អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជា និងសមាជិកអាស៊ាន បន្តយកវិបត្តិភូមា ដាក់លើតុជជែក

បណ្តា​សមាជិក​អាស៊ាន​ ដោយ​រួម​ទាំង​កម្ពុជា ​បន្ត​យកបញ្ហា​នយោបាយ​ភូមា ​មក​ដាក់​លើ​តុ​ជជែក​ជា​ថ្មី​ នា​គ្រា​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆ័ន​ប្រាំ​ចំណុច​ នៅ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​ពេញលេញ​ ពី​សំណាក់​របប​សឹក។​ ការ​ជជែក​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​ជា​ប្រធាន​អាស៊ាន​បន្ទាប់​ពី​កម្ពុជា​ចប់​អាណត្តិ។​

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី © ក្រសួងការបរទេសកម្ពុជា
ផ្សាយពាណិជ្ជកម្ម

បញ្ហាភូមា នៅតែជាវិបត្តិដ៏ស្មុគស្មាញរបស់គ្រួសារអាស៊ាន ដែលរដ្ឋសមាជិកទាំង១០ត្រូវតែទទួលស្គាល់ថា ដំណោះស្រាយនយោបាយ ត្រូវការពេលវេលាបន្តទៀត។ នេះគឺជាការឯកភាពរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំចង្អៀតនាប្រទេសឥណ្ឌូនេស៊ី ចំនួន២ថ្ងៃ បន្ទាប់ពីបានតាមដាននិងវាយតម្លៃនៅស្ថានភាពភូមាកំពុងតែវិវត្ត។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៤កុម្ភៈ គឺរដ្ឋមន្ត្រីការបរទេសទាំងអស់ បន្តលើកឡើងថា ការបញ្ឈប់អំពើហិង្សា និងការសន្ទនាប្រកបដោយបរិយាប័ន្ន គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ ហើយការកសាងទំនុកចិត្តរវាងភាគីទាំងអស់របស់ភូមា នៅតែជាកត្តាចាំបាច់។ បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសអាស៊ាន យល់ថា ការចូលរួមរបស់ភាគីទាំងអស់ត្រូវតែជំរុញបន្ថែមទៀត ដើម្បីឲ្យកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំងប្រាំចំណុច​ ដែលមានការយល់ព្រមពីរបបសឹក អនុវត្តបានពេញលេញ។

បើទោះជាវិបត្តិភូមា ជាបញ្ហាផ្ទៃក្នុងដ៏ស្មុគស្មាញនៃគ្រួសារអាស៊ានយ៉ាងណាក្តី ក៏រដ្ឋមន្ត្រីការបរទេសទាំងអស់បានអះអាងថា «មជ្ឈភាពនិងឯកភាពអាស៊ាន» នៅតែជាការប្តេជ្ញាចិត្តពីសំណាក់បណ្តាសមាជិកទាំងអស់ ដើម្បីរកដំណោះស្រាយវិបត្តិនយោបាយភូមា។

ចំពោះមុខនៃដំណោះស្រាយជួយភូមា ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាន បន្ទាប់ពីកម្ពុជា បានសម្រេចតែងតាំងលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេស ជាប្រេសិតពិសេសរបស់ប្រធានស៊ានស្តីពីភូមា។ នេះជាតួនាទីប្រសិតពិសេសរបស់ប្រធានអាស៊ានទី២ បន្ទាប់ពីលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ជាប្រេសិតពិសេសអាស៊ានស្តីពីភូមា ដំបូងគេបង្អស់ កាលពីឆ្នាំ២០២២។​

គួរបញ្ជាក់ថា ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ គឺលោក ប្រាក់ សុខុន ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅភូមា ចំនួន២លើក ដើម្បីស្វែងយល់ និងរកបង្អួចនៃច្រកចេញឲ្យភូមា ដែលជាប់គាំងក្រោយរបបសឹកធ្វើរដ្ឋប្រហា កាលពីឆ្នាំ២០២១។ ក៏ប៉ុន្តែស្ថានភាពនយោបាយនៅភូមា នៅតែអាក្រក់ ខណៈដែលជម្លោះ និងវាយប្រហារនៅតែបន្ត បើទោះលោក ប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាន និងរដ្ឋអាស៊ានទាំងអស់ ធ្លាប់ទទូចយ៉ាងណាក្តី។ សម្រាប់លោក ប្រាក់ សុខុន ពេលនោះ គឺលោកបានអះអាងថា លោកបានចំណាយទាំងកម្លាំង និងសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីជួយភូមា។ តែនៅទន្ទឹមនេះ លោកក៏បញ្ជាក់ថា​ លោកមិនមែនជាវីរៈបុរសនោះដែរ។

ការណ៍នេះ នៅក្នុងតួនាទីរបស់ឥណ្ឌូនេស៊ី គឺលោកស្រី រ៉េតណូ ម៉ារស៊ូឌី នឹងត្រូវបន្តបេសកកម្មរកដំណោះស្រាយឲ្យភូមា ហើយនេះគឺជាក្តីសង្ឃឹមនៃបណ្តាអ្នកតាមដាននយោបាយអាស៊ាន ថា បញ្ហាភូមានឹងអាចវិជ្ជមានច្រើន ក្នុងដៃរបស់ឥណ្ឌូនេស៊ីជាប្រធានឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ