អានតួអត្ថបទ
កម្ពុជា-សង្គម

កុមារ​កម្ពុជា​ម្នាក់ ​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​ និង​ភរិយា​ ក្រោយ​ទទួល​បាន​ការវះកាត់​បេះដូង

ប្រធានាធិបតី​កូរ៉េខាត្បូង​ លោក យូន ស៊ុកយុល​(Yoon Suk Yeol)​ និង​ភរិយា ​កាលពីថ្ងៃទី៣១​ ខែ​មករា​ម្សិលមិញ ​បាន​ទទួល​ជួបកុមារ​កម្ពុជា​ម្នាក់​ ក្រោយ​ពីកុមារ​រូបនេះ ​ទទួល​បាន​ការវះកាត់​បេះដូង ​នៅមន្ទីរពេទ្យ​មួយ​ក្នុង​ក្រុងសេអ៊ូល។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េខាងត្បូង។​ កុមារ​កម្ពុជា​រូបនេះ​ ត្រូវ​បាន​ជួយ​សង្រ្គោះពី​បញ្ហាបេះដូង​ បន្ទាប់​ពីបាន​ជួប​ភរិយា​របស់​ប្រធានាធិបតីកូរ៉េខាងត្បូង​ក្នុង​ទី​ក្រុង​ភ្នំពេញ ​កាលពីចុងឆ្នាំ២០២២។​

ប្រធានាធិបតីកូរ៉េខាត្បូង លោក យូន ស៊ុកយុល(Yoon Suk Yeol) និងភរិយា បានទទួលជួបកុមារកម្ពុជាម្នាក់ ក្រោយពីកុមាររូបនេះ ទទួលបានការវះកាត់បេះដូង នៅមន្ទីរពេទ្យមួយក្នុងក្រុងសេអ៊ូល។
ប្រធានាធិបតីកូរ៉េខាត្បូង លោក យូន ស៊ុកយុល(Yoon Suk Yeol) និងភរិយា បានទទួលជួបកុមារកម្ពុជាម្នាក់ ក្រោយពីកុមាររូបនេះ ទទួលបានការវះកាត់បេះដូង នៅមន្ទីរពេទ្យមួយក្នុងក្រុងសេអ៊ូល។ © Yonhap News
ផ្សាយពាណិជ្ជកម្ម

កុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើតរូបនេះ មានឈ្មោះ រដ្ឋា អាយុ១៤ឆ្នាំ និងត្រូវបានវះកាត់ព្យាបាលបេះដូង នៅក្នុងមន្ទីរពេទ្យ Asan ក្នុងទីក្រុងសេអ៊ូល កាលពីខែធ្នូ កន្លងទៅ។ ក្រោយពីសម្រាកព្យាបាល កុមាររូបនេះក៏បានជួប លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា នៅវិមានប្រធានាធិបតី ហើយលោក យូន ស៊ុកយុល និងភរិយា ក៏បានជូនពរឲ្យកុមារកម្ពុជារូបនេះ ឆាប់ជាសះស្បើយឡើងវិញ ក្រោយពីការវះកាត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានយ៉ុនហាប់ (Yonhap News Agency) នៅថ្ងៃទី៣១ ខែមករា ម្សិលមិញ។

ការព្យាបាលកុមាររូបនេះ គឺកើតឡើងនូវក្រោយពេល ដែលលោកស្រី​ Kim Keon Hee ដែលជាភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក យូន ស៊ុកយុល បានជួបកុមារកម្ពុជារូបនេះ កាលពីខែវិច្ឆិកា នាទីក្រុងភ្នំពេញ។

រដ្ឋាធ្លាប់ទទួលបានការវះកាត់បេះដូង ក្នុងឆ្នាំ២០១៨ ប៉ុន្តែមិនមានលទ្ធភាពក្នុងការវះកាត់ព្យាបាលបន្តដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែក្នុងពេលទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យមួយនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី​ Kim Keon Hee បានសម្រេចជួបឧបត្ថមដល់ការវះកាត់ព្យាបាលដល់ រដ្ឋា។

ជំនួបរបស់លោកស្រី​ Kim Keon Hee ជាមួយកុមារកម្ពុជារូបនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម និងទទួលបានការស្វាគមន៍ពីសាធារណជន ប៉ុន្តែក៏មានការរិះគន់ពីគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង។ ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ តំណាងរាស្រ្តគណបក្សប្រឆាំងរបស់កូរ៉េមួយរូបបានវាយប្រហារចោទប្រកាន់លោកស្រី Kim Keon Hee ថាមានបំណងធ្វើឲ្យសាធារណជនមើលទៅឃើញថាជាមនុស្សសប្បុរស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ