អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ភ្ញៀវទេសចរចិនចាប់ផ្តើមចូលមកកម្ពុជាជាបន្តបន្ទាប់ ខណៈការរំពឹងទុកថាមានប្រមាណ១លាននាក់នៅឆ្នាំ២០២៣នេះ

ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញបានចាប់ផ្តើមទទួលដោយផ្ទាល់អ្នកទេសចរចិនចំនួន ១២៥នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គឺជាការមកដល់របស់ទេសចរចិនជាលើកដំបូងពីទីក្រុងប៉េកាំង បន្ទាប់ពីចិនបើកប្រទេសឡើងវិញពីផែនការ zero-covid និងជាជើងទីពីរបន្ទាប់ពីការមកដល់របស់ទេសចរចិននៃខេត្តយូណាននៅខេត្តព្រះសីហនុកាលពីចុងខែមករា ឆ្នាំ២០២៣នេះ។ 

ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមទទួលដោយផ្ទាល់អ្នកទេសចរចិនចំនួន ១២៥នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមទទួលដោយផ្ទាល់អ្នកទេសចរចិនចំនួន ១២៥នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ © FB/Theara
ផ្សាយពាណិជ្ជកម្ម

ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា អ្នកទេសចរណ៍ចិនទាំងស្រី ទាំងប្រុស ចំនួន១២៥នាក់ ត្រូវបានស្វាគមន៍ដោយបាច់ផ្កា និងបំពាក់ដោយក្រម៉ាខ្មែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់។ បដិសណ្ឋារកិច្ចដ៏កក់ក្តៅប្រកបដោយតម្លៃខ្ពស់នេះ ត្រូវគេរំពឹងថាជាផ្នែកមួយដែលអាចស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈទេសចរអន្តរជាតិជនជាតិចិន បន្ទាប់ពីកម្ពុជារងនូវវិបត្តិកូវីដ-១៩ និងការដករបាំងសូន្យកូវីដនៃប្រទេសចិន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងថាភ្ញៀវទេសចរចិន ដែលមកដល់កម្ពុជាពេលនេះ មួយចំនួនបានមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងខ្លះទៀតបានមកដើរលេងជាមួយមិត្តភក្តិជាធម្មតា។ លោករដ្ឋមន្ត្រីរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរចិនចាប់ពី៨០ម៉ឺន ទៅ១លាននាក់នៅឆ្នាំ២០២៣នេះ។

តាមគម្រោង នៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ ក៏​នឹ​ង​មា​​នជើងហោះលើកដំបូងពីទីក្រុងគួនមីង និងសៀងហៃរបស់ចិនមកខេត្តសៀមរាបដែរ ដោយលោករដ្ឋមន្ត្រីបញ្ជាក់ថា កា​រធ្វើរដំណើររបស់ទេសចរចិនមក​កម្ពុ​ជា​ នឹង​កើ​ន​ឡើ​ង​ជា​លំ​ដា​ប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះទៅ។

សូមរំលឹកថា កាលពីចុងខែមករាកន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាលើកដំបូងនៅខេត្តព្រះសីហនុចំនួនជាង១០០នាក់ ដែលជាការហោះហើរត្រង់ក្រោយចិនបើករបាំងកូវីដសូន្យ និងជាការមកដល់ក្រោយចូលឆ្នាំចិនផងដែរ។

សូមបញ្ជាក់ថាកម្ពុជាទ​ទួល​បានភ្ញៀវ​ទេស​ចរ​អន្ត​រជាតិប្រ​មាណ ​៤០​ម៉ឺ​ន​នា​​ក់ នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះទេសចរចិនមានប្រមាណ ២៥ ០០០នាក់ មានការកើនឡើង៩០០% ​​​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈក្នុងខែមករានោះដែរ ជើងហោះ​ហើរ​ដែ​ល​ចូល​ម​ក​ដល់កម្ពុជាមានចំនួនសរុបជាង ១ ៦០០ជើង។ តាមផែនការស្តារទេសចរណ៍ឡើងវិញ ប្រទេសកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិចំនួន ៤លាននាក់ នៅឆ្នាំ២០២៣នេះ និង៧លាននាក់នៅឆ្នាំ២០២៥ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ