អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សមាគម​ទេសចរណ៍​កម្ពុជា​ចាត់​ទុក​ថា ​កម្ពុជា​នឹង​ចំណេញ​ផល​សេដ្ឋកិច្ច​ពី​ទេសចរ​ចិន​ ជា​ជាង​ហានិភ័យ​ពី​ករណី​ឆ្លងកូវីដ១៩

 សមាគម​ទេសចរណ៍​កម្ពុជា​លើក​ឡើង​ថា ​កម្ពុជា​នឹង​ចំណេញ​ផល​សេដ្ឋកិច្ច​ពី​ភ្ញៀវទេសចរ​ចិន ​ខណៈ​រដ្ឋាភិបាល​ចិន​បានប្រកាស​បើក​ទ្វារ​ប្រទេស​ឡើងវិញ។​ តែ​យ៉ាង​ណា​សមាគមទេសចរណ៍​កម្ពុជា​វាយ​តម្លៃ​ថា​ស្ថានភាព​ភ្ញៀវទេសចរ​ចិន​នៅ​មិនទាន់​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើនទេ​  ពីព្រោះ​ជើងហោះហើរ​ដែល​តភ្ជាប់​ពីចិន​មក​កម្ពុជា​នៅមាន​ចំនួន​តិច​ ហើយ​ថ្លៃ​សំបុត្រ​យន្តហោះ​ក៏​ផ្តើម​ឡើង​ថ្លៃវិញ។​ ហើយ​ទន្ទឹម​នឹង​ការ​ផ្ទុះខ្លាំង​នូវ​ករណីកូវីដ១៩​ក្នុង​ប្រទេស​ចិន​ លោក​ស្រី ឆាយ ស៊ីវលីន​ ប្រធានសមាគម​ទេសចរណ៍​កម្ពុជា​បាន​អះអាងថា​ កម្ពុជា​មិន​ប៉ះពាល់​ខ្លាំងនោះទេ ​ដោយសារ​តែ​ប្រព័ន្ធ​ភាព​សុំាក្នុង​សហគមន៍​របស់ពលរដ្ឋ​ខ្មែររឹងមាំ។​

ភ្ញៀវទេសចរ( រូបតំណាង)
ភ្ញៀវទេសចរ( រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

 

នៅមិនទាន់អាចវាយតម្លៃបានជារួមនៅឡើយចំពោះកំណើនភ្ញៀវទេសចរចិនចូលមកកម្ពុជា ក្រោយរដ្ឋាភិបាលចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃចន្ទ ទី០៩ ខែមករា។ ប៉ុន្តែលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាថា កម្ពុជានឹងចំណេញផលសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍បរទេស បើទោះបីត្រូវចំណាយពេលរងចាំការវិលមកវិញរបស់ភ្ញៀវទេសចរចិន។

ប្រធានសមាគមន៍ទេសចរណ៍កម្ពុជារូបនេះ ក៏បង្ហាញការព្រួយបារម្ភបនិ្តច ចំពោះករណីផ្ទុះឡើងវិញនូវមេរោគកូវីដ១៩ក្នុងប្រទេសចិន។ ប៉ុន្តែលោកស្រីមិនចាត់ទុកថា ការកើនឡើងនៃមេរោគកូវីដ១៩ក្នុងប្រទេសចិននេះ អាចជះឥទ្ធិពលអវិជ្ជមាន ឬបង្កជាប៉ះពាល់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាដែលរំពឹងពីលំហូរភ្ញៀវទេសចរចិននោះទេ។ មិនព្រួយបារម្ភខ្លាំងពេក បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រសិនបើមានការព្រួយបារម្ភខ្លាំង កម្ពុជាអាចអនុវត្តនូវវិធានស្តង់ដារអនាម័យSOPរបស់ក្រសួងទេសចរណ៍បន្តទៀត ខណៈភាពសុំាក្នុងសហគមន៍វិញក៏មានភាពរឹងមាំដដែល ដែលកត្តាទាំងនេះ លោកស្រីចាត់ទុកថា កម្ពុជាមិនងាយរងគ្រោះពីការផ្ទុះឡើងវិញនៃមេរោគកូវីដ១៩តាមរយៈភ្ញៀវទេសចរចិនចូលមកកម្ពុជានោះទេ។

ទាក់ទិននឹងរឿងនេះដែរ កាលពីថ្ងៃទី២ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវភ្ជាប់ក្រោមជំនួយសម្បទានពីរដ្ឋាភិបាលចិនថា កម្ពុជាមិនតឹងតែងដាក់ប្រជាជនចិន ឬ ទេសចរចិនដូចបណ្តាប្រទេសមួយចំនួនដែលព្រួយបារម្ភពីករណីឆ្លងកូវីដ១៩ឡើយ ដោយថា កម្ពុជានឹងចំណេញសម្រាប់ការមកដល់របស់ទេសចរចិន។

លោកនាយករដ្ឋមន្ត្រីបន្តថា មុនកូវីដ១៩ កម្ពុជាទទួលបានទេសចរចិនជាង២លានក្នុងមួយឆ្នាំហើយឆ្នាំ២០២៣នេះ លោកនឹងរំពឹងថា អាចទទួលបានទេសចរចិនប្រមាណ២លាននាក់ថែមទៀត ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាផ្ដើមងើបឡើងវិញ។ លោកនាយករដ្ឋមន្ត្រីមិនបានមានប្រសាសន៍ពីការខ្លាចរអ៊ាការនាំចូលមេរោគកូវីដ១៩តាមរយៈទេសចរចិននោះទេ ប៉ុន្តែលោកអំពាវនាវឱ្យពលរដ្ឋខ្មែរបន្តទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ៦​ខែ​ម្តង ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍។

សូមជម្រាបថា ករណីកូវីដ១៩ក្នុងប្រទេសចិនបានបន្តហក់ឡើងជាលំដាប់ បើតាមរបាយការណ៍វាយតម្លៃពីអង្គការAirfinity ករណីឆ្លងក្នុងប្រទេសចិនអាចមានចន្លោះពី២លាន៩សែនករណី ដល់៣លាន៧សែនករណីក្នុងមួយថ្ងៃ និងករណីស្លាប់អាចកើនឡើងជិត២ម៉ឺនករណីក្នុងមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ