អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម​ចាត់​ទុក​ថា​ កម្ពុជា​នៅរក្សា​កំណើន​នាំ​ចេញ​ខ្ពស់​ ទោះបាត់​EBA ២០%​ពីអឺរ៉ុប​ និង​GSP​ ពី​អាមេរិក​ជាង២ឆ្នាំ

ក្រសួង​ពាណិជ្ជកម្ម​អះអាងថា​ កម្ពុជា​មិន​ខាត​បង់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ពីការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA២០%​ពីសហគមន៍​អឺរ៉ុប​ និង​ GSP ​របស់​សហរដ្ឋអាមេរិក​ឡើយ ​ខណៈ​ទំហំនាំ​ចេញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ទាំងពីរ​នេះ ​បន្ត​មាន​អតិរេក​ពាណិជ្ជកម្ម​ខ្ពស់​ដដែល។ ​សម្រាប់​ក្រសួង​ពាណិជ្ជកម្ម​ ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ទាំង​EBA​ និង​GSP​ គឺកម្ពុជា​មិន​អាច​ជៀសផុត​បាន​ឡើយ​នា​ពេល​អនាគត​ ដោយ​ហេតុ​ថា​កម្ពុជា​កំពុង​រលាស់​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូលទាប​ ទៅកាន់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅឆ្នាំ២០៣០។​

ទង់ជាតិកម្ពុជា-អឺរ៉ុប (រូបតំណាង)
ទង់ជាតិកម្ពុជា-អឺរ៉ុប (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា កម្ពុជានាថ្ងៃអនាគតមានទិសដៅចង់ជំរុញការធ្វើពាណិជ្ជកម្មឱ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗនៅលើពិភពលោក ជាពិសេសជាមួយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប​ ដោយមិនស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះព័ន្ធណាមួយឡើយ។

លោក ប៉ែន សុវិជាតិបន្តថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញសព្វមុខលើកលែងតែអាវុធ ២០%  ឬហៅថា EBA និងប្រព័ន្ធអនុគ្រោះGSP​ លោកសង្កេតឃើញក្នុងរយៈពេលជាង២ឆ្នាំមកនេះ កម្ពុជាមិនខាតបង់ផលប្រយោជន៍អ្វីឡើយ។​ ផ្ទុយទៅវិញ ទំហំពាណិជ្ជកម្មនឹងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារទាំងពីរ គឺបន្តមានទំនោរកើនឡើងជាលំដាប់ ពោលគឺការនំាចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ ទទួលបានចំណូលជិត៩ពាន់លានដុល្លារ កើន១៩%  បើធៀបនឹងឆ្នាំ២០២១ កើនលើសប្រមាណជា២ពាន់លានដុល្លារ ដោយមានត្រឹម៧ពាន់លានដុល្លារប៉ុណ្ណោះ។

ចំណែក​បរិមាណនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល កម្ពុជាបានសម្រេចការនាំចេញទៅកាន់សហភាពអឺរ៉ុបកើន១ភាគរយ ឬជាង៣ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ខណៈទំហំពាណិជ្ជកម្មរវាងគ្នាកើន១១ភាគរយ។ ប៉ុន្តែសម្រាប់របាយការណ៍ពាណិជ្ជកម្មឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មនៅមិនទាន់បានបញ្ជាក់នៅឡើយ។

យ៉ាងណាក្តី ចំពោះការអះអាងថា ការដកប្រព័ន្ធអនុគ្រោះEBAមួយផ្នែក និងGSP​ទាំងស្រុងមិនបានទាញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាធ្លាក់ចុះនោះទេ ត្រូវបានលោក ប៉ែន សុវិជាតិលើកអំណះអំណាងថា គឺដោយសារកម្ពុជានាំចេញតែផលិតផលណាដែលមានតម្រូវការ និងការប្រើប្រាស់ចាំបាច់ជាប្រចាំថ្ងៃប៉ុណ្ណោះទៅកាន់ទីផ្សារទាំងពីរនេះ។ ត្បិតអ្នកដែលត្រូវខាតបង់នោះគឺ ជាប្រជាជននៅតាមប្រទេសទាំងនោះទៅវិញ ពីព្រោះថា ពួកគេត្រូវបន្ថែមការចំណាយថ្លៃមកលើមុខទំនិញដែលនាំចូលមកពីកម្ពុជា ក្រោយការយកពន្ធរួច។ ​

សូមរំឭកថា សហភាពបានសម្រេចដកប្រព័ន្ធអនុគ្រោះEBAចំនួន២០ភាគរយចេញពីកម្ពុជាកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ចំណែក ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធដដែល។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។ តែយ៉ាងណា EBAនៅសល់នឹងអាចដកទាំងស្រុងផង ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជានាខែកក្តដាខាងមុខមិនធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ 

ចំណែកប្រព័ន្ធអនុគ្រោះពន្ធGSPវិញ សហរដ្ឋអាមេរិកបានដកហូតចេញពីកម្ពុជាកាលពីអំឡុងឆ្នាំ២០២០ដូចគ្នា ហើយមកទល់ពេលនេះ​ មិនទាន់មានសញ្ញាណាមួយថា កម្ពុជានឹងទទួលបានមកវិញនោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ