អានតួអត្ថបទ
កម្ពុជា-សង្គម

កុមារ​ជិត១ម៉ឺន​៦ពាន់​នាក់​នឹង​ទទួល​បាន​ការ​អប់រំ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួនពីរ

កុមារជាង១ម៉ឺន​៥ពាន់នាក់​ដែល​បាត់បង់​ឱកាស​សិក្សា​រៀនសូត្រ ​នឹង​ទទួល​បាន​​ឱកាស​រៀន​ត្រឡប់​មកវិញ​ ក្រោម​ការគាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​ ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​កម្ពស់​សិទ្ធិកុមារ​នៅកម្ពុជា​ រយៈពេល​២ឆ្នាំ ​ចាប់ពីឆ្នាំ​២០២៣-២០២៥។​ កុមារ​ទាំងនោះស្ថិត​ក្នុង​ខេត្តគោលដៅ​ចំនួន១០ក្នុង​ប្រទេស​កម្ពុជា។​

កុមារ (រូបតំណាង)
កុមារ (រូបតំណាង) © អង្គការទស្សនៈពិភពលោក
ផ្សាយពាណិជ្ជកម្ម

ខេត្តគោលដៅទាំង១០នោះរួមមានៈ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល​ កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ដែលគ្របដណ្ដប់ក្នុងស្រុកចំនួន៣១ នៃសាលា៦៣៨ទីតាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាងអង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលបានចុះហត្ថលេខាលើគម្រោងនេះ នៅថ្ងៃទី២៦ខែមករាម្សិលមិញ។

បើតាមអង្គការទាំងពីរ គម្រោងផ្ដល់ការអប់រំដល់កុមារបឋមគ្មានលទ្ធភាពរៀនសូត្រ ប្រើប្រាស់មូលនិធិសរុបជាង៥លាន៤ម៉ឺនដុល្លារ។ មូលនិធិនេះនឹងគាំទ្រលើសកម្មភាពមួយចំនួនដូចជាៈ សាងសង់សាលារៀនស្តង់ដាថ្មីចំនួន៨សម្រាប់កុមារបាត់បង់ឱកាសទទួលបានការអប់រំចំនួន១៥ ៩៥០នាក់ ដោយក្នុងនោះ៥០ភាគរយជាក្មេងស្រី ផ្ដល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់សិក្សាចំនួន៩០០០កញ្ចប់ដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងប្រើប្រាស់សម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀននិងតួអង្គអប់រំលើសពី៥០០០នាក់។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកថ្លែងថា ការជ្រើសរើសខេត្តទាំង១០ សម្រាប់អនុវត្តគម្រោងរួមគ្នាជាមួយអង្គការអេដ អេ អាក់ស្យុង នាពេលនេះ ដោយសារតែនៅតំបន់ទាំងនោះចំនួនកុមារងាយរងគ្រោះដែលពុំមានឱកាសទទួលបានការសិក្សារៀនសូត្រនៅមានច្រើន ហើយត្រូវការគាំទ្រពីស្ថាប័នដែលពាក់ព័ន្ធ។  ម្យ៉ាងតំបន់គោលដៅស្ថិតក្នុងខេត្តទាំង១០ជាតំបន់ដែលអង្គការទស្សនៈពិភពលោកបាននឹងកំពុងតែអនុវត្តកម្មវិធីឬគម្រោងដែលមានស្រាប់។

បើតាមលោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភព វិស័យអប់រំគឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពដទៃទៀត ដែលអង្គការទស្សនៈពិភពលោក កំពុងយ៉ាងចិត្តទុកដាក់ ជាពិសេសការអប់រំសម្រាប់កុមារតូចៗ។  លោកបន្ថែមថា  អង្គការអន្តរជាតិមួយនេះធ្វើការងារជាមួយដៃគូរជុំវិញពិភពលោក ដើម្បីកុមារទទួលបានជិវិតពេញបរិបូរណ៌និងរីករាយពេញមួយជីវិត តាមរយៈការបំពាក់បំប៉នផ្នែកអក្ខរកម្មសម្រាប់ជីវិតរបស់កុមារ ពោលគឺបង្កើនចំនួនកុមារដែលចេះអាននិងសរសេរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ