អានតួអត្ថបទ
កម្ពុជា-សង្គម

សហគមន៍​ព្រៃឡង់​ រក​ឃើញ​បទល្មើស​ព្រៃឈើ​ជាង៧០​ ករណី ​ត្រឹមរយៈពេល ៤ថ្ងៃ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តព្រះវិហារ​ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៧៣​ ករណី​ក្នុងឃុំធ្មា ​និងឃុំរៀបរយ​ ស្រុកជ័យសែន ​ខេត្តព្រះវិហារ។​ ការរកឃើញ​បទល្មើស​ព្រៃឈើនេះ​ គឺ​បន្ទាប់​ពីសមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ចុះស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​ឃ្លាំមើល​ស្ថានភាព​ព្រៃឡង់​កាលពីថ្ងៃទី១២ ​ដល់ថ្ងៃទី១៥ ​មករា។​

បទល្មើសព្រៃឈើចំនួន ៧៣ ករណីក្នុងឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន ខេត្តព្រះវិហារ
បទល្មើសព្រៃឈើចំនួន ៧៣ ករណីក្នុងឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន ខេត្តព្រះវិហារ © សហគមន៍ព្រៃឡង់
ផ្សាយពាណិជ្ជកម្ម

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ មួយក្រុមបានរកឃើញគល់ឈើដែលក្រុមជនល្មើសលួចចូលកាត់ចំនួន ៥៥ករណី ដែលឈើត្រូវបានអារមានមុខកាត់ពីកន្លះម៉ែត្រ ទៅមួយម៉ែត្រ ព្រមទាំងបានរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប ចំនួន ៣ករណីធំៗ។ នេះបើតាមការឱ្យដឹងពីបណ្ដាញយុវជនកម្ពុជា (CYN)។

លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានឱ្យដឹងថា ករណីបទល្មើសព្រៃឈើទាំង ៧៣ករណី  រួមមានករណីឈើអារជាក្ដារប្រវែង៥ម៉ែត្រ ចំនួន៣,៧ម៉ែត្រគូប ឈើអារធ្វើឃ្នាបប្រវែង៧ម៉ែត្រ ចំនួន៤,៤ម៉ែត្រគូប និងករណីឈើអារផាងជាបន្ទះប្រវែង២ម៉ែត្រ ចំនួន១ម៉ែត្រគូប។ ឈើដែលត្រូវបានអារទាំងនោះ រួមមានប្រភេទឈើដូចជា គគី ត្រាច តៀក ផ្ចឹក ឈើទាល ឈ្លីក ជាដើម។

ក្រៅពីនេះសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ក៏បានរកឃើញក្រុមជនល្មើសដែលលួចចូលទៅអារ និងដឹកឈើ ចំនួន ៨នាក់ ដែលមានគោយន្តដឹកឈើចំនួន ២គ្រឿង និងបានរកឃើញសម្ភារសម្រាប់ការកាប់ឈើជាច្រើនទៀត។

លោក អូត ឡាទីន បានឱ្យដឹងទៀតថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ បានកើតឡើងក្នុងរូបភាព ២ធំៗ ក្នុងនោះរួមមាន ការជួលប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឱ្យកាប់ឈើ ធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានព្រៃដើម្បីធ្វើចម្ការ។ លោកសង្កេតឃើញថា បទល្មើសព្រៃឈើទាំងនោះ កើតឡើងដោយសារការអនុវត្តច្បាប់នៅមានកម្រិត បញ្ហាអំពើពុករលួយ និងការរឹតត្បិតសមាជិកសមាគមធ្វើសកម្មភាពការពារព្រៃឡង់។

ជាមួយគ្នានេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជារូបនេះ បានអំពាវនាវឱ្យអាជ្ញាធរសហាការជាមួយសមាគមការពារព្រៃឈើក្នុងមូលដ្នានក្នុងការការពារព្រៃឡង់ និងសុំឱ្យមានការបង្កើនការអនុវត្តច្បាប់ចំពោះបទល្មើសព្រៃឈើផ្សេងៗ។

ក៏ប៉ុន្តែលោក នេត្រ ភ័ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាបទល្មើសធនធានធម្មជាតិខ្នាតធំលែងកើតមានទៀតហើយនៅបទល្មើសខ្នាតតូចដែលកើតមាន ហើយក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូបាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានាដើម្បីកាត់បន្ថយ។

គួរជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងបរិស្ថានបង្ក្រាបបានបទល្មើសចំនួន ៥៣៧៦ករណី រឹបអូសបានឈើជាង ១ពាន់ម៉ែត្រគូប និងដករហូតរណាយន្តចំនួន ២ពាន់១រយ គ្រឿង។ នេះតាមលោក នេត្រ ភ័ត្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ