អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ពាណិជ្ជកម្មកម្ពុជាថៃកើនឡើងដល់ ៤.៦ពាន់លានដុល្លារ ឆ្នាំ២០២២

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃនៅតែរក្សាកំណើននាឆ្នាំ២០២២កន្លងទៅ ដែលមានទំហំសរុបជិតដល់ ៤.៦ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤.២៣ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ភាគីកម្ពុជាថៃក៏បានប្រកាសពន្លឿនការបើកច្រកព្រំដែនស្ទឹងបត់ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត
ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត © FB
ផ្សាយពាណិជ្ជកម្ម

សម្រាប់រយៈពេល១២ខែ ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានទំហំប្រមាណ ​៤,៦៦៤លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ១៤.២៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលវិទ្យុបារាំងអន្តរជាតិទទួលបាន។

ទិន្នន័យដដែលនេះបញ្ជាក់ថាប្រទេសថៃបាននាំទំនិញមកទីផ្សារកម្ពុជាក្នុងទំហំជាទឹកប្រាក់ប្រមាណ ៣,៨៣២លានដុល្លារកើនឡើង ១០.៦៧ភាគរយ ខណៈដែលថៃនាំទំនិញពីកម្ពុជាទៅវិញ​ មានទំហំប្រមាណ ៨៣១លានដុល្លារ កើនឡើង ៣៤.១១ភាគរយធៀបនឹងឆ្នាំ២០២១។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៩ ខែមករាថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធំ គឺកាន់តែបង្ហាញពីភាពរឹងមាំ និងការជំរុញពាណិជ្ជកម្មសមា​ហរណ​កម្មសេដ្ឋកិច្ចក្នុងប្រទេសអាស៊ាន។ លោក លឹម ហេង ជឿថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាកំណើនល្អនាពេលខាងមុខ ព្រោះជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ ហើយជាប្រទេសជាប់ព្រំដែនគ្នា ដែលពឹងផ្អែកគ្នាទៅវិញទៅមក។

លោកបន្តថាផលិតផលកសិកម្មរបស់កម្ពុជា និងវត្ថុធាតុដើម ដែលត្រូវនាំចេញទៅថៃ ខណៈកម្ពុជាកែច្នៃមិនទាន់ គឺទាមទារជាចាំបាច់នូវទីផ្សាររបស់ប្រទេសជិតខាងទាំងថៃ និងវៀតណាម ហើយកម្ពុជាក៏ចងឃើញប្រទេសទាំងនេះមកវិនិយោគក្នុងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ។​

ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយឯកអគ្គរាជទូតថ្មីនៃប្រទេសថៃ ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី។ កម្ពុជា និងថៃក៏ចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើកដោយពុំរង់ចាំកាលកំណត់នោះទេ។

សូមជម្រាបជូនថា កម្ពុជា ​និងថៃ​គ្រោង​សម្រេច​ឲ្យបាន​ទំហំពាណិជ្ជកម្ម​ ១៥ពាន់​លាន​ដុល្លារ​នាឆ្នាំ២០២៥​ ខណៈថៃ​ប្រាប់​កម្ពុជា​ថា​ប្រទេស​ទាំងពីរ​ត្រូវ​ការ​កិច្ច​សហការ​បន្ថែម​ទៀត។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា ​កាលពីថ្ងៃ​ទី២៨​ ខែធ្នូ ឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ