អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ថវិកា​ជាង​៩ទ្រីលានរៀល​សម្រាប់​ចំណាយ​លើ​មន្ត្រី​រាជការ​ក្នុង​ឆ្នាំ២០២៣

រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​ហិរញ្ញវត្ថុ​ ត្រៀម​បញ្ចេញថវិកា​សម្រាប់​ចំណាយ​លើបុគ្គលិករដ្ឋ ​ជាង៩ទ្រីលានរៀល​ក្នុង​ឆ្នាំ២០២៣នេះ។ ​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣ ​ក្នុង​កញ្ចប់​ថវិកា​នេះ ​មាន​ការ​ជ្រើសរើស​គ្រូ​បង្រៀន​ឡើងវិញ​ សរុប​៣០០០នាក់​ ក្រោយ​ផ្អាក​អស់​រយៈពេល​២ឆ្នាំ​ ដោយសារ​វិបត្តិ​កូវីដ។​ 

រូបិយ​ប័ណ្ណកម្ពុជា
រូបិយ​ប័ណ្ណកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ថវិកាជាង ​៩ទ្រីលានរៀល​​ នឹងត្រូវចំណាយសម្រាប់ការជ្រើសរើស​មន្ត្រីក្របខ័ណ្ណថ្មី ជំនួសអ្នកចូលនិវត្តន៍ឆ្នាំ​២០២២ និងការជ្រើសរើសក្របខណ្ឌគ្រូបង្រៀនឡើងវិញចំនួន​៣០០០កន្លែង ក្រោយ​អាក់ខានចំនួន​២ឆ្នាំកន្លងមក ​ដោយសារវិបត្តិកូវីដ១៩។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ​ការដំឡើងបៀវត្ស​មន្ត្រីរាជការឡើងវិញ ដែលបានអាកខាននៅក្នុងឆ្នាំ​២០២១ និងឆ្នាំ២០២២ ក៏រួមបញ្ចូលទៅក្នុងគម្រោងថវិកា ចំណាយ​លើបន្ទុកបុគ្គលិករដ្ឋនៅក្នុងឆ្នាំ ២០២៣ខាងលើ​នេះដែរ។ ក្នុងឆ្នាំ​២០២៣នេះ បុគ្គលិករដ្ឋដែលរួមមាន​មន្ត្រីរាជការស៊ីវិល​នឹងមានប្រាក់បៀវត្សអប្បរមាពីជាង១លាន១សែនរៀល-ជាង១លាន៣សែនរៀល), គ្រូបង្រៀននិងគ្រូពេទ្យ (ជាង១លាន​២សែន-១លាន៤សែន),​​ នគលបាល (ជាង១លាន២សែន-ជាង​១លាន៣សែន) និងយោធិន (១លាន១សែន-ជាង១លាន២សែន)។ ក្រៅពីនេះ រដ្ឋាភិបាលក៏តំឡើងប្រាក់ឧបត្ថម្ភ​ប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា​ពី​៦៧ម៉ឺនរៀលទៅដល់​៧១​ម៉ឺនរៀលផងដែរ។

តាមច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រងឆ្នាំ​២០២៣ ថវិកា៥០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាព​ សម្រាប់មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទនិងនិវត្តជន។ បន្តគម្រោងថវិកា៦ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខ​សង្គមផ្នែកហានិភ័យ​ការងារសម្រាប់មន្ត្រីសាធារណៈ​ នៅក្នុងកញ្ចប់​ថវិការបស់ក្រសួងសុខាភិបាល។ រីឯប្រាក់សោធននិវត្តន៍វិញ រដ្ឋ​ក៏គ្រោង​ថវិកាចំនួន​១៨១​ប៊ីលានរៀល​​ សម្រាប់ដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែ​ដល់និវត្តជន​ដែលជាអតីតមន្ត្រីរាជការស៊ីវិល​និងកម្លាំងប្រដាប់អាវុធដែរ ដែល​អាចត្រូវដំឡើងពី ៦៩ម៉ឺនរៀលទៅដល់​​៧៧ម៉ឺនរៀល។  ​

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាក្នុង​ឆ្នាំ​២០២១និងឆ្នាំ​២០២២ បានធ្វើវិចារណកម្មចំណាយ​ដើម្បីបង្វែរ​ធនធានថវិកាទៅប្រើប្រាស់ ​ដើម្បីដោះស្រាយវិបត្តិ​ជំងឺកូវីដ១៩ ពិសេសទៅក្នុងវិស័យសុខាភិបាល។ ក្រសួង​សុខាភិបាលនេះ នៅតែជាទិសដៅ​អាទិភាពទី២ សម្រាប់​ការចំណាយថវិការបស់រដ្ឋ ក្នុងចំណោមក្រសួងស្ថាប័នរដ្ឋទាំង​៣៥ ខណៈ​ក្រសួងអប់រំស្ថិតក្នុងអាទិភាព​ទី១ និងអាទិភាព​ទី៣គឺក្រសួងការពារជាតិ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ