អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ប្រ​ជុំ​គ្នា​ត្អូញ​ត្អែរ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច

ការ​ផ្តល់​ដី​សម្បា​ទាន​សេដ្ឋកិច្ច​កន្លង​មក​របស់​រដ្ឋាភិបាល​ នៅ​តែ​ត្រូវ​បាន​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​រំឭក​ពី​ផល​ប៉ះ​ពាល់​ ដោយ​សារ​តែ​ដី​ព្រៃ​ចម្កា​វិល​ជុំ​របស់​ពួកគេ​ត្រូវ​បាន​បាត់​បង់​ ហើយ​ផ្ទះ​សម្បែង​មួយ​ចំនួន​ត្រូវ​រង​ការ​លិច​លង់​ដោយ​សារ​តែ​ទំនប់​វារី​អគ្គិសនី​។​ ផល​វិបាក​ទាំង​នេះ​នៅ​តែ​បន្ត​កើត​មាន​ដល់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​មក​ប្រជុំគ្នា​លើក​ឡើង​ពី​បញ្ហា​នេះ​ប្រាប់​តំណាង​រាស្ត្រ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ក្នុង​សន្និសិទ​មួយ​ដែល​ធ្វើ​ឡើង​​នៅថ្ងៃ​ពុធនេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ 

ក្រុមជនជាតិដើមភាគតិចកម្ពុជា (រូបតំណាង)
ក្រុមជនជាតិដើមភាគតិចកម្ពុជា (រូបតំណាង) © FB/BNN
ផ្សាយពាណិជ្ជកម្ម

នៅសហគមន៍ភូមិ​ក្បាល​រមាស នៃខេត្ត​ស្ទឹង​ត្រែង​ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​បានសំដែងការ​ឈឺចាប់ នៅគ្រា​ដែល​ដី៥ពាន់​ហិកតា​ត្រូវបាន​ឈូសឆាយ​ដោយ​ក្រុម​ហ៊ុន​ចំការ​កៅស៊ូ ដោយ​ពុំ​បាន​សិក្សាល្អិន​ល្អិន និង​ពិគ្រោះជាមួយអ្នកភូមិ។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នៅថ្ងៃទី២៥​មករា​២០២៣។

ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដដែល ការ​សង់​ទំនប់​វារី​អគ្គិសនី​សេសានក្រោម២ នៅចំណុច​ប្រសព្វ​នៃទន្លេ​សេសាន និង​ទន្លេ​ស្រែពក ក៏ជាផលប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិចផងដែរ។ គម្រោង​នេះ​បាន​ជម្លៀស​ប្រជាជន​ដែល​កំពុង​រស់​នៅតាម​ដងទន្លេ​ឲ្យ​ទៅ​តាំងទីលំនៅថ្មី​ប្រមាណ១០គីឡូម៉ែត្រពីទីតាំងដើម។ អ្នកភូមិ​ខ្លះបានទទួល​សំណងដីផ្ទះ និងដីស្រែ៥ហិកតារួមទាំងថវិកាខ្លះ ខណៈ​អ្នក​៥២​គ្រួសារ​ទៀត​មិន​ទទួល​សំណង​ និងចាកចេញពីភូមិ​កំណើត រហូត​ដល់​ទឹក​លិច​ផ្ទះអស់។ នេះបើតាម​សេចក្តី​ថ្លែងការណ៍ដដែល។

សេចក្តី​ថ្លែងការណ៍នេះបន្ថែមថា សេវាសុខភាព​មិនមានសម្រាប់ស្ត្រី និង​កុមារ នៅគ្រាដែល​ផ្លូវ​ធ្វើ​ដំណើរ​រិតតែ​លំបាក​ ហើយ​គ្រូ​បង្រៀន​ដែល​មិនព្រមចាកចេញ​ត្រូវបាន​បញ្ឈប់ការងារ ហើយថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​ព្រម​ចាកចេញ​ត្រូវបានគេ​រើស​អើង រហូត​មានការ​បិទ​មិន​ឲ្យ​ចេញ​ចូល​ទៅ​ក្នុង​សហគមន៍​ទៀត​ផង។

ក្រៅពីករណីជាក់ស្តែង​ដែល​កើត​កើតឡើង​សហគមន៍​ក្បាល​រមាស បើតាម​ក្រុម​ជនជាតិ​ដើម​ គឺបញ្ហា​ដូចគ្នា​ក៏កើតមានដែរ​នៅសហគមន៍ជនដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី២ករណី សហគមន៍ជនដើម​ភាគកួយ​នៅខេត្ត​កំពង់​ធំ ក្រចេះ និង​ខេត្ត​ព្រះ​វិហារ។ នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ ក្រុម​ជនជាតិ​ដើម​ភាគតិច អំពាវនាវឲ្យតំណាងរាស្ត្រ និងអាជ្ញាធរ​ពាក់​ព័ន្ធជួយ​ដោះស្រាយបញ្ហានេះ ខណៈការ​បោះឆ្នោត​កាន់​ខិតជិតមកដល់។ បើតាមការ​ធ្វើ​ជំរឿនឆ្នាំ​២០១៣ នៅកម្ពុជា​មានក្រុម​ជនជាតិ​ដើម​ភាគ​តិចជាង១៨ម៉ឺននាក់ស្មើនឹង​២២អំបូរ រស់នៅ២០​ខេត្ត​-ក្រុង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ