អានតួអត្ថបទ
កម្ពុជា-សង្គម

ស្ថាប័ន​រដ្ឋពីរ​ ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ផ្តល់​កម្ចីឥណទាន​ខុសច្បាប់

ធនាគារជាតិ​នៃកម្ពុជា​ និង​អគ្គស្នងការ​នគរបាលជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះអ្នក​ផ្តល់​កម្ចី​ឥណទាន​ណាគ្មាន​ច្បាប់​អនុញ្ញាត​ពីធនាគារ​ជាតិ​ និង​បាន​ផ្តល់កម្ចី​ខុសច្បាប់​ដល់​អតិថិជន​ក្រោម​រូបភាព​ផ្សេងៗគ្នា។​ ការ​ផ្តល់​សេវា​ឥណទាន​យ៉ាង​អនាធិបតេយ្យ​បែបនេះ ​ត្រូវ​បាន​ធនាគារជាតិ​ចាត់ទុក​ថា ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ទៅក្នុង​វិបត្តិបំណុល​ តាមរយៈការ​យក​អត្រាការ​ប្រាក់​ហួស​ហេតុ​ពីសំណាក់​ម្ចាស់កម្ចី។​

ការផ្តល់កម្ចីឥណទាន (រូបតំណាង)
ការផ្តល់កម្ចីឥណទាន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពផ្សព្វផ្សាយ និងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាកម្ចីឥណទានតាមរយៈទូរស័ព្ទ បណ្តាញសង្គម និងតាមអនឡាញយ៉ាងណាអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជា កំពុងតែធ្វើប្រតិបត្តិការយ៉ាងច្រើនក្នុងប្រទេសកម្ពុជា។

ការផ្តល់កម្ចីឥណទានខុសច្បាប់ទាំងអស់នេះ បើតាមធនាគារជាតិ វាបានផ្តល់ផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចជាតិ។ ផលអវិជ្ជមានត្រង់ហេតុថា អ្នកផ្តល់សេវាឥណទានយកអត្រាការប្រាក់ខ្ពស់ពីអ្នកទទួលកម្ចី ត្បិតពេលខ្លះអ្នកទទួលកម្ចីក៏រងការគំរាមកំហែងបំភិតបំភ័យ និងខ្លះបានអនុវត្តកិច្ចសន្យាមិនសុចរិតតាមរយៈការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដោយរាល់ទង្វើទាំងអស់នេះ ធនាគារជាតិយល់ថា ចង់មិនចង់វាផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងទាញពលរដ្ឋឱ្យធ្លាក់ទៅក្នុងវិបត្តិបំណុលដ៏ច្រើនលើសលប់។

ទាក់ទិននឹងរឿងនេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុមើលឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងរងគ្រោះដោយសារតែសេវាកម្ចីឥណទានពីអ្នកផ្តល់ឥណទានខុសច្បាប់ទាំងអស់នោះ។ លោកថា មិនត្រឹមតែធ្វើឱ្យពលរដ្ឋធ្លាក់ទៅក្នុងវិបត្តិបំណុលនោះទេ ប៉ុន្តែពលរដ្ឋក៏រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីម្ចាស់កម្ចីថែមទៀត។

បើតាម លោក កាំង តុងងី ប្រសិនបើមិនមានការទប់ស្កាត់នោះទេ ពលរដ្ឋនឹងបន្តរងគ្រោះកាន់តែធ្ងន់ ហើយមួយផ្នែកទៀត វានឹងប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

តែយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានស្នើឱ្យពលរដ្ឋត្រូវប្រើប្រាស់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិ រួមមាន៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ​ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ។ រាល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុដែលរៀបរាប់ បើតាមធនាគារជាតិ គឺស្ថិតក្រោមច្បាប់ និងមានការត្រួតពិនិត្យរបស់ធនាគារជាតិ ហើយអតិថិជនត្រូវបានការពារដោយច្បាប់។

ក៏ប៉ុន្តែ កាលពីថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៍កម្ពុជាបានចេញរបាយការណ៍មួយស្តីពីវិបត្តិបំណុលច្រើនលើសលប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ក្នុងរបាយការណ៍នោះ អង្គការទាំងពីរកឃើញថា កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារស្របច្បាប់បានបង្កឱ្យមានការរំលោភសិទ្ធិមនុស្ស តាមរយៈការរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុល នៅពេលដែលពួកគេមិនអាចបំពេញកាតព្វកិច្ច  ចំពោះពេលដែលកូនបំណុលទាំងនោះកំពុងធ្លាក់ទៅក្នុងវិបត្តិបំណុលវ័ណ្ឌករួចទៅហើយ។ របាយការណ៍ដដែលបន្តថា ពលរដ្ឋជា​កូន​បំណុល​​ក្នុង​មួយ​ឆ្នាំ​បាន​បាត់បង់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជាង​​៣​សែន​ប្លង់​ ហើយ​​បញ្ហា​នេះ​បាន​បង្ក​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​ក្នុង​សង្គម​កម្ពុជានារយៈពេល៥ឆ្នាំចុងក្រោយនេះ។ 

អង្គការលីកាដូ រកឃើញទៀតថា កាលពី​ឆ្នាំ២០២០​ កម្ចី​ឥណទាន​ខ្នាតតូច​គិតជា​មធ្យម​នៅកម្ពុជា​គឺមាន​ចំនួន​គឺជាង៤ពាន់ដុល្លារ(៤.២៨០) ​ ដែលជា​ទំហំ​ធំជាង​គេ​នៅលើ​ពិភពលោក។​ ប្រជា​ពលរដ្ឋ​ចំនួន ៩៥%​ មានប្រាក់​ចំណូល​ប្រចាំ​​ឆ្នាំ​តិចជាង​ចំនួន​កម្ចី​នេះ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ