អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ទេសចរណ៍៖​ កម្ពុជា​នឹង​អាច​ទទួល​ទេសចរ​អន្តរជាតិ​បាន​យ៉ាងតិច​ ៤លាន​នាក់​ក្នុង​ឆ្នាំ២០២៣

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពីថ្ងៃទី១១​ ខែមករា​ឆ្នាំ២០២៣ ​បាន​រំពឹងថា ​កម្ពុជា​នឹង​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​យ៉ាង​តិច​ ៤លាននាក់ ​ទន្ទឹម​នឹង​ការ​ដាក់ចេញ​ផែន​ការ​សកម្មភាព​ ៥ចំណុច ​ដើម្បី​បន្តទាក់ទាញ​ទេសចរអន្តរជាតិ​ និង​គាំទ្រ​យុទ្ធនាការ​ «ឆ្នាំទស្សនា​កម្ពុជា​ ២០២៣»​ ក្រោម​ទិសស្លោក​ «រាល់ថ្ងៃ ​គឺជាអច្ឆរិយ:​។ ​ការលើកឡើង​ដូច្នេះ​ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំ​លើកទី៣ ​នៃ​ក្រុម​ការងារ​រាជរដ្ឋាភិបាល ​និង​ឯកជន​ដើម្បី​ស្តារ ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ និង​ក្រោយ​វិបត្តិជំងឺកូវីដ-១៩។ ​

កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន​ ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន​ ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំពឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ យ៉ាងហោច៤លាននាក់ ដោយក្នុងនោះទេសចរចិន មានប្រមាណ១លាននាក់។ ទន្ទឹមនឹងនេះ លោកក៏រំពឹងផងដែរថា កម្ពុជានឹងទទួលបានទេសចរផ្ទៃក្នុងបានក្នុងរង្វង់១៥លាននាក់។

កម្ពុជារំពឹងដូច្នេះ គឺដោយយោងទៅលើការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការប្រកាសបើកព្រំដែនរបស់ចិនឡើងវិញ នាពេលថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩នេះ ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវផែនការសកម្មភាពចំនួន ៥ចំណុច។ ដោយក្នុងនោះរួមមាន ការរៀបចំសេចក្តីព្រាងវិធានការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការលើកកម្ពស់កិត្តិនាមទេសចរណ៍ ការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយនិងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍» ដើម្បីបង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

គួររំលឹកថា ​រដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ទេចរណ៍ចិន ហើយនៅថ្ងៃទី៨ មករា ចិន​​ក៏បានបើក​ចំហរ​ប្រទេសឡើងវិញ​ ដោយបានដកចេញនូវគោលនយោបាយគ្មានកូវីដ ឬហៅថា Zero-Covid។

ជាមួយគ្នានេះ កាលពីពេលថ្មីៗ បើតាមអាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួនបានបង្ហា​ញ​និន្នាការតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ បន្ទាប់ពីក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ចំនួន​៧​បាន​ត្រឡប់​មក​ធ្វើប្រតិបត្តិការ​ហោះ​ហើរមក​កាន់​កម្ពុជា​ឡើង​វិញ។ កម្ពុជាក៏បានគម្រោងសម្រេចឱ្យបាននូវការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសតួកគី ក្នុងឆ្នាំ២០២៣នេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគផងដែរ។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាន២សែននាក់ ខណៈនៅឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ២០ម៉ឺនាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ