អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​នៅចិន​ចំនួន៥​ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ និង​ទាក់ទាញ​ការ​វិនិយោគ

ក្រសួង​ពាណិជ្ជកម្ម​ គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន​៥នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ដាក់​តាំង​បង្ហាញ​ និង​លក់​ផលិតផលខ្មែរ​ ជាពិសេស​ផ្តល់​ឱកាស​ទីផ្សារ​សម្រាប់​អ្នក​រក​ស៊ីនានា។ ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​ គម្រោង​នេះនឹង​ជួយលើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​នៅឯ​ក្រៅ​ប្រទេស​បន្ថែម​ទៀត ​ជាពិសេស​ទីផ្សារ​ប្រទេស​ចិន​តែម្តង​ ខណៈ​ផលិត​ផល​ភាគច្រើន ​ដែល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ​គឺ​ផលិត​ផល​កសិកម្ម។​

ទង់ជាតិកម្ពុជា-ចិន
ទង់ជាតិកម្ពុជា-ចិន © Internet
ផ្សាយពាណិជ្ជកម្ម

គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនចំនួន៥នៅឯប្រទេសចិនដែលក្រសួងពាណិជ្ជកម្មបានឱ្យដឹងនោះគឺមានទីតាំងស្ថិតនៅក្នុងទីក្រុងឆាងឈុន, ហាបីន, ណានជីង, ថាយយាន និងចឹងចូវ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា គម្រោងនេះ នឹងជំរុញការធ្វើពាណិជ្ជកម្ម ការផ្សព្វផ្សាយ ផលិតផល វប្បធម៌ ជាពិសេសវិស័យទេសចរណ៍តែម្តងជាមួយប្រទេសដៃគូ និងបណ្តាប្រទេសផ្សេងទៀត។ ហើយលោកថា ផលិតផលដែលអាចទទួលបានផលប្រយោជន៍ច្រើនពីមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននេះ គឺរួមមាន៖ កសិផលប្រភេទស្រស់ កសិផលកែច្នៃរួច សំបុកត្រចៀកកាំ និងវត្ថុអនុស្សាវរីយ៍ជាដើម។

ចំណែក លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅឯប្រទេសចិននេះ គឺប្រៀបបានទៅនឹងការពង្រើកទីផ្សារនាំចេញផលិតផលរបស់កម្ពុជា ជាពិសេសការផ្សព្វផ្សាយនូវគុណភាពរបស់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈមជ្ឈមណ្ឌលនេះទៀតសោធ លោកឧកញ៉ាមើលឃើញថា វាក៏នឹងក្លាយជាទីតាំងពិភាក្សាអំពីការវិនិយោគនានារវាងប្រទេសទាំងពីរ ឬជាមួយប្រទេសដទៃទៀត។ ក្នុងន័យនេះលោកចង់សំដៅថា កម្ពុជានឹងទទួលបានផលចំណេញដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ និងស្របពេលដែលកម្ពុជាកំពុងស្វែងរកទីផ្សារនាំចេញផលិតផលទំនិញ និងការវិនិយោគពីក្រៅស្រុក។

បើតាមលោកឧកញ៉ា លឹម ហេង ផលិតផលភាគច្រើន ដែលនឹងទទួលបានផលប្រយោជន៍ ពីមជ្ឈមណ្ឌលនេះ គឺផលិតផលកសិកម្មក៏ព្រោះថា បញ្ហាកសិកម្មនេះ កម្ពុជាកំពុងខ្វះតម្រូវការទីផ្សារ។ ម្ល៉ោះហើយការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននេះ នឹងទាក់ទាញឱ្យរាល់អ្នកមានទីផ្សាររកស៊ីនៅក្រៅប្រទេសធ្វើការបញ្ជាទិញ ឬស្រូបទាញអ្នកវិនិយោគមកក្នុងស្រុក ដើម្បីធ្វើការកែឆ្នៃ សម្រាប់នាំចេញ។  

សូមជម្រាបថា នាពេលកន្លងមកកម្ពុជាធ្លាប់បានដាក់ឱ្យដំណើរការរួចមកហើយ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ដែលស្ថិតនៅទីក្រុង Atsugi នៃខេត្ត កាណាហ្កាវ៉ា (Kanagawa) ប្រទេសជប៉ុន។ ជាការផែនការបន្ទាប់ ក្រសួងពាណិជ្ជកម្មនឹងពង្រើកទីផ្សារនាំចេញផលិតផលរបស់កម្ពុជានៅប្រទេសជប៉ុនបន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ