អានតួអត្ថបទ
កម្ពុជា-អាស៊ាន

បេសកកម្ម​៥ឆ្នាំ៖​ លោក កៅ គឹមហួន​ ត្រៀម​សម្រប​សម្រួល​បញ្ហាផ្ទៃ​ក្នុង​អាស៊ាន ​ក្នុង​នាម​ជាអគ្គលេខាធិការ​ថ្មី

លោក កៅ គឹមហួន​ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ បាន​ចេញ​ពីប្រទេស​កម្ពុជា​ ធ្វើ​ដំណើរ​ទៅប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បីកាន់​តំណែង​ជាអគ្គលេខាធិការ​អាស៊ាន។ ​ក្នុង​បេសកកម្ម​៥ឆ្នាំ​ខាងមុខ​ លោក កៅ គឹមហួន​ បាន​អះអាងថា ​លោកបានត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​សម្របសម្រួល​បញ្ហាភូមា​ ដែល​ជាបញ្ហា​ផ្ទៃក្នុង​អាស៊ាន​ នៅក្នុង​នាម​ជាអគ្គលេខាធិការថ្មី។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី © Internet
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខតំណែងថ្មី ជាអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថា លោកមានតួនាទីជាអ្នកគាំទ្រដល់យន្តការអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំទាំងអស់ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ លោក កៅ គឹមហួន ថា លោកនឹងដើរតួនជាអ្នកសម្របសម្រួលនៅរាល់ការងារទាំងអស់អាស៊ាន ដ្បិតអង្គការតំបន់មួយនេះមានដៃគូសហការផ្សេងៗជាច្រើន។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលដែលលោកត្រូវចេញដំណើរទៅកាន់ការងារ នៅឯប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃសុក្រនេះ។

ទោះយ៉ាងណា បញ្ហាភូមា នៅតែមិនបំភ្លេចឬទាត់ចេញពីការទទួលខុសត្រូវរបស់អគ្គលេខាធិការអាស៊ាននោះដែរ។ សម្រាប់លោក កៅ គឹមហួន ក្នុងនាមជាអគ្គលេខាធិការថ្មី គឺលោកនឹងត្រូវស្វែងយល់បន្ថែមទៀតអំពីការវិវត្តន៍ស្ថានការណ៍នៅក្នុងប្រទេសភូមា។ បើតាមលោក កៅ គឹមហួន គឺលោកត្រូវធ្វើការជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៣ និងជាមួយប្រេសិតពិសេសអាស៊ាន ដើម្បីជំរុញឲ្យរបបសឹកអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច ដែលធ្វើឡើងនៅឯទីក្រុងហ្សាកាតា ឆ្នាំ២០២១។

ក្នុងមុខតំណែងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាពេលនេះ លោក កៅ គឹមហួន បានថ្លែងដោយក្តីរំភើប ព្រោះតួនាទីនេះទទួលបានការយល់ស្របពីសំណាក់ប្រមុខដឹកនាំអាស៊ានទាំងអស់។ ក្នុងបេសកកម្ម៥ឆ្នាំ លោក កៅ គឹមហួន បញ្ជាក់ថា លោកនឹងប្រើប្រាស់ពេលវេលានេះ ឲ្យមានតម្លៃក្នុងការដោះស្រាយបញ្ហាអាស៊ាន ក្នុងនាមជាពលរដ្ឋខ្មែរ។ លោកថា លោកមានទំនុកចិត្តខ្ពស់ក្នុងតួនាទីថ្មីនេះ ដោយសារតែអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ធ្លាប់កាន់ការងារច្រើនទាក់ទងទៅនឹងអាស៊ាន​។

គួរបញ្ជាក់ថា លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងត្រូវកាន់តំណែងជាអគ្គលេខាធិការអាស៊ាន ក្នុងអាណត្តិ៥ឆ្នាំ ពីឆ្នាំ២០២៣រហូតដល់២០២៨ ក្រោយអគ្គលេខាធិការអាស៊ានចាស់ លោក Lim Jock Hoi បានអស់អាណត្តិនៅឆ្នាំ២០២២។ សម្រាប់កម្ពុជា លោក កៅ គឹមហួន ជាមនុស្សទី២ ដែលចូលទៅកាន់តំណែនៅអង្គការអាស៊ាន ខណៈដែលលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ក៏ធ្លាប់ធ្វើជាអគ្គលេខាធិការរងបានមួយអាណត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ