អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយ​ចំនួន​បង្ហាញ​តម្រុយ​ចង់​តភ្ជាប់​ជើង​ហោះឡើង​វិញ

ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយ​ចំនួន​បង្ហាញ​និន្នាការ​តភ្ជាប់​ជើងហោះ​ឡើង​វិញ​ជាមួយ​កម្ពុជា​បន្ទាប់​ពីរដ្ឋាភិបាល​បើកជើង​មេឃ​ស្វាគមន៍​ទេសចរ​ចិន​ ខណៈ​ដែល​ចិន​គ្រោង​បើក​ចំហរ​ប្រទេស​នៅថ្ងៃទី០៨​ខែមករា។​ ​ជាមួយគ្នា​នេះ ក្រសួង​ទេសចរណ៍​នៅថ្ងៃទី៥​ខែមករា​រំពឹងថា ​ការ​ត្រឡប់​មក​វិញ​នៃទេសចរ​ចិន​ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ស្គាល់កំណើន​ទេសចរ​អន្តរជាតិ​សរុប​ ៧លាន​នាក់​នៅឆ្នាំ​២០២៥​ ដូច​ផែនការ​ដែល​បាន​គ្រោងទុក។​

ភ្ញៀវទេសចរណ៍ (រូបតំណាង)
ភ្ញៀវទេសចរណ៍ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិrfi នៅថ្ងៃទី៦ខែមករានេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានគូសបញ្ជាក់បន្ថែមថា ទោះជាមានតម្រុយអំពីក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួនបង្ហា​ញ​និន្នាការតភ្ជាប់ជើងហោះឡើងវិញក៏ដោយតែក្រុមហ៊ុនទាំងនោះមិនទាន់ស្នើសុំការចុះចតជាក់លា​ក់​នៅឡើយ។ ស្នើសុំការចុះចតជាក់លាក់ទើបរាប់បញ្ចូលជាសំណើរផ្លូវការ។  តែយ៉ាងណាមិញអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជារូបនេះអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជននិងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា​។​

តាមគម្រោងអាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​កំពុង​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុនអាកាស​ចរណ៍​ធំៗ​ចំនួន​៣​រៀប​ចំ​ជើង​ហោះ​ហើរ​ឡើង​វិញ​  ​ដើម្បី​បន្ត​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​ និង​បរិមាណ​ជើង​ហោះ​ហើរ​មក​កម្ពុជា​បន្ថែម​ទៀត​ បន្ទាប់ពីក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ចំនួន​៧​បាន​ត្រឡប់​មក​ធ្វើប្រតិបត្តិការ​ហោះ​ហើរមក​កាន់​កម្ពុជា​ឡើង​វិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កំណើន​អ្នក​ដំណើរ​បរទេស​បាន​កើន​ឡើង​រហូត​ដល់​៦០០​នាក់ក្នុង​មួយ​ថ្ងៃគិតត្រឹមដើមខែធ្នូឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ដំណាលគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី០៥ ខែមករា បានគូសបញ្ជាក់ដែរថា ការត្រឡប់មកវិញនៃទេសចរចិន អាចនឹងធ្វើឲ្យកម្ពុជាស្គាល់កំណើនទេសចរអន្តរជាតិសរុប ៧លាននាក់នៅឆ្នាំ២០២៥ ដូចផែនការដែលបានគ្រោងទុក។ បើតាមក្រសួង នៅមុនវិបត្តិកូវីដ១៩ ពោលគឺនៅឆ្នាំ២០១៩ ទេសចរចិនមកកម្ពុជា មានជាង ២.៣លាននាក់ ស្មើនឹង ៣៥.៧ភាគរយនៃទេសចរអន្តរជាតិ គិតជាចំណូលស្មើនឹងប្រមាណ ១ ៨០០លានដុល្លារលើចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ។

នៅចំពោះមុខការបើកជំហរជើងមេឃទទួលស្វាគមន៍ទេសចរចិននិងទេសចរប្រទេសផ្សេងទៀត ក្រសួ​ង​​ក៏​បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពផ្សព្វផ្សាយនានានៅកម្ពុជា  ដើម្បីឲ្យការផ្ដល់សេវានៅកម្ពុជាកាន់តែល្អប្រសើរ។​

លោកស្រី ឆាយ ស៊ាវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជារំពឹងថា ប្រតិបត្តិករផ្នែកទេសចរណ៍និងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល នឹងទទួលបានប្រយោជន៍ច្រើនពីលំហូរទេសចរចិនព្រោះមិនសម្រាប់តែកម្ពុជាប្រទេសក្បែរកម្ពុជាក៏ចង់បានលំហូរទេចរចិនទៅដល់ដែរ។ ប៉ុន្តែយ៉ាងណាលោកស្រីមិនភ្លេចរំឮកទៅភាគីពាក់ព័ន្ធត្រូវគោរពតាមក្រមប្រតិបត្តិស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលនាពេលកន្លងមកដែរដើម្បីបញ្ចៀសកម្ពុជាពីវិបត្តិកូវីដធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ