អានតួអត្ថបទ
កម្ពុជា-កសិកម្ម

កម្ពុជាអនុម័តសេចក្ដីព្រាង គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដើម្បីជំរុញកំណើនកសិពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​សេចក្ដី​ព្រាង​ «គោល​នយោបាយ​ជាតិ​ ស្តីពី​ស្វាយចន្ទី​ឆ្នាំ​២០២២-​២០២៧»​ ក្នុង​គោល​បំណង​ជំរុញ​កំណើន​កសិពាណិជ្ជកម្ម​ ដោយ​អភិវឌ្ឍន៍​ផលិតកម្ម​ កែច្នៃ​ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី១៣ ​មករា។ ​ជា​មួយ​គ្នា​នេះ ​សមាគមន៍​ស្វាយចន្ទី​យល់​ថា ​គោលនយោបាយ​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​បន្ថែម។​

ដំណាំស្វាយចន្ទី
ដំណាំស្វាយចន្ទី © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដែលមាន ៧ ផ្នែក និងឧបសម្ព័ន្ធចំនួន ២ មានគោលដៅចម្បងចំនួន ៣ រួមមាន បង្កើនទិន្នផលនៃការផលិតស្វាយចន្ទីដែលមានគុណភាព ជំរុញការធ្វើឧស្សាហូបនីយកម្មដោយប្រមូលនិងកែច្នៃស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២ និងជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ឬការពង្រីកទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម ជាដើម។ នេះបើតាមលោក ផៃ ស៊ីផាន ប្រធាន​ក្រុមអ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា។

ចំណែកឯផែនការសកម្មភាពត្រូវអនុវត្តមានដូចជា ការបង្កើតយន្តការ ការបង្កើតក្របខ័ណ្ឌគតិយុត្ត ការគាំទ្រហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការអនុវត្តគម្រោង។

ជាមួយគ្នានេះ លោក ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថាការអនុម័តសេចក្ដីព្រាង គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី នឹងជួយទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគលើការកែច្នៃស្វាយចន្ទីបន្ថែម និងជួយសហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុកដែលមានស្រាប់ផងដែរ។ លោកបន្តថា គោលនយោបាយនេះក៏នឹងជួយផ្ដល់ចំណូលដល់កសិករនៅជនបទ និងផ្ដល់បច្ចេកទេសដាំដំណាំស្វាយចន្ទីដល់ពួកគេ ដោយដីនៅតាមជនបទមិនអាចដាំដំណាំផ្សេងបាន។ លោកថា គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីនឹងអាចផ្ដល់តម្លៃបន្ថែមថល់កសិករ និងអាចជួយកាត់បន្ថយពលករចំណាកស្រុកផងដែរ។

គួរជម្រាបជូនថា ដំណាំស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដែលមានអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ។ ចំពោះការនាំចេញវិញ ក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ ១ពាន់៧៧លានដុល្លារអាមេរិក ខណៈឆ្នាំ២០២១ កម្ពុជានាំចេញបាន ១,១លានតោន ពោលគឺមានការថយចុះ ៣៤,៦៥%។ ដោយឡែកការនាំចេញទៅប្រទេសវៀតណាមមានចំនួន៦៦ ម៉ឺនតោន ថយចុះ ៣៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ