អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ឃុំចំនួន១០ ក្នុងស្រុកមួយនៃខេត្តកំពង់ចាមត្រូវបានជ្រើសរើសជាឃុំកសិកម្មគំរូ

គម្រោង​ឃុំ​កសិកម្ម​គំរូ​ បាន​ជ្រើសរើស​យក​ឃុំ​ចំនួន​១០​ នៅ​ក្នុង​ស្រុក​ជើងព្រៃ​នៃ​ខេត្ត​កំពង់ចាម​ មុន​នឹង​ឈាន​ទៅ​រក​ការ​អនុវត្ត​ជា​ទូទៅ​ក្នុង​ប្រទេស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ​យ៉ង សាំងកុមារ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ទី០៥​ ខែកុម្ភៈ​ ខណៈ​ពេល​ដែល​គោល​នយោបាយ​អាទិភាព​របស់​បក្ស​ប្រជាជនកម្ពុជា​ សម្រាប់​អាណត្តិ​ទី៧​ គឺ​ «វិស័យ​កសិកម្ម»។​

ការប្រមូលផលស្រូវ(រូបតំណាង)
ការប្រមូលផលស្រូវ(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត ​យ៉ង សាំងកុមារ ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី០៥ ខែកុម្ភៈថា ឃុំកសិកម្មគំរូ គឺជាឃុំដែលមានមន្ត្រីកសិកម្ម ឬអ្នកជំនាញកសិកម្មម្នាក់ ទៅធ្វើការនៅក្នុងឃុំនោះជាប្រចាំ ដោយសារតែកន្លងមកមិនមានមន្ត្រីកសិកម្មទៅធ្វើការដល់ឃុំទេ ឬក៏មានដែរ ប៉ុន្តែតាមរយៈគម្រោងនានាក្នុងរយៈពេលខ្លី។

លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់គណបក្សប្រជាជន សម្រាប់អាណត្តិទី៧ គឺនឹងមានការរៀបចំឲ្យបានគ្រប់ឃុំក្នុងប្រទេសកម្ពុជា ប៉ុន្តែអាស្រ័យលើបទពិសោធន៍ ១០ឃុំដំបូង ដែលកំពុងចាប់ផ្តើមអនុវត្តនាពេលនេះ។

តាមគម្រោង ការប្រកាសសុពលភាពនៃឃុំទាំង១០ សម្រាប់អនុវត្តឃុំកសិកម្មគំរូនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ស្រុកជើងព្រៃខេត្តកំពង់ចាម ដែលមានឃុំសរុបចំនួន១០។ នេះបើតាមរដ្ឋលេខាធិការក្រសួងកសិកម្ម ដោយបានបញ្ជាក់បន្ថែមថា មូលហេតុនៃការសម្រេចជ្រើសរើសស្រុកជើងព្រៃ គឺជាការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា​។

ការរៀចំបង្កើតឃុំកសិកម្មគំរូនាពេលនេះ គឺបន្ទាប់ពីវិស័យកសិកម្មកម្ពុជា តែងតែជួបបញ្ហាប្រឈមនានា ជាពិសេសបញ្ហាទីផ្សារកសិផល ឬ​បញ្ហា​ស្រូវធ្លាក់​ថ្លៃ​របស់​ប្រជាកសិករ​ ដែលតែងតែកើតឡើងស្ទើររាល់ឆ្នាំ។ ការបង្កើតគម្រោងនេះ ក៏ធ្វើឡើងនៅក្រោមអាណត្តិរបស់រដ្ឋមន្ត្រីកសិកម្មថ្មី គឺលោក ឌិត ទីណា ដែលចូលមកជំនួស លោក វេង​ សាខុន។ 

លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថាគម្រោងអនុវត្តឃុំកសិកម្មគំរូនេះ នឹងធ្វើឡើងជាជំហានៗ ដោយចាប់ផ្តើមពីការសិក្សាស្ថានភាពកសិកម្មនៅតាមឃុំនីមួយៗ ដើម្បីស្វែងយល់ពី​សក្តានុពលកសិកម្ម និងការប្រឈមក្នុងឃុំទាំងនោះ។ បន្ទាប់មកគឺជាស្វែងរកកសិករ ដែលស្ម័គ្រចូលរួម​ក្នុងគម្រោងនេះ ដើម្បីទទួលការគាំទ្រលើការផលិតភ្ជាប់នឹងទីផ្សារ ហើយជំហានបន្ត គឺពង្រីកបន្ថែមចំនួនកសិករតាមគោលការណ៍ស្ម័គ្រចិត្ត។ លោកបន្តថា អ្នកដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការចងក្រងជាក្រុម ហើយនឹងមានការផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលដំបូងគឺចាប់ផ្តើមពីស្រូវមុនគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ