អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ស្រីអ៊ុក ឆា​យ៉ាវី​៖ ការព្រមាន​ឱ្យ​ផ្តល់​របាយការណ៍​​ប្រចាំឆ្នាំ​របស់​សមាគម​​ពី​​ក្រសួង​មហាផ្ទៃ ​​ជាការ​គំរាម​បំបិទសិទ្ធិ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​គូស​បញ្ជាក់​នៅថ្ងៃ​ទី​២៧ ​ខែមករា​នេះ​ថា​ ខ្លួន​កំពុង​រងការ​គំរាម​កំហែង​ និងបំបិទ​សិទ្ធិសេរីភាព​ពីក្រសួង​មហាផ្ទៃ ​បន្ទាប់ពី​ទទួលបាន​លិខិត​ព្រមាន​​ឱ្យសមាគម​ផ្តល់​ព័ត៌មានពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ និង​សកម្មភាព​ការងារ​នៅឆ្នាំ​២០២២​ ជាដាច់​ខាត​ មុន​ដំណាច់​ខែកុម្ភៈ។​ ប្រធាន​សមាគមនគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​លោកស្រី ​អ៊ុក ឆាយ៉ាវី​ អះអាង​ថា​សមាគម​បាន​ត្រៀម​នូវ​របាយការណ៍​ខាងលើនេះ​ ក៏ប៉ុន្តែ​ត្រូវ​ការ​ពេល​ពិនិត្យ​ជាក់ច្បាស់​ជា​មុនសិន​។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងក្រុមគ្រូបង្រៀនប្រមួលផ្តុំគ្នាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ៥ តុលា ឆ្នាំ ២០១៥។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងក្រុមគ្រូបង្រៀនប្រមួលផ្តុំគ្នាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ៥ តុលា ឆ្នាំ ២០១៥។ © ហុង មិនា
ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ កាលពីថ្ងៃ​ទី២៦ ខែមករា ឆ្នាំ​២០២៣ បាន​ចេញលិខិត​ព្រមានឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផ្ដល់​ព័ត៌មានជាលាយលក្ខណ៍អក្សរ រាល់គណនីធនាគារដែលបើកសម្រាប់ប្រតិបត្តិការខ្លួន ព្រមទាំងរបាយការណ៍បូកសរុបការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជាដាច់ខាតមុនដំណាច់ខែកុម្ភៈ​ខាងមុខ​។

តាមក្រសួងមហាផ្ទៃ ប្រសិនបើ​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​មិនអនុវត្តតាម នោះក្រសួងនឹងចាត់ការ​តាមផ្លូវច្បាប់ជាធរមាន ដោយលើក​ហេតុផលថា  សមាគមមួយនេះ កន្លងទៅថ្មីៗ បានធ្វើបាតុកម្មខុសច្បាប់ លើទ្រូងផ្លូវសាធារណៈ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដែលបានប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្រៅពីនេះ ការដង្ហែក្បួនដោយថ្មើរជើង ទៅដាក់ញត្តិ នៅសាលាដំបូងរាជធានីភ្នំពេញនិងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី បានបំពានស្មារតីកិច្ចប្រជុំជាមួយសាលាក្រុងភ្នំពេញ។ កិច្ចប្រជុំជាមួយសាលាក្រុងភ្នំពេញ ដែលបានបដិសេធកម្មវត្ថុនៃការសម្ដែងមតិ និងតម្រូវឲ្យសមាគមកែសម្រួលកម្មវត្ថុរបស់ខ្លួន។

ផ្ទុយទៅវិញ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៣ បានទាត់ចោលចំពោះការលើកឡើងខាងលើរបស់ក្រសួងប្រហាផ្ទៃ ព្រោះថាសមាគមបាន​​ដាក់លិខិតឱ្យតំណឹងទុកមុនរួចហើយ។ ​លោកស្រី អ៊ុក ឆាយ៉ាវី ​​យល់ថា វាគ្រាន់​ជាលេស ដើម្បីដាក់បន្ទុក គម្រាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់សមាគមដែល​មាននិន្នាការមិនស្របតាមរដ្ឋាភិបាលតែប៉ុណ្ណោះ។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា សមាគមតែងផ្ញើរបាយការណ៍ ជាការ​​​អនុវត្តទៅតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា ក៏ប៉ុន្តែចាប់តាំងពីមានវិបត្តិកូវីដ សមាគមគ្មាន​ជំនួយឧបត្ថម្ភទ្រទ្រង់ ដោយ​បុគ្គលិករបស់សមាគមធ្វើការងារដោយស្ម័គ្រចិត្តប៉ុណ្ណោះ ជាហេតុធ្វើឱ្យសមាគមមិនទាន់បានដាក់របាយការណ៍ដូចអ្វីដែលក្រសួងលើកឡើង។

ការចេញមកព្រមានរបស់ក្រសួងមហាផ្ទៃនេះ នៅ​ក្រោយពីក្រសួងដដែលនេះបានប្រកាសឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គមទៅតាមបណ្តាខេត្តមួយចំនួន ដែលចាប់ផ្តើមពីរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ៕

សូមរំព្ញកដែរថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងទៅសាលាក្រុងភ្នំពេញ ដើម្បីប្រមូលផ្ដុំសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យមានការដោះលែងសកម្មជនយោបាយ សកម្មជនសង្គមស៊ីវិល និងសហជីព។ យ៉ាងណាក្ដី ការសម្ដែងមតិនេះ ត្រូវបានបដិសេធ ដោយថាកម្មវត្ថុនៃការសម្ដែងមតិនេះ មិនស្របទៅនឹងច្បាប់នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ហើយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានឯកភាពកែសម្រួលកម្មវត្ថុនៃការសម្ដែងមតិ។ ប៉ុន្តែ ក្រោយមក សមាគមនេះ បន្តដឹកនាំការសម្ដែងមតិនេះ នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២២៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ