អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជា​-អង់គ្លេស ​សម្លឹង​រក​ការ​ចរចា​ពាណិជ្ជកម្ម​ឲ្យចប់​បាន​រហ័ស​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ

កម្ពុជា-អង់គ្លេស ​កំពុង​សម្លឹង​រកការ​ចរចា​សេចក្តី​ព្រាង​អនុស្សារណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ឲ្យ​បាន​ចប់​ក្នុង​ពេល​ឆាប់ៗនេះ។ ​ក្តី​រំពឹង​នេះធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ ប្រមុខការ​ទូត​កម្ពុជា ​លោក ​ប្រាក់ សុខុន ​និង​លោក Dominic Williams ​ឯកអគ្គរាជទូតអង់គ្លេស​ កាល​ពី​ថ្ងៃទី១២​មករា​ម្សិលមិញ។​

ជំនួបរវាង ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន (ខាងស្តាំ) និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស (ខាងឆ្វេង)
ជំនួបរវាង ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន (ខាងស្តាំ) និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស (ខាងឆ្វេង) © FB/MFAIC
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខនៃកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស ភាគីទាំងពីរបានដាក់ក្តីសង្ឃឹមខ្ពស់ថា ការចរចាពាណិជ្ជកម្មរវាងគ្នា នឹងអាចបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀត។

បើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា គឺលោក Dominic Williams បានដាក់ចេញនូវមហិច្ឆតារបស់លោកចំពោះភាពជាដៃគូរបស់អង់គ្លេសជាមួយកម្ពុជា។ ក្នុងនោះមានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ដែលជាប្រយោជន៏សេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងការគាំទ្រដល់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម គឺទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២កន្លងទៅនេះ មានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំនិញ​កម្ពុជា ​នាំចេញទៅអង់គ្លេស រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម ខណៈ​ផលិតផល​អង់គ្លេស​នាំមក​កម្ពុជា ​មាន​ដូចជា ​រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿង​អេឡិចត្រូនិក​ជាដើម​។

នៅចំពោះមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មពេលនេះ ទាំងកម្ពុជា ទាំងអង់គ្លេស បានអះអាងថា នឹងត្រូវពង្រឹងបន្ថែមទៀតលើកិច្ចសហប្រតិបត្តិរវាងគ្នា លើគ្រប់វិស័យ។

ជាការកត់សម្គាល់ ការប្តេជ្ញានេះធ្វើឡើងនាខណៈដែល កម្ពុជា-អង់គ្លេស នឹងត្រៀមរៀបចំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នាទៅវិញទៅមក។

ក្រៅតែពីវិស័យពាណិជ្ជកម្ម កម្ពុជានិងអង់គ្លេស បានកត់សម្គាល់អំពីការរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-អង់គ្លេស ដោយទទួលបានជោគជ័យកន្លងមក។ សម្រាប់ភាគីកម្ពូជា គឺលោក ប្រាក់ សុខុន ដែលជាប្រមុខការទូត ប្រាថ្នាចង់ឃើញការបង្កើនកម្រិតសន្ទនានេះ ឲ្យទៅជាការពិគ្រោះយោបល់នយោបាយ ហើយក៏ជាឱកាសឲ្យប្រទេសទាំងពីរ អបអរនូវខួបការទូត៧០ឆ្នាំនៅក្នុងឆ្នាំនេះផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ