អានតួអត្ថបទ
កម្ពុជា-កីឡា

ថៃសម្រេចមិនចូលរួមប្រកួត«គុនខ្មែរ»អំឡុងពេលស៊ីហ្គេមនៅកម្ពុជា តែមន្ត្រីខ្មែរថាការងារនៅតែដំណើរការ

ទីបំផុតថៃសម្រេចមិនបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតកីឡា«គុនខ្មែរ»ទេ ក្រោយសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បានជជែកគ្នាផ្ទៃក្នុងជាមួយគណៈកម្មាធិការអូឡាំពិកថៃ ដោយថៃលើកហតុផលថា«គុនខ្មែរ»មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងវិញ្ញាសារកីឡាស៊ីហ្គេម។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃជាភាសាអង់គ្លេស បាងកកប៉ុស្តិ៍នៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែមន្ត្រីផ្លូវការកីឡាខ្មែរថា កម្ពុជានៅតែបន្តការងាររបស់ខ្លួន និងបើកចំហរជានិច្ចក្នុងការចូលរួម។ 

ប្រដាល់គុនខ្មែរ (រូបតំណាង)
ប្រដាល់គុនខ្មែរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA)លោក Sakchye Tapsuwan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ប្រទេសថៃមិនអាចចូលរួមប្រកួតលើវិញ្ញាសារប្រដាល់«គុនខ្មែរ»បានទេ ដោយហេតុថាវាផ្ទុយនឹងច្បាប់របស់ពួកគេ ខណៈដែលថៃមិនមានសមាគម«គុនខ្មែរ»។ ទោះយ៉ាងណាលោកថាពួកគេមានការគោរពចំពោះ«គុនខ្មែរ»។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការសម្រេចនេះគឺជាគោលការណ៍ ដែលមានការយល់ព្រមពីគណៈកម្មាធិការជាតិអូឡាំពិកថៃ ព្រមទាំងព្រមានថា ប្រទេសដែលចូលរួមប្រកួតកីឡា«គុនខ្មែរ» អំឡុងពេលស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ «Asian Indoor and Martial Arts Games» នៅប្រទេសថៃនាចុងឆ្នាំនេះឡើយ។

បន្ថែមពីនេះ អគ្គលេខាធិការសហព័ន្ធមួយថៃ(IFMA) លោក Stephan Fox ទំនងជាជនជាតិអូស្ត្រាលី ថ្លែងនៅក្នុងសន្និសីទម្សិលមិញដែរថា«គុនខ្មែរ» មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាវិញ្ញាសារកីឡានៅក្នុងការប្រកួតស៊ីហ្គេម និងមិនមាននៅក្នុងច្បាប់កីឡាអន្តរជាតិ។ តាមការចុះផ្សាយរបស់កាសែតថៃ លោក Fox ក៏បានជូនដំណឹងដល់សមាជិកប្រទេសដែលចូលរួមកីឡាស៊ីហ្គេមឯទៀតដែរថា ពួកគេមិនអាចចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមបានទេ ដែលនេះគឺជាការធ្វើទៅតាមច្បាប់ មិនមែនជាពហិការនោះទេ។

ក៏ប៉ុន្តែលោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ បានច្រានចោលការលើកឡើងរបស់អគ្គលេខាធិការ IFMA ហើយពន្យល់ថាប្រទេសជាម្ចាស់ផ្ទះមានសិទ្ធិដាក់ប្រភេទកីឡាប្រពៃណីរបស់ខ្លួនជាវិញ្ញាសារនៃការប្រកួត។ តាមលោក វ៉ាត់ ចំរើន កម្ពុជានៅតែរក្សាជំហរបន្តការងារទៅមុខ និងបើកចំហជានិច្ចចំពោះប្រទេសដែលចង់ចូលរួម។ សូមរំលឹកថា បញ្ហា«គុនខ្មែរ» និង«Muay Thai»នេះ ប្រទេសទាំងពីរមានភាពចម្រូងចម្រាសនឹងគ្នាជាយូរមកហើយ ដោយមន្ត្រីថៃថា«គុនខ្មែរ» គឺជា«Muay Thai» តែមន្ត្រីខ្មែរថា «Muay Thai»មានប្រភពពីវប្បធម៌របស់ខ្មែរ។

សូមបញ្ជាក់ថាកម្ពុជាបានសម្រេចដាក់ប្រដាល់គុនខ្មែរនេះចំនួន១៩វិញ្ញាសារចូលទៅក្នុងការប្រកួតខាងមុខ ក្នុងនោះមានវិញ្ញាសារគុនគ្រូប្រភេទទំងន់ផ្សេងៗគ្នាផងដែរ។ ការសម្រេចនេះទទួលបានការគាំទ្រពីបណ្តាសមាជិកអាស៊ានចំនួន ៨ រួមមាន ថៃ ឡាវ ម៉ាឡេស៊ី​​ ឥណ្ឌូណេស៊ី ​ហ្វីលីពីន ភូមា​ វៀតណាម រួម​ទាំងកម្ពុជាជាម្ចាស់ផ្ទះ ក៏ប៉ុន្តែថៃបានប្រកាសមិនចូលរួមពេលនេះ មានន័យថាប្រទេសចំនួន៧ទាំងម្ចាស់ផ្ទះបានបន្តចូលរួមប្រកួតលើវិញាសារកីឡា«គុនខ្មែរ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ