អានតួអត្ថបទ
កម្ពុជា-នយោបាយ

របាយការណ៍ស្ទង់មតិ៖ កម្ពុជាអាចមានទំនោរងាកទៅរកអាមេរិកច្រើននៅក្នុងឆ្នាំ២០២៣

របាយការណ៍ស្ទង់មតិមួយ បានបង្ហាញថា បណ្តារដ្ឋសមាជិកអាស៊ានមានទំនោរទៅរកសហរដ្ឋអាមេរិក ច្រើនជាងចិន នៅដើមឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍ស្ទង់មតិរបស់មជ្ឈមណ្ឌលសិក្សាអាស៊ាន នៃវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី។ តាមរបាយការណ៍ដែលបង្ហាញ គឺកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្តារដ្ឋអាស៊ាន ដែលមានទំនោរងាកទៅរកអាមេរិកច្រើនជាងចិន។

ជំនួបរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ជំនួបរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB/SPM
ផ្សាយពាណិជ្ជកម្ម

ដោយធ្វើការស្ទង់មតិនៃបណ្តាប្រជាពលរដ្ឋចំនួន ១៣០៨នាក់ ដែលមកពីបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន របាយការណ៍ស្តីពីរដ្ឋនៃអាស៊ីអាគ្នេយ៍ បានបង្ហាញថា ប្រជាប្រិយភាពរបស់ចិនក្នុងបណ្តាប្រទសអាស៊ាន បានធ្លាក់ចុះនៅក្នុងឆ្នាំ២០២៣។ ពោលគឺ ពីតួលេខ ៤៣%នៅឆ្នាំ២០២២ មក ៣៨.៩%នៅក្នុងឆ្នាំ២០២៣។ ដោយឡែករបាយការណ៍ស្ទង់មតិ បានកត់សម្គាល់ថា បណ្តាប្រទេសអាស៊ានទាំងដប់ ហាក់មានទំនោរងាកទៅអាមេរិកច្រើននៅក្នុងឆ្នាំនេះ។ ដោយរបាយការណ៍បានបង្ហាញថា អាមេរិកមានឥទ្ធិពលលើបណ្តារដ្ឋអាស៊ាន ៦១.១%ក្នុងឆ្នាំ២០២៣ ខណៈដែលក្នុងឆ្នាំ២០២២ គឺ៥៧%។

ក្នុងរបាយការណ៍កម្រាស់៦០ទំព័រ កម្ពុជានិងឡាវ ជាប្រទេសដែលត្រូវបានគេកត់សម្គាល់ខ្លាំង ចំពោះការប្រែប្រួលទំនោរនយោបាយការបរទេសរបស់ខ្លួន។ នៅពេលសួរថា ប្រសិនបើបណ្តាអាស៊ានត្រូវសម្រេចជ្រើសរើសរវាង ចិន និង អាមេរិក តើបណ្តាប្រទេសទាំងអស់នឹងរើសយកមួយណា? សម្រាប់ចម្លើយទៅលើប្រទេសកម្ពុជា គឺមានទំនោរទៅរកសហរដ្ឋអាមេរិក ចំនួន ៧៣.១% ក្នុងឆ្នាំ២០២៣ ខណៈដែលក្នុងឆ្នាំ២០២២ មានត្រឹម ១៨.៥%។ ដោយឡែកទៅលើប្រទេសចិនវិញ គឺតួលេខរបស់កម្ពុជាបានធ្លាក់ចុះពី ៨១.៥%ក្នុងឆ្នាំ២០២២ មកត្រឹម២៦.៩%ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការបង្ហាញរបស់របាយការណ៍។

យ៉ាងណាមិញ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា វាពិបាកក្នុងការសន្និដ្ឋានអំពីទំនោររបស់ប្រជាពលរដ្ឋកម្ពុជា ដ្បិតលោកមិនទាន់បានឃើញរបាយការណ៍ និងមិនធ្លាប់បានធ្វើការស្រាវជ្រាវលើបញ្ហានេះពីមុនមក។

តែយ៉ាងនេះក្តី លោកបណ្ឌិត គិន ភា យល់ថា ទំនោររបស់កម្ពុជាទៅរកចិន ឬ អាមេរិក គឺអាស្រ័យទៅលើកត្តាផ្សេងគ្នា។ បើតាមលោកបណ្ឌិត គឺកត្តាសេដ្ឋកិច្ច ដែលកម្ពុជាមានទំនោរច្រើនទៅរកចិន ដ្បិតសេដ្ឋកិច្ចចិនកំពុងមានឥទ្ធិពលមកលើបណ្តាប្រជាពលរដ្ឋខ្មែរ។ ដោយឡែក បើកត្តាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ នោះប្រជាពលរដ្ឋខ្មែរនឹងមានទំនោរច្រើនទៅរកភាគីអាមេរិក។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត គិន ភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ