អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក​ ហូ វណ្ណឌី៖​ ភ្ញៀវទេសចរ​ចិន​ធ្វើដំណើរ​ចូល​មក​កម្ពុជា​ជាបន្ត​បន្ទាប់ ​តែមិន​ក្នុង​ទំហំ​ច្រើន

សមាគមទេសចរណ៍​កម្ពុជា​អះអាងថា​ ជាង១ខែ​ក្រោយ​រដ្ឋាភិបាល​ចិន​បាន​ដក​ចេញ​នូវវិធានការ​កូវីដ១៩ ​សន្ទុះនៃ​ភ្ញៀវទេសចរចិន​ធ្វើដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់ ​បើទោះបី​បញ្ហា​តម្លៃ​សំបុត្រ​យន្តហោះ ​និង​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា​-ចិន​នៅបន្ត​ចោទ​ជាបញ្ហា​បន្តិច​យ៉ាងណាក្តី។​ បើតាម​ សមាគម​ លំហូរ​ភ្ញៀវទេសចរ​ចិន​នឹង​បន្ត​ចាប់​យកប្រទេស​កម្ពុជា​ ជាទិស​ដៅធ្វើ​ដំណើរ​កម្សាន្ត​កាន់​ខ្លាំង​បន្ថែម​ទៀត​នាពេល​ខាងមុខ។​

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ភ្ញៀវទេសចរចិននៅតែធ្វើដំណើរមកកម្ពុជាជាបន្តបន្ទាប់ គិតពីដើមខែមករា រហូតដល់ទល់ចុងខែ ខណៈភាគច្រើននៃភ្ញៀវទេសចរចិនទាំងអស់ ពួកគេធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ​

បើតាមលោក ហូ វណ្ណឌី កំណើននាពេលនេះ លោកមិនទាន់អាចវាយតម្លៃជារួមបានថា នឹងមានស្ថានភាពល្អប្រសើរនៅឡើយ ប៉ុន្តែខាងសមាគមបានដាក់ក្តីរំពឹងថា ចំនួនភ្ញៀវទេសចរចិនអាចនឹងមានសន្ទុះធ្វើដំណើរចូលមកប្រទេសកម្ពុជាបានកាន់តែច្រើននាពេលខាងមុខ បើទោះបីតម្លៃសំបុត្រយន្តហោះនៅមានតម្លៃថ្លៃ ត្បិតជើងហោះហើរត្រង់ពីចិនមកកម្ពុជាមានភាពល្អប្រសើរបន្តិច ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍៦កំពុងធ្វើប្រតិបត្តិការហោះហើររវាងប្រទេសទាំងពីរ។

តែយ៉ាងណា ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជារូបនេះបន្តមើលឃើញថា ភ្ញៀវទេសចរចិនដែលបានធ្វើដំណើរមកកម្ពុជា ភាគច្រើនគឺ ជាប្រភេទទេសចរដំណើរលក្ខណៈកញ្ចប់ទស្សនកិច្ច ដោយមិនមែនជាភ្ញៀវទេសចរឯកជន(គ្មានកញ្ចប់ទេសចរណ៍)។ ម្ល៉ោះហើយ សន្ទុះភ្ញៀវទេសចរចិនអាចនឹងមកសន្សឹមៗ តែមិនស្ថិតក្នុងទំហំធំ។

តែយ៉ាងណា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលនៅមិនទាន់អាចបញ្ជាក់លម្អិតអំពីចំនួនភ្ញៀវទេសចរចិនធ្វើដំណើរមកប្រទេសកម្ពុជានៅឡើយ បន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចដកវិធានការណ៍​កូវីដ១៩របស់ខ្លួនកាលពីដើមខែមករា។

ក៏ប៉ុន្តែ កាលពីថ្ងៃទី២៩ មករា ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចិនចំនួន១០៤នាក់ ជាលើកដំបូងដោយភ្ញៀវទេសចរជាង១០០នាក់នេះបានធ្វើដំណើរចេញពី អាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិកេងកងខេត្តព្រះសីហនុ តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនRuili Airline។

ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានបញ្ជាក់ពីក្តីរំពឹងថា កម្ពុជានឹងទទួលទេសចរចិនយ៉ាងតិច១លាននាក់ក្នុងឆ្នាំ២០២៣នេះ។  ក្តីរំពឹងនេះថ្លែងឡើងចំពេលកម្ពុជាត្រៀមប្រារព្វកម្មវិធី​ និងព្រឹត្តិការណ៍ជាច្រើន ដើម្បីទទួលទេសចរចិន  ដូចជាកីឡាស៊ីហ្គេមលើកទី៣២  និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ជាដើម។

ក្នុងនោះ ដើម្បីគាំទ្រវិស័យទេសចរណ៍ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ឱ្យអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍អាចងើបឡើងវិញបាន  រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ