អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម រង្ស៊ី​ ចាប់​ផ្តើម​រំលឹក​ពីព្រះរាជតួនាទី​របស់​អតីត​ព្រះមហាក្សត្រ ​មុន​ការ​បោះឆ្នោត​សំខាន់

លោក សម រង្ស៊ី​ ប្រធាន​ស្តី​ទីអតីត​គណបក្ស​សង្គ្រោះជាតិ​ នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាថ្ងៃព្រហស្បតិ៍​នេះ​ បាន​ចាប់ផ្តើម​លើក​យក​ឯកសារ​ចាស់ៗ​ ជា​ឃ្លីប​វីដេអូខ្លី ​ដែល​បង្ហាញ​ពីព្រះរាជ​បន្ទូល​ឈឺឆ្អាល​រឿងជាតិ​ និង​ប្រវត្តិសាស្ត្រ​របស់​អតីត​ព្រះមហាក្សត្រ ​ព្រះបាទ​សម្តេច​ព្រះ ​នរោត្តម​ សីហនុ។​ ការ​លើក​យក​ឯកសារ​ភ្ជាប់​ជាមួយ​អតីត​ព្រះមហាក្សត្រ​ពេលនេះ​ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថាជា​យុទ្ធសាស្ត្រ ​របស់​លោក ​សម រង្ស៊ី​ ដើម្បី​ធ្វើយ៉ាង​ណាឲ្យ​លោក​បាន​ចូល​ស្រុក​មុន​ការ​បោះឆ្នោត​ ក៏​ប៉ុន្តែ​ទិដ្ឋភាព​សង្គម​ និង​នយោបាយ​ខុសគ្នា។​

លោក សម រង្ស៊ី បានចាប់ផ្តើមលើកយកឯកសារចាស់ៗ ជាឃ្លីបវីដេអូខ្លី ដែលបង្ហាញពីព្រះរាជបន្ទូលឈឺឆ្អាលរឿងជាតិ និងប្រវត្តិសាស្ត្ររបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
លោក សម រង្ស៊ី បានចាប់ផ្តើមលើកយកឯកសារចាស់ៗ ជាឃ្លីបវីដេអូខ្លី ដែលបង្ហាញពីព្រះរាជបន្ទូលឈឺឆ្អាលរឿងជាតិ និងប្រវត្តិសាស្ត្ររបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ © FB
ផ្សាយពាណិជ្ជកម្ម

 

ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅសល់មិនដល់៧ខែទៀតផងនោះ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានលើកយកឃ្លីបវីដេអូខ្លីពីអតីតកាល ប្រហែលជាង២នាទី អំឡុងពេលដែលលោកចូលគាត់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មកបង្ហោះនៅលើហ្វេសប៊ុករបស់លោក។

អ្វីដែលោក សម រង្ស៊ី ចង់បង្ហាញតាមរយៈឃ្លីបវីដេអូនេះគឺ ព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ ដែលព្រះអង្គហ៊ានសរសេរបញ្ចេញព្រះរាជយោបល់ ខណៈដែលរដ្ឋធម្មនុញ្ញខ្មែរ ចែងថាអង្គព្រះមហាក្សត្រសោយរាជ្យ តែមិនកាន់អំណាច។ វីដេអូក៏បានរំលេចផងដែរថាអតីតព្រះមហាក្សត្រដែលសោយរាជ្យ មិនត្រឹមតែបំពេញព្រះរាជតួនាទីជាស្តេចសោយរាជ្យប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះទ័យកង្វល់ពីជាតិ ប្រជារាស្ត្រ និងប្រវត្តិសាស្ត្រ។

ចំណុចនេះ ត្រូវលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថាការបង្ហោះសារពាក់ព័ន្ធនឹងអតីតព្រះមហាក្សត្ររបស់លោក សម រង្ស៊ី នៅពេលនេះ គឺជាចេតនាទាញការចាប់អារម្មណ៍ពីមហាជន បង្ហាញពីការគោរព និងដង្ហែតាមអង្គអតីតព្រះមហាក្សត្រ។ លើសពីនេះ លោកបណ្ឌិត គិន ភា យល់ថាសាររបស់លោក សម រង្ស៊ី ក៏ចង់បង្ហាញពីការវាយប្រហារទៅលើអង្គព្រះមហាក្សត្របច្ចុប្បន្នផងដែរ។

សូមរំលឹកថា ជារៀងរាល់មុនមានការបោះឆ្នោតម្តងៗ អ្នកនយោបាយខ្មែរដែលចម្រូងចម្រាសនឹងគ្នា តែងទទួលបានការសម្របសម្រួលគ្នាក្រោមព្រះរាជតំរិះរបស់អង្គព្រះមហាក្សត្រ នរោត្តម សីហនុ កាលដែលព្រះអង្គនៅមានព្រះជន្ម។ ក៏ប៉ុន្តែសម្រាប់ពេលនេះ ស្ថានភាពមានការប្រែប្រួល ដោយមិនមានទៀតទេការសម្របសម្រួលនយោបាយមុនការបោះឆ្នោត។

លោកបណ្ឌិត គិន ភា កត់សម្គាល់បន្តថាទិដ្ឋភាពពីអតីតកាលមានលក្ខណៈខុសគ្នានឹងបច្ចុប្បន្ន ពោលគឺមេដឹកនាំបក្សប្រឆាំងរូបនេះ មិនអាចប្រើយុទ្ធសាស្ត្រដដែលមកអនុវត្តបានទេ​ ដោយសារលោក សម រង្ស៊ី មិនមានទំងន់ខាងនយោបាយសម្រាប់ការដោះដូរឡើយ។  

គណបក្សប្រជាជនកម្ពុជា ក៏ដូចមេដឹកនាំជាន់ខ្ពស់គណបក្សនេះ តែលើកឡើងជាញឹកញយ ហើយថាមិនមានការចរចានយោបាយអ្វីទាំងអស់ ជាមួយលោក សម រង្ស៊ី ខណៈដែលលោក សម រង្ស៊ី ត្រូវបានផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញឲ្យជាប់ពន្ធនាគារ ជាច្រើនឆ្នាំ និងច្រើនបទល្មើស ហើយចុងក្រោយនេះក៏បានរងនូវយុទ្ធសាស្ត្រនយោបាយដាក់ឲ្យនៅឯកោ(IF) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ