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនភ្លេចរំឮកឡើងវិញជុំវិញដំណើរទស្សនកិច្ចរបស់លោកនៅចិន នាអំឡុងពេលដែលចិនចាប់ផ្តើមរាលដាលកូវីដ-១៩ ក្នុងឆ្នាំ២០២០។ បើតាមលោក ហ៊ុន សែន កម្ពុជាមិនតឹងតែងដាក់ប្រជាជនចិន ឬ ទេសចរចិនដូចប្រទេសមួយចំនួនឡើយហើយថា កម្ពុជានឹងចំណេញសម្រាប់ការមកដល់របស់ទេសចរចិន។

មុនកូវីដ១៩ កម្ពុជាទទួលទេសចរចិនជាង២លានក្នុងមួយឆ្នាំ។ លោក ហ៊ុន សែន រំពឹងទទួលបានទេសចរចិន២លាននាក់នៅឆ្នាំ២០២៣ ក្នុងចំណោមទេសចរសរុបប្រមាណ៥លាននាក់ ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកម្ពុជាផ្ដើមរើបឡើងវិញ។ ដោយឡែកឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស២លាន២សែននាក់។

ជាការកត់សម្គាល់ផ្ទុយពីរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាល​​នៃប្រទេសកាន់តែច្រើន បានចាប់ផ្តើម​ព្រួយបារម្ភ និង​បង្កើនការប្រុងប្រយ័ត្ន ស្តីអំពីការ​រីករាលដាលឆ្លងកូវីដ​១៩ ដោយសារតែអ្នកដំណើរមកពីចិន។ ប្រទេសអឺរ៉ុបខ្លះ ដូចជាអ៊ីតាលី អេស្ប៉ាញជាដើម បានសម្រេច​រិតបន្តឹងវិធានការ ​ដាច់ដោយឡែក រៀងៗខ្លួន។​ ប្រទេសទាំងពីរ តម្រូវឲ្យ​អ្នកដំណើរមកពីចិនទាំងអស់ ត្រូវតែ​បង្ហាញ​លទ្ធផល​តេស្តអវិជ្ជមានកូវីដ ឬក៏បង្ហាញឯកសារថា បានចាក់វ៉ាក់សាំងគ្រប់ដូស​។ សហរដ្ឋ​អាមេរិក កាណាដា អ៊ីស្រាអែល អង់គ្លេស កោះតៃវ៉ាន់ ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុនជាដើម ក៏សុទ្ធតែបាន​ប្រកាសថាគេ នឹងរឹតបន្តឹង ធ្វើតេស្តរកូវីដ លើ​អ្នកដំណើរមកពី​ចិនដែរ​។

យោងតាមអង្គការ Airfinity ក្នុងរវាង២សប្តាហ៍​ចុងក្រោយនេះ មានអ្នកស្លាប់ដោយ​កូវីដនៅចិន​ យ៉ាងហោច ៩០០០នាក់ក្នុងមួយថ្ងៃ ហើយ​បើសរុបគឺប្រមាណ​១សែននាក់ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ ​បានដកចេញនូវវិធានការរឹតបន្តឹងទាំងឡាយ​។

តែយ៉ាងណាក្នុងសន្ទកថា ស្វាគមន៍ដំណើរមកដល់របស់ទេសចរចិន ប្រជាជនចិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ៦​ខែ​ម្តង ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍។ គិត​ត្រឹម​ខែវិច្ឆិកា រដ្ឋាភិបាលចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៤​លាន ៦​សែន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៥​លាន​នាក់ ដែល​រាប់​ពី​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ រហូតដល់​មនុស្ស​ពេញវ័យ​។ រីឯ​ដូស​ជំរុញ​ទី​៣ ទី​៤ និង​ទី​៥ វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​សរុប​ជាង ១៨​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ