អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ក្រសួងកសិកម្ម នឹងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ សម្តាប់ការនាំចេញ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងពង្រឹងលើគុណភាពនៃការផលិតលើផ្នែកកសិកម្មឱ្យបានល្អ និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសបានក្នុងតម្លៃខ្ពស់  ព្រោះនេះជាចំណុចខ្លាំងរបស់វិស័យកសិកម្មកម្ពុជា។ ចំពោះទីផ្សារក្នុងស្រុក លោក ឌិត ទីណា បញ្ជាក់ថា ក្រសួងក៏នឹងជំរុញយន្តការរក្សាតម្លៃថេរចំពោះការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុក។ 

កសិករកម្ពុជា (រូបតំណាង)
កសិករកម្ពុជា (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា នៅពេលខាងមុខ ក្រសួងនឹងជំរុញការផលិតផលិតផលគន្លឹះទាំងឡាយណាដែលមានគុណភាពខ្ពស់ និងដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទើបតែឡើងកាន់តំណែងជាង៣ខែរូបនេះបន្តថា លោកនឹងរក្សាតម្លៃថេរចំពោះការផ្គត់ផ្គង់ក្នុងស្រុក។ ប៉ុន្តែចំពោះការនាំចេញទៅទីផ្សារក្រៅស្រុកវិញ លោកនឹងបង្កើនតម្លៃឱ្យស្របទៅនឹងគុណភាពនៃផលិតផលនាំចេញរបស់កម្ពុជា។

តាមរយៈទស្សនទាននេះ លោក ឌិត ទីណា គូសបញ្ជាក់ថា កសិករកម្ពុជា នឹងមានជម្រើសក្នុងការពិនិត្យមើល ថាគួរជ្រើសយកការផលិតណាមួយសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញទៅក្រៅប្រទេស។ 

ចំពោះការផលិតកសិផលដែលមានតម្លៃបន្ថែមរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេសនេះ លោក ឌិត ទីណា បញ្ជាក់ថា ក្រសួងនឹងផ្សព្វផ្សាយអំពីគុណភាពនៃកសិផលរបស់កម្ពុជាទៅកាន់ប្រទេសជាដៃគូបន្ត ហើយក៏នឹងជំរុញឱ្យអ្នកផលិតក្នុងស្រុកយល់ដឹងពីការជ្រើសរើសប្រភេទផលិតផលកសិកម្មណាមួយដែលមានគុណភាព និងអាចលក់បានក្នុងតម្លៃខ្ពស់។

ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿនយល់ថា ការជំរុញការនាំចេញឱ្យបានតម្លៃខ្ពស់ មិនមានអ្វីជាបញ្ហាចោទនោះទេ។ លោក ថេង សាវឿន ចង់ឃើញក្រសួងពាក់ព័ន្ធស្វែងរកទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងស្វះស្វែងរកវិធីសាស្ត្រកែឆ្នៃផលិតផលដែលមានស្រាប់ក្នុងស្រុក ដើម្បីអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានច្រើន និងលក់បានក្នុងតម្លៃខ្ពស់។

សូមជម្រាបថា ការនាំចេញទំនិញស្រូវ-អង្ករ និងកសិផលផ្សេងទៀតរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ៣,៣៦២លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករ-ស្រូវ មានចំនួនជិត៦០០លានដុល្លារ និងចំណូលបានមកពីការនាំចេញកសិផលក្រៅពីស្រូវអង្ករ មានចំនួនជាង ២០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ